វិមានក្រឹមឡាំង៖ លោក ពូទីន នឹងមិនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ COP26 នៅទីក្រុង Glasgow ឡើយ

ម៉ូស្គូ៖ វិមានក្រឹមឡាំងថ្លែងថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នឹងមិនធ្វើដំណើរទៅកាន់ទីក្រុង Glasgow ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP26 នោះទេ ដែលនេះជាការការបរាជ័យមួយសម្រាប់ក្តីសង្ឃឹមរបស់ចក្រភពអង់គ្លេស ក្នុងការធ្វើអោយមេដឹកនាំពិភពលោកអោយយល់ព្រមលើកិច្ចព្រមព្រៀងអាកាសធាតុដ៏សំខាន់មួយនេះ។

វិមានក្រឹមឡាំងបន្ថែមថា លោក ពូទីន ក៏នឹងមិនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅក្នុងទីក្រុងរូម ប្រទេសអ៊ីតាលីដោយផ្ទាល់ផងដែរនៅក្នុងខែនេះ ដោយសារតែព្រួយបារម្ភអំពីជំងឺរាតត្បាតកូវីដ១៩ ក៏ប៉ុន្តែលោក ពូទីន នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះតាមរយៈការភ្ជាប់វីដេអូអនឡាញ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា លោក ពូទីន ក៏នឹងមិនធ្វើដំណើរទៅកាន់ទីក្រុង Glasgow ផងដែរ ប៉ុន្តែអ្នកតំណាងផ្សេងទៀតរបស់ប្រទេសរុស្ស៊ីនឹងចូលរួមកិច្ចប្រជុំ COP26។ លោក Peskov បាននិយាយដូច្នេះថា យើងត្រូវធ្វើការក្នុងទំរង់តាមដែលអាចធ្វើទៅបាន ក្នុងការពិភាក្សាតាមរយៈវីដេអូអនឡាញ… បញ្ហាដែលនឹងត្រូវពិភាក្សានៅក្នុងទីក្រុង Glasgow នាពេលបច្ចុប្បន្ននេះ បង្កើតបានជាអាទិភាពមួយនៃគោលនយោបាយការបរទេសរបស់យើង។ រុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសធំបំផុតដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេលើពិភពលោក។

សូមបញ្ជាក់ថា ចក្រភពអង់គ្លេសដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសិទ ស្តីពីបញ្ហាប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី ២៦ ឬហៅកាត់ថា COP26 នៅទីក្រុង Glasgow ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកាខាងមុខនេះ បាននិងកំពុងស្វែងរកការគាំទ្រពីបណ្តាប្រទេសមហាអំណាចធំៗ សម្រាប់កសាងផែនការបន្ថែមទៀត ដើម្បីទប់ទល់នឹងបញ្ហាប្រែប្រួលអាកាសធាតុ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner