ក្រុមអវកាសយានិកចិនជិះយាន ហ្សិនចូវ ១៣ ទៅដល់ស្ថានីយអវកាសដោយសុវត្ថិភាព និងបានចូលក្នុងបន្ទប់ស្នូលដោយរលូន

ប៉េកាំង៖ ក្រោយធ្វើដំណើរឡើងពីផ្ទៃផែនដី កាលពីវេលាយប់រំលងអធ្រាត្រថ្ងៃសៅរ៍សប្តាហ៍មុន យាន ហ្សិនចូវ ១៣ (Shenzhou-13) បានចូលចតនៅឯបន្ទប់ស្ថានីយអវកាស ធានហឺ (Tianhe) ដោយជោគជ័យ ជាមួយក្រុមអវកាសយានិកចិន ដែលនឹងត្រូវស្នាក់នៅទីនោះរយៈពេលដល់ទៅ៦ខែ។

តាមដំណឹងនៃការិយាល័យវិស្វកម្មអវកាសដឹកមនុស្សចិនឱ្យដឹងថា បន្ទាប់ពីចូលទៅក្នុងគន្លងតារាវិថី យានអវកាសដឹកមនុស្ស ហ្សិនចូវ ១៣ សម្រេចបាននូវការកំណត់សភាពចូលទៅក្នុងតារាវិថី ហើយបានប្រើប្រាស់រូបមន្តស្វយ័ប្រវត្តិតភ្ជាប់ជាមួយបន្ទប់ស្នូល ធានហឺ រួមជាយានអាវកាសដឹកទំនិញ Tianzhou ២ និង Tianzhou ៣ ផ្តុំជាមួយផ្នែកនៃស្ថានីយអវកាសនៅវេលាម៉ោង ៦ និង ៥៦ នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១។ ដំណើរការតភ្ជាប់ទាំងមូលបានចំណាយពេលប្រមាណ ៦ម៉ោង និង ៣០នាទី។ បេសកកម្មយាន ហ្សិនចូវ ១៣ គឺជាបេសកកម្មទី៥ ក្នុងកិច្ចប្រឹងប្រែងសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន ដែលបានចាប់ផ្តើមដំបូង កាលពីខែមេសា ឆ្នាំ២០២១ នៅពេលកំណាត់បន្ទប់ស្នូល ធានហឺ (Tianhe) ត្រូវបានបញ្ជូនឡើងទីអវកាស។ វាក៏ជាបេសកកម្មបញ្ជូនមនុស្សជើងទី ២ ផងដែរ ដោយក្រុមអវកាសយានិកជើងទី ១ ទើបតែបានត្រឡប់មកដល់ផ្ទៃផែនដីវិញ កាលពីពាក់កណ្តាលខែមុន ក្រោយបំពេញបេសកកម្មរយៈពេល៩០ថ្ងៃ។

សូមបញ្ជាក់ថា យាន ហ្សិនចូវ ១៣ ត្រូវបានដឹកនាំដោយគ្រាប់រ៉ុក្កែត Long March-2F ចេញពីមូលដ្ឋានបាញ់បង្ហោះ ជីវក្វាន់ ស្ថិតក្នុងតំបនវាលខ្សាច់ ហ្គោពី ខេត្ត កាន់ស៊ូ ភាគពាយ័ព្យប្រទេសចិន កាលពីវេលាម៉ោង ១២៖២៣នាទីអធ្រាត្រ (ម៉ោងក្នុងតំបន់)។ មានអវកាសយានិកចិនទាំង៣រូប មានដូចជា លោក ចាយ ជីហ្គាង អាយុ ៥៥ឆ្នាំ លោកស្រី វ៉ាង យ៉ាងពីង អាយុ ៤១ឆ្នាំ និងលោក យែ ក្វាងហ៊្វូ អាយុ ៤១ឆ្នាំ៕ ប្រភព៖ The Guardian

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner