UPDATE ម្ចាស់ការ៉ាស់សាំង PTT បាញ់សម្លាប់ខ្លួនឯង ដឹងមូលហេតុពិតហើយ ព្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ បុរសម្នាក់ បានបាញ់សម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើល នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កាលពីវេលាម៉ោង៧ និង១៥នាទី នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេនការ៉ាស់សាំង PTT ស្ថិតនៅតាមផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានឲ្យដឹងថា (សព) ឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរម្ចាស់ការ៉ាស់សាំង PTTស្នាក់នៅកន្លែងកើតហេតុ។ លោកអធិការបានបន្តថា សពមានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅឆ្វេង។

វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ រួមមាន ៖ អាវុធខ្លី១ដើម ម៉ាក ZORAKI 2914-T, បង់១ មានគ្រាប់ក្នុងបង់ ៦គ្រាប់ ក្នុងកាណុង១, សំបកកាទុស១ និងបាល់គ្រាប់១។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានបញ្ជាក់ថា មុនពេលកើតហេតុកន្លងមកជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ លុះព្រឹកថ្ងៃកើតហេតុកូនចៅងើបពីដេកដើរកមេមិនឃើញព្រោះណាត់គ្នា ត្រូវទៅខេត្តកំពត ក៏ទៅមើលនៅបន្ទប់ទឹកឃើញតែស្បែកជើងស្រែកហៅមិនឮឆ្លើយ ដោយមានសង្ស័យហៅគ្នាយកសោរចាក់មើល ក៏ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ដោយមានឈាមផ្នែកក្បាល រួចក៏ឆោឡោ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។ លទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ គឺអវិជ្ជមានជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា យោងតាមការសន្និដ្ឋានវាយតម្លៃ ការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ របស់កម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner