ប្រជាពលរដ្ឋអ្នកធ្វើដំណើរ សំណូមពរដល់អាជ្ញាធរស្រុកបរិបូរណ៍ជួយ រៀបចំសណ្ដាប់ធ្នាប់លក់ដូរលើផ្លូវសាធារណៈខាងជើងផ្សារពន្លៃ ដែលមានការកកស្ទះចរាចរណ៍រាល់ព្រឹក

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទនៅក្នុងស្រុកបរិបូណ៌បានឲ្យដឹងថា ជារៀងរាល់ព្រឹក នៅលើផ្លូវកៅស៊ូខាងត្បូងជាប់ទីតាំងផ្សារពន្លៃ ស្ថិត នៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌មានការកកស្ទះ រថយន្តជៀសគ្នាមិនរួចពិបាកធ្វើចរាចរណ៍ជារៀងរាល់ថ្ងៃ ដោយសារតែប្រជាពលរដ្ឋបានដាក់ទំនិញលក់ដូរនៅលើផ្លូវ ។

មិនតែប៉ុណ្ណោះអ្នកយកភាស៊ីផ្សារក៏បានយកទ្រូងផ្លូវធ្វើជាកន្លែងផ្ញើម៉ូតូយកលុយថែមទៀត ដែលធ្វើឲ្យទ្រូងផ្លូវកាន់តែរួមតូច ដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរ ណ៍ជាយថាហេតុ ប្រសិនបើអាជ្ញាធរស្រុកមិនយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់លក់ដូរនោះទេ ។

ម្យ៉ាងទៀតប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមយានយន្តបានលើកឡើងថាប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍វិញ អ្នកលក់ដូរទំនិញនៅតាមដងផ្លូវ នេះពិតជាអ្នកខុស គឺមិនអាចតវ៉ាបាននោះឡើយ ព្រោះពួកគាត់លក់ដូរទំ និញនៅលើផ្លូវសាធារណៈ។

ទាក់ទងនិងសំណូមពរខាងលើនេះលោក ផល សុភាពអភិបាលរងស្រុកបរិបូណ៌នៅល្ងាចថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ នេះបានបញ្ជាក់តាមទូរស័ព្ទឱ្យអ្នកយក
ព័ត៌មានយើងដឹងថា កន្លងមកប្រជាពលរដ្ឋដែលកំពុងលក់ដូរទំនិញនិងបន្លែបង្ការតាមកញ្ជើល្អី លើផ្លូវដែលបានលើកឡើងខាងលើនេះ ពួកគាត់មានកន្លែងលក់ តាមផ្លូវបេតុង១កន្លែងនៅខាងត្បូងជាប់នឹងផ្លូវកៅស៊ូនេះ ។

ប៉ុន្តែដោយនៅក្នុងរដូវវស្សាធ្លាក់ភ្លៀងនេះផ្លូវបេតុងនោះត្រូវលិចទឹកអស់ទៅហើយ ទើបពួកគាត់ចល័តមកលក់ដូរនៅសងខាងទ្រូងផ្លូវកៅស៊ូនេះ ជាហេតុធ្វើឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ព្រឹកពិតមែន ប៉ុន្តែពួកគាត់លក់ដូរតែពេលព្រឹកប៉ុណ្ណោះថ្ងៃរសៀលនិងល្ងាចពុំមានអ្នកលក់ដូរនៅលើទ្រូងផ្លូវនេះទេ ។

លោក ផល សុភាព បានបន្តថាកន្លងមកអាជ្ញាធរឃុំ និងស្រុកក៏ធ្លាប់បានផ្សព្វផ្សាយណែនាំអប់រំដល់ប្រជាពលរដ្ឋ ដែលលក់ដូរទំនិញនិងបន្លែបង្ការនៅលើទ្រូង
ផ្លូវនេះដែរ ថា បើបងប្អូនមានគ្រោះថ្នាក់ចរាចរណ៍វិញនោះសូមកុំបន្ទោសអាជ្ញាធរឲ្យសោះព្រោះអាជ្ញាធរមិនបានអនុញ្ញាតឲ្យបងប្អូនលក់ដូរនៅលើទ្រូងផ្លូវនេះឡើយ ។

ដូច្នេះចំពោះបញ្ហានេះអាជ្ញាធរស្រុកនិងធ្វើការណែនាំដល់អ្នកយកភាស៊ីផ្សារ និងប្រជាពលរដ្ឋដែលកំពុងលក់ដូរនៅលើទ្រូងផ្លូវនេះបន្ថែមទៀត ដើម្បីឲ្យពួកគាត់ វិលទៅលក់ដូរនៅលើផ្លូវបេតុងដែលអាជ្ញាធរស្រុកបានកំណត់ឱ្យនិងដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានដោយសារតែការលក់ដូរអនាធិបតេយ្យបែបនេះ ៕ ដោយ សុខ គឹមសៀន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner