អតីតប្រធានផ្នែក Software របស់មន្ទីរបញ្ចកោណ៖ ចិនឈ្នះសង្គ្រាមផ្នែកបញ្ញាសិប្បនិម្មិត (AI) ជាមួយសហរដ្ឋអាមេរិក

ប៉េកាំង៖ ចិនបានឈ្នះការប្រកួតប្រជែងផ្នែកបញ្ញាសិប្បនិមិ្មតជាមួយសហរដ្ឋអាមេរិក ហើយកំពុងឆ្ពោះទៅរកភាពលេចធ្លោទូទាំងពិភពលោក ដោយសារតែភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ខ្លួន។ នេះបើតាមការអះអាងរបស់អតីតប្រធានផ្នែក Software របស់មន្ទីរបញ្ចកោណ ប្រាប់កាសែត the Financial Times។

ចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី ២ នៅលើពិភពលោក ទំនងជាគ្របដណ្តប់លើវិស័យបច្ចេកវិទ្យាលេចធ្លោជាច្រើន ជាពិសេសទៅលើផ្នែកបញ្ញាសិប្បនិម្មិត (AI) ជីវវិទ្យាសំយោគ និងហ្សែនក្នុងរយៈពេលមួយទសវត្សរ៍ទៀត។ នេះបើយោងតាមការវាយតម្លៃរបស់ទីភ្នាក់ងារចារកម្មលោកខាងលិច។ លោក នីកូឡាស់ ឆៃលែន (Nicolas Chaillan) ជាប្រធានផ្នែក សូហ្វវ៊ែរ (Software) ដំបូងរបស់មន្ទីរបញ្ចកោណដែលបានលាលែងពីតំណែង ក្នុងការតវ៉ាប្រឆាំងនឹងការផ្លាស់ប្តូរបច្ចេកវិទ្យា ដែលមានភាពយឺតយ៉ាវនៅក្នុងជួរយោធាអាមេរិក បាននិយាយថា ការបរាជ័យក្នុងការឆ្លើយតបកំពុងធ្វើឱ្យសហរដ្ឋអាមេរិកប្រឈមនឹងហានិភ័យ។ លោកបានប្រាប់កាសែតនេះថា ប្រទេសចិនត្រូវបានកំណត់ដើម្បីគ្របដណ្តប់លើពិភពលោកនាពេលអនាគត ដោយគ្រប់គ្រងអ្វីៗទាំងអស់ពីការនិទានកថារបស់ប្រព័ន្ធផ្សព្វផ្សាយរហូតដល់ភូមិសាស្ត្រនយោបាយ។ ជាមួយគ្នានេះ លោក ឆៃលែន បានស្តីបន្ទោសការច្នៃប្រឌិតដែលមានភាពយឺតយ៉ាវ និងការស្ទាក់ស្ទើររបស់ក្រុមហ៊ុនអាមេរិកធំៗដូចជា Google (GOOGL.O) ជាដើម ដើម្បីធ្វើការជាមួយរដ្ឋាភិបាលទៅលើផ្នែកបញ្ញាសប្បនិម្មិត (AI) និងការពិភាក្សាអំពីសីលធម៌ដ៏ទូលំទូលាយលើវិស័យបច្ចេកវិទ្យា។ ជុំវិញនេះដែរ ក្រុមហ៊ុន Google នៅមិនទាន់អាចសុំធ្វើការអត្ថាធិប្បាយភ្លាមៗនៅឡើយទេ។

ពាក់ព័ន្ធនឹងក្រុមហ៊ុនចិនវិញ លោក ឆៃលែន បាននិយាយថា មានកាតព្វកិច្ចធ្វើការជាមួយរដ្ឋាភិបាលរបស់ពួកគេ ហើយកំពុងធ្វើការវិនិយោគដ៏ធំនៅក្នុងវិស័យបច្ចេកវិទ្យា AI ដោយមិនគិតពីក្រមសីលធម៌។ លោកបន្ថែមថា ការការពារតាមប្រព័ន្ធអ៊ីនធើណិតរបស់អាមេរិកនៅក្នុងនាយកដ្ឋានរបស់រដ្ឋាភិបាលមួយចំនួន គឺនៅត្រឹមកម្រិតមត្តេយ្យប៉ុណ្ណោះ។ លោក ឆៃលែន ដែលបានប្រកាសលាលែងពីតំណែងនៅដើមខែកញ្ញាមកនេះបញ្ជាក់ទៀតថា មន្រ្តីយោធាត្រូវបានគេដាក់បន្ទុកម្តងហើយម្តងទៀត ចំពោះគំនិតផ្តួចផ្តើមតាមអ៊ីនធើណិតដែលពួកគេខ្វះបទពិសោធន៍។ ដោយឡែកអ្នកនាំពាក្យរបស់នាយកដ្ឋានទ័ពអាកាសអាមេរិកក៏បានបញ្ជាក់ដែរថា រដ្ឋមន្រ្តីកងទ័ពអាកាសអាមេរិកលោក ហ្វ្រែង ខេនឌល (Frank Kendall) បានពិភាក្សាជាមួយលោក ឆៃលែន អំពីអនុសាសន៍របស់លោក សម្រាប់ការអភិវឌ្ឍន៍ Software នាពេលអនាគតរបស់នាយកដ្ឋាន បន្ទាប់ពីការលាលែងពីតំណែងរបស់លោក ហើយអរគុណលោកចំពោះការរួមចំណែករបស់លោក៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner