អង្គការYUNDI មន្ទីរពេទ្យបេះដូងFuwai និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រៀបចំជំនួបវិទ្យាសាស្រ្តវេជ្ជសាស្រ្តស្តីពី ការឈ្វេងយល់ពីបទពិសោធន៍នៃការសិក្សាលើជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង

ខេត្តកណ្តាល៖ អង្គការYUNDI មន្ទីរពេទ្យបេះដូងFuwai និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានរៀបចំជំនួបវិទ្យាសាស្រ្តវេជ្ជសាស្រ្តស្តីពី ការឈ្វេងយល់ពីបទពិសោធន៍នៃការសិក្សាលើជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង ។កម្មវិធីនេះត្រូវបានធ្វើឡើនៅក្នុងបរិវេនមណ្ឌលសុខភាពទឹកវិលស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល។
លោក ណាត ប៊ុនអេង ប្រធានមណ្ឌលសុខភាពទឹកវិលបានជម្រាបជូនដល់អង្គជំនួបដែលមានគ្រូពេទ្យចំនួន២០រូបដែលកំពុងបម្រើការងារនៅមណ្ឌលសុខភាពទឹកវិល និងបណ្តាមណ្ឌលសុខភាពក្នុងស្រុកស្អាង ខេត្តកណ្តាលថា ក្រោយពីទទួលបានការបណ្តុះបណ្តាលរយៈពេល៣ខែតាមប្រព័ន្ធពី ជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូង ដែលបានរៀបចំឡើងដោយអង្គការYUNDI មន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ប្រទេសចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ទើបលោកបានយកពុទ្ធិនិងបទពិសោធន៍ទាំងនេះមកចែករំលែកដល់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពទឹកវិល។


លោកបន្ថែមថា ជំនួបនាថ្ងៃនេះគឺជាការបំពេញបន្ថែម និងជាការចូលរួមចំណែកបង្កើននូវបរិមាណធនធានចំណេះដឹងលើការយល់ដឹងកាន់តែស៊ីជម្រៅពីការបង្ការ និងការព្យាបាលជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺបេះដូងសម្រាប់អ្នកដែលមានអាយុចាប់ពី៣៥ដល់៦៩ឆ្នាំ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាបានជម្រាបបន្ថែមថា ចាប់ពីឆ្នាំ២០១៩មក សមាគមបានជួយសម្របសម្រួលដល់ក្រុមគ្រូពេទ្យនៅតាមបណ្តាមណ្ឌលសុខភាពមួយចំនួនបានទទួលការបណ្តុះបណ្តាលតាមប្រព័ន្ធOnlineជាមួយក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន ប្រទេសចិន ហើយសមាគមតែង បានលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យ ដែលបានបញ្ចប់ការសិក្សារយៈពេលខ្លី និងវែង ពីក្រុមគ្រូពេទ្យជំនាញៗរបស់ចិន បន្តការចែករំលែក និងពង្រឹងនូវពុទ្ធិនិងបទពិសោធន៍ដែលទទួលបានដល់ក្រុមគ្រូពេទ្យនៅមូលដ្ឋាន។ លើសពីនេះ តាមរយៈអង្គការYUNDIសមាគមតែងបានស្នើសុំឱ្យមន្ទីរពេទ្យបេះដូងFUWAI ផ្តល់ឱកាសដល់ក្រុមគ្រូពេទ្យកម្ពុជា ទៅបំពេញបេសកកម្ម និងចុះកម្មសិក្សាដោយផ្ទាល់ នៅមន្ទីរពេទ្យបេះដូង FUWAIខេត្តយូណាន និងបណ្តាមន្ទីរពេទ្យនានានៅក្នុងប្រទេសចិន។


គួរបញ្ជាក់ផងដែរថា កន្លងមក ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបរកែវ ខេត្តរតនគិរីក៏ទទួលបានឱកាសនេះហើយបានបន្តក្នុងនាមជាគ្រូឧទ្ទេសដោយពាំនាំយកនូវពុទ្ធិនិងបទពិសោធន៍ពីមិត្តចិនមកចែករំលែកនៅនឹងមូលដ្ឋានដែលខ្លួនបំពេញការងារផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner