ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារទាំងឡាយ ប៉ុន្តែសូមមានការប្រុងប្រយ័ត្នបន្ថែម។ សកម្មភាព ឬយោបល់របស់អ្នកអាចនឹងធ្វើឲ្យខុសចិត្តមិត្តរួមការងារ ថ្នាក់លើ​ ក៏ដូចជាដៃគូជំនួញ ដូច្នេះគួរធ្វើយ៉ាងណាកុំឲ្យមានវិបតិ្ត ឬភាពខកចិត្តចំពោះរឿងនេះ។ សូមលោកអ្នកចាប់ផ្តើមការងារច្នៃប្រឌិត ហើយបោះបង់ចោលការសង្ស័យ និងកង្វល់ ពីព្រោះលោកអ្នកកំពុងស្ថិតនៅលើគន្លងផ្លូវដែលត្រឹមត្រូវហើយ។ ប្រការសំខាន់ទៀតនោះ សូមប្រឹងប្រែងស្វែងយល់ពីពត៌មានលំអិតទាំងអស់ នោះអ្នកនឹងអាចយកឈ្នះលើករណីទាំងឡាយ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកុំសំងំយូរពេកនៅកន្លែងការងារ។ វានឹងប្រសើរបំផុត ប្រសិនបើអ្នកបំពេញនូវអ្វីដែលបានគ្រោងទុក។ ហោរាសូមឲ្យអ្នកជៀសឲ្យបានពីការរិះគន់ខ្លួនឯង។ ប្រសិនបើអ្នកអាចធ្វើបាន​ នោះអ្នកអាចនឹងដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ក្នុងនោះដែរ អ្នកគួរសិក្សាស្វែងយល់ពីចំណេះជំនាញផ្សេងៗ ពិសេសគួរដកស្រង់យកបទពិសោធន៍ពីមនុស្សនៅក្បែរខ្លួន ដោយសារលោកអ្នកត្រូវការដើមទុនដើម្បីសម្របទៅនឹងកិច្ចការងារជាច្រើន។ ក្រៅពីនេះ ពេលវេលានេះមានអំណោយផលសម្រាប់ដោះស្រាយរឿងចាស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកមានបញ្ហាមួយចំនួន ដែលពិបាកឲ្យអ្នកខិតទៅជិតភាពជោគជ័យធំដុំយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ រាល់បំណងប្រាថ្នាថានឹងឲ្យសម្រេចការងារច្រើនក្នុងពេលតែមួយ គឺជាជម្រើសមិនត្រឹមត្រូវនោះទេ ហើយក៏មិនអាចទៅរួចបានដែរក្នុងថ្ងៃនេះ។ ជាការពិត ជាគ្រប់គ្រាន់ហើយ ប្រសិនបើអ្នកគ្រាន់តែលះបង់ពេលវេលាចំពោះការងារដែលសំខាន់បំផុត និងប្រធានបទដែលចាំបាច់។ ក្រៅពីនេះ សូមព្យាយាមមើលពីអ្វីដែលថ្មី នោះអ្នកនឹងទទួលបានច្រកចេញថ្មីផងដែរ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះការធ្វើដំណើរបេសកកម្មផ្លូវឆ្ងាយដែលមិនបានគ្រោងទុកអាចនឹងកើតឡើង។ លោកអ្នកទទួលបានអំណោយផលក្នុងការពិភាក្សា ចរចា ប៉ុន្តែសូមជៀសវាងសេចក្តីថ្លែងការណ៍ដែលទាក់ទងនឹងការរិះគន់។ ក្រៅពីនេះលោកអ្នកមានគំនិតវិជ្ជមានជានិច្ច ប៉ុន្តែក៏ទាមទារឲ្យលោកអ្នកមានការអត់ធ្មត់យ៉ាងពិសេសផងដែរ។ ក្នុងនោះ ចូរព្យាយាមរស់នៅដោយភាពសុទិដ្ឋិនិយម និងក្តីអនុគ្រោះជាមួយកំហុសនានារបស់មនុស្សនៅក្បែរខ្លួន។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីពនានារបស់លោកអ្នកក្នុងថ្ងៃនេះ ចម្រើនលូតលាស់លើសពីក្តីរំពឹង។ លោកអ្នកមានមនុស្សផ្ទុយភេទនាំលាភសំណាងមកឲ្យ ដូច្នេះសូមសំលឹងមើលស្ថានភាពនៅជុំវិញខ្លួន ហើយមានភាពឈ្លាសវៃក្នុងការសម្រេចិត្ត។ ផ្ទុយទៅវិញ ហាមដាច់ខាតការពឹងពាក់អ្នកដទៃក្នុងការសម្រេចចិត្តលើកិច្ចការងាររបស់ខ្លួនឯង។ អ្នកអាចសុំការពិភាក្សាបាន ប៉ុន្តែមិនអាចពឹងពាក់គេទាំងស្រុងនោះទេ ប្រយ័ត្នបង្ករជាការខកចិត្តដោយគិតស្មានមិនដល់។ ដោយឡែក​ សូមប្រយ័ត្នរោគសន្លាក់ ឬការឈឺឆ្អឹងឆ្អែងជាដើម។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់បន្តិចបន្តួចក្នុងអាជីវកម្ម ​ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ កិច្ចការងាររបស់អ្នកហាក់មានភាពស្មុគ្រស្មាញ ហើយក៏មានមនុស្សមួយចំនួនមិនគាំទ្រនឹងការខំពុះពាររបស់អ្នកទេ។ ទោះបីជាយ៉ាងនេះក្តី សូមកុំបន្តខ្លួនឯងឲ្យស្ថិតក្រោមការសម្រេចចិត្តរបស់អ្នកដទៃ ព្យាយាមដើរចេញពីបញ្ហា ហើយខំប្រឹងធ្វើការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ក្នុងនោះ សូមកុំមានក្តីបារម្ភពេក ស្ថានភាពអវិជ្ជមាននឹងអាចរំសាយទៅបានយ៉ាងឆាប់រហ័ស ហើយនាំត្រលប់មកវិញនូវភាពចម្រើនលូតលាស់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកល្អជាមធ្យម។ កិច្ចការងារទាំងឡាយកំពុងដំណើរការទៅរកភាពចម្រើនលូតលាស់យ៉ាងធំដុំ។ ក្នុងពេលនេះប្រសិនបើអ្នកសម្រេចចិត្តចាកចេញទៅប្រឈមនឹងស្ថានភាពខាងក្រៅ អ្នកអាចនឹងទទួលបានឳកាសច្រើនជាងការសំងំនៅក្នុងស្ថានភាពដដែលៗរបស់អ្នក។ លើសពីនេះ សំដីលោកទទួលបានការគាំទ្រណាស់ ដូច្នេះការដឹកនាំក្រុម ឬការចាប់ផ្តើមការងារថ្មីគង់នឹងបានសម្រេចផលយ៉ាងងាយស្រួល។ ក្រៅពីនេះ ថ្ងៃនេះទាមទារឲ្យលោកអ្នកយកចិត្តទុកដាក់នឹងមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សវ័យចំណាស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។​ លោកអ្នកត្រូវចាប់យកឳកាសនានាដែលមានក្នុងថ្ងៃនេះ ហើយធ្វើយ៉ាងណាកុំបណ្តោយទុកឲ្យវារបូតបាត់បង់ទៅដោយការធ្វេសប្រហែស។ លោកអ្នកអាចធ្វើការសម្រេចចិត្ត ធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារថ្មីបានដោយគ្មានផលជំទាស់ទេ។ ក្នុងនោះលោកអ្នកមានលទ្ធភាពពេញលេញក្នុងការអនុវត្តការងារតែឯង ប៉ុន្តែប្រសិនបើអ្នកធ្វើកិច្ចការងារជាក្រុម នោះផលរំខាននឹងមានតិច ហើយទិន្នផលកាន់តែប្រសើរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកបំពេញការងារដែលអ្នកប៉ងប្រាថ្នាទាំងឡាយ។ ចំពោះលោកអ្នកដែលប្រកបអាជីវកម្ម ទិសភោគទ្រព្យក្នុងថ្ងៃនេះ គឺទិសនិរតី។ ក្រៅពីនេះ អ្នកអាចទទួលបានដំណឹងល្អក្នុងរង្វង់ការងារ ឬការតម្លើងកំរៃការងារដែលគួរជាទីមោទនក្រៃលែង។ ចំពោះស្ថានភាពអវិជ្ជមានដ៏សំខាន់បំផុតក្នុងពេលនេះ គឺភាពខ្ជិលច្រអូស និងការមើលស្រាលជំហានរបស់ដៃគូជំនួញ ឬមិត្តរួមការងារ ក្នុងការអនុវត្តការងារ។ ដោយឡែក ប្រសិនបើអ្នកនឹងធ្វើពិធីមង្គលនានាគឺល្អប្រសើរណាស់ ក្នុងនោះពេលវេលាណាមួយក៏គង់នឹងកើតលាភយសទាំងអស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកជាអាជីវករនឹងទទួលផលចំណេញយ៉ាងគាប់ប្រសើរ។ ចំណែកលោកអ្នកដែលប្រកបការងាររដ្ឋឯកជន នឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រហើយច្រើន។ ថ្ងៃនេះមិនគួរមានការព្រួយបារម្ភអ្វីទេ ពីព្រោះជាពេលដែលមានអំណោយផលសម្រាប់ការចាកចេញ និងការទទួលបានឳកាសថ្មីៗ។ ក្រៅពីនេះសូមហាមជាដាច់ខាត ការនិយាយដើមចុងពីនេះពីនោះ។ អ្នកគួរចំណាយពេលវេលាតែចំពោះកិច្ចការងារណាដែលនឹងផ្តល់ប្រយោជន៍ចំពោះការងារទើបជាការប្រសើរ។ ក្រៅពីនេះ លោកអ្នកជាអាជីករគួរយកចិត្តទុកដាក់ឡើងវិញពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងបង្ហាញ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះអាជីវកម្ម និងកិច្ចការនានាអាចដំណើរការទៅដោយគ្មានផលរំខាននោះទេ។ លើសពីនេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលជោគជ័យធំប្រសិនបើអ្នកមានភាពក្លាហានច្រើនជាងនេះ។ អាស្រ័យហេតុនេះសូមត្រៀមខ្លួន រៀបចំគម្រោងការ និងព្យាយាមធ្វើការទំនាក់ទំនងបន្ថែម។ ទន្ទឹមនឹងនេះ សូមព្យាយាមបញ្ចប់ការងារទាំងឡាយឲ្យបានរួសរាន់។ ដោយឡែក​ ក្នុងវេលាព្រឹក លោកអ្នកអាចនឹងជួបបញ្ហារឹងស្ទះបន្តិច ហើយការទទួលឥទ្ធិពលពីគំនិតយោបល់ខាងក្រៅ ក៏មានច្រើនផងដែរ ដូច្នេះសូមសម្រេចចិត្តដោយយោងទៅលើពត៌មាន និងបទពិសោធន៍។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកកំពុងប្រទះនឹងបញ្ហារាំងស្ទះ ដូច្នេះផលចំនេញដែលអ្នកកំពុងគ្រោងទុក មានការលំបាកក្នុងការទទួលបាន។ សូមអ្នកអត់ធ្មត់នឹងពាក្យនិន្ទា ការមើលស្រាលរបស់មនុស្សទាំងឡាយ ហើយរក្សាខ្លួនក្នុងស្ថានភាពរស់នៅស្ងប់ស្ងៀម និងកុំភ័យបារម្ភច្រើន។ ក្នុងពេលនេះការពិភាក្សាជាមួយមនុស្សដែលអ្នកទុកចិត្ត គឺជាច្រកចេញដ៏មានប្រសិទ្ធភាពបំផុត។ ជាការពិតលោកអ្នកនៅតែមានឳកាសដើម្បីធ្វើឲ្យអាជីពរបស់អ្នកអាចដំណើរការទៅបាន ប៉ុន្តែវាអាស្រ័យទៅលើជំហានរបស់អ្នកក្នុងការសម្របខ្លួន និងដោះស្រាយ។

ចំណាំ៖

ឆ្នាំទាំង៥ ជូត ថោះ រោង វក ចរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងជាប្រាក់កាស ព្រមទាំងសម្ភារៈ។ ចំណែករាល់ការងារទាំងអស់គឺទទួលបានជោគជ័យ ដោយគ្មានផលរំខាននោះទេ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner