NASA បាញ់បង្ហោះគ្រាប់រ៉ុក្តែតផ្ទុកយានអវកាស Lucy ក្នុងគោលបំណងទៅស្រាវជ្រាវចង្កោមអាចម៍ផ្កាយស្ថិតនៅគន្លងគោចរភពព្រហស្បតិ៍ (Video Inside)

អាមេរិក អង្គការអវកាសអាមេរិក NASA បានបាញ់បង្ហោះរ៉ុក្តែតផ្ទុកយាន លូស៊ី (Lucy) ចេញពីមូលដ្ឋានទ័ពអាកាស ខេព ខាណាវើរ៉ល រដ្ឋផ្ល័ររីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ហើយវានឹងហោះទៅរកចង្កោមអាចម៍ផ្កាយ ត្រូចេន (Trojan) ស្ថិតនៅក្នុងគន្លងគោចរជាមួយភពព្រហស្បតិ៍ (Jupiter)។

យាន លូស៊ី ត្រូវបានដាក់ក្នុងប្រអប់ស្តុក និងបំពាក់លើរ៉ុក្កែត អាត្លាស់ វី (Atlas V) នៃក្រុមហ៊ុន UAL របស់សហរដ្ឋអាមេរិក ដែលបានរួមសហការគ្នាជាមួយក្រុមហ៊ុន ប៊ូអ៊ីង (Boeing) និង ឡុកឃីដ ម៉ាទីន (Lockheed Martin)។ រ៉ុក្កែតផ្ទុកយាន លូស៊ី ត្រូវបានបញ្ឆេះ និងហោះឡើងនៅវេលាម៉ោង ៥៖៣៤នាទីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍មុន (ម៉ោងក្នុងតំបន់)។ បន្ទាប់ពីហោះឡើងចេញពីផ្ទៃផែនដី យាន លូស៊ី នឹងក្រឡឹងភពរបស់យើងពីរជុំ ដើម្បីប្រើកម្លាំងទំនាញភពយើង ក្នុងការរុញច្រានល្បឿនទៅមុខ។ ក្រោយមកវាត្រូវបានគេរំពឹងថា ហោះនឹងឆ្វែលអាចម៍ផ្កាយដំបូងនៅខែមេសា ឆ្នាំ២០២៥។

អាចម៍ផ្កាយនោះមានឈ្មោះថា ដូណាល់ ចូហាន់សុន (Donald Johanson) និងស្ថិតនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter)។ ជាចុងក្រោយ យាននេះនឹងហោះឆ្វែលអាចម៍ផ្កាយ ត្រូចេន ភ្លោះនៅទីនោះ នៅខែមីនា ឆ្នាំ២០៣២ មុនបិទបញ្ចប់បេសកកម្មរយៈពេល ១២ឆ្នាំរបស់វា៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner