លោក មូន ជេអ៊ីន៖ ទោះការបាញ់បង្ហោះរ៉ុក្តែតទៅកាន់ទីអវកាសបរាជ័យ តែការធ្វើតេស្តលើកដំបូងនេះទទួលបានលទ្ធផលគួរអោយកត់សម្គាល់

សេអ៊ូល៖ ការ​បាញ់​សាកល្បង​រ៉ុក្កែត​ផលិត​ក្នុង​ស្រុក​លើក​ដំបូង​របស់​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​បញ្ចប់​ដោយ​ការបរាជ័យ។ វិទ្យាស្ថានស្រាវជ្រាវអវកាសរដ្ឋកូរ៉េបញ្ជាក់ថា ការបាញ់បង្ហោះនេះត្រូវបានគេមើលឃើញថា ជាជំហានដ៏សំខាន់មួយ ដើម្បីឈានឆ្ពោះទៅរកការចាប់ផ្តើមកម្មវិធីអវកាសរបស់ប្រទេសកូរ៉េខាងត្បូង។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បាននិយាយថា ទោះបីជាការបាញ់បង្ហោះនេះ មិនបានសម្រេចទៅដល់គោលដៅក៏ដោយ តែការបាញ់បង្ហោះលើកដំបូងទទួលបានលទ្ធផលគួរអោយកត់សម្គាល់។ លោកបន្តថា នៅពេលអនាគតដ៏ខ្លី យើងនឹងអាចបញ្ជូនវាទៅក្នុងគន្លងដែលបានកំណត់ទុកជាមុនបានយ៉ាងត្រឹមត្រូវ ហើយយុគសម័យអវកាសកូរ៉េនឹងមកដល់។ បើតាមវិទ្យាស្ថានស្រាវជ្រាវអវកាសរដ្ឋកូរ៉េនោះ កូរ៉េខាងត្បូងគ្រោងនឹងបញ្ចប់ការបាញ់បង្ហោះរ៉ុក្កែតចំនួន ៥ បន្ថែមទៀតនៅឆ្នាំ ២០២៧ ហើយការបាញ់បង្ហោះបន្ទាប់គ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ការបង្ហោះយានអវកាស នូរី (Nuri) ដំបូងបង្អស់របស់កូរ៉េខាងត្បូងដែលអភិវឌ្ឍដោយខ្លួនឯង ត្រូវបានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Rao ក្នុងតំបន់ ក្វាងចាង (Gwangjang) ទីក្រុង ជេអូឡាណាម ឌូ(Jeollanam-do) នៅម៉ោង 17:00 ថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ប៉ុន្តែការបាញ់បង្ហោះនេះត្រូវបានបរាជ័យ ដោយសារតែរ៉ុកកែតដំណាក់កាលទី ៣ អស់ឥន្ធនៈ ធ្វើអោយកម្លាំងនៃគំរូផ្កាយរណបមិនអាចហោះដល់ល្បឿនដែលបានរំពឹងទុក ហើយទីបំផុតយាននេះមិនអាចហោះចូលទៅក្នុងគន្លងដែលបានគ្រោងទុក៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner