កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបបានបង្ហាញពីស្មារតីសភានៃទ្វីបទាំង២ ដែលជំរុញការលើកកម្ពស់សន្តិសុខ សន្តិភាព និងការអភិវឌ្ឍន៍ ដើម្បីធានាឱ្យប្រជាពរដ្ឋរស់នៅដោយភាពសុខក្សេមក្សាន្តនិងការអភិវឌ្ឍន៍

ភ្នំពេញ៖ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបបានបង្ហាញពីស្មារតីសភានៃទ្វីបទាំង២ ដែលជំរុញការលើកកម្ពស់សន្តិសុខ សន្តិភាព និងការអភិវឌ្ឍន៍ ដើម្បីធានាឱ្យប្រជាពរដ្ឋរស់​នៅដោយភាពសុខក្សេមក្សាន្តនិងការអភិវឌ្ឍន៍​។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យនៃរដ្ឋសភាជាតិ មានប្រសាសន៍ថា កិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុប លើកទី១១(ហៅថា ASEP11)គឺជាព្រឹត្តិការណ៍អមមួយ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលសភានៃទ្វីបដ៏ធំ វ័យចំណាស់ ដែលមានអរិយធម៌ខ្ពស់ និងការអភិវឌ្ឍន៍ជឿន​លឿនទាំង២អាស៊ី-អឺរ៉ុបនឹងជជែកពិភាក្សាគ្នាស្វែងរកដំណោះស្រាយផ្សេង ក្នុងការសហការគ្នា សំដៅឈានទៅរកការអភិវឌ្ឍន៍​គ្រប់ជ្រុងជ្រោយនៃទ្វីបទាំង២ ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩។

ឯកឧត្ដមបានបញ្ជាក់ថា កិច្ចប្រជុំដ៏សំខាន់នេះគឺផ្តោតលើខ្លឹមសារ ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាពការអភិវឌ្ឍន៍ដោយចីរភាព ក្នុងនិងក្រោយវិបត្តិកូវីដ១៩នេះ។ប្រធានបទរបស់អាស៊ឹបទី១១(ASEP11) មានន័យដំបូងត្រូវពិភាក្សាគ្នា ធ្វើម៉េចឱ្យមានសន្តិភាព បានសន្តិភាពហើយនិយាយពីការអភិវឌ្ឍន៍ ការអភិវឌ្ឍន៍នៅក្នុងសម័យ​កាលរាតត្បាតនៃជំងឺកូវី១៩ និងក្រោយកូវីដ១៩ ហើយការអភិវឌ្ឍន៍ នេះ វាអាចធ្វើទៅបានទាល់តែពហុភាគីនិយម។ ឯកឧត្ដមបន្តថា សភាទ្វីបទាំង២ក៏នឹងពិភាក្សាគ្នាលើប្រធានបទ ការលើកកម្ពស់ ការស្តារសេដ្ឋកិច្ចសកលឡើងវិញក្នុងសម័យនិងក្រោយវិបត្តិកូវីដ១៩ និងការឆ្លើយតបទៅនឹងអន្តរកម្មនៃសន្តិសុខ ទឹក ថាមពល និងស្បៀង ក្រោមឥទ្ធិពលនៃការប្រែប្រួលធាតុអាកាស ។ សំឡេង៖ «សម័យបច្ចុប្បន្ននេះ គ្មានប្រទេសណាមួយរស់នៅម្នាក់ឯងបានទេ ត្រូវធ្វើសមាហរណកម្ម ត្រូវតែមានកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសក្នុងតំបន់និងប្រទេសលើសកលលោក យើងមានទំនាក់ទំនងច្រើន យើងមានលទ្ធភាពរីកចម្រើនក៏ច្រើនដែរ ។

កិច្ចប្រជុំសភាក្នុងភាពជាដៃគូអាស៊ី-អឺរ៉ុបនេះ មានសារសំខាន់ណាស់ យើងអាចទាក់ទង សេដ្ឋកិច្ចគ្នាទៅវិញទៅមក ទំនិញនឹងមានការផ្លាស់ប្តូរគ្នាទៅវិញទៅមក រវាងអាស៊ី-អឺរ៉ុប និងមានការផ្លាស់ប្តូរបច្ចេកវិទ្យា. វប្បធម៌ . សេដ្ឋកិច្ច នឹងធ្វើឱ្យមានការរីកចម្រើន ការទាក់ទងរបស់យើងអាចឱ្យប្រទេសយើងទទួលបានផលចំណេញ បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាមិនធ្លាក់ចុះ បែរទៅជារីកចម្រើនវិញ នៅក្នុងសម័យកូវីដនេះ ។អ៊ីចឹងយើងមានដៃគូជាច្រើន ចំណេញដល់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង »។

កិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុបលើកទី១១(ហៅថា ASEP 11)នឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០២១ តាមរយៈប្រព័ន្ធអនឡាញ (Zoom) ។ កិច្ចប្រជុំនេះ មានសារសំខាន់ណាស់ក្នុងការលើកកម្ពស់សន្តិសុខ សន្តិភាពនិងការអភិវឌ្ឍន៍ ដោយសារតែសភាជាអ្នកតំណាងប្រជាជន ជាអ្នកតាក់តែងច្បាប់ និងជាអ្នកត្រួតពិនិត្យ ការអនុវត្តន៍ច្បាប់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner