ពង្រឹងស្មារតីសាមគ្គី ឯកភាពជាតិ ថែរក្សា ការពារ ឯករាជ្យ អធិបតេយ្យ សន្តិភាព ដើម្បីអភិវឌ្ឍ

វិចារណកថា

          បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ដ៏ឆ្នើម មាតុភូមិជាទីស្នេហានៃយើងបាននិងកំពុងស្ថិតនៅជាប្រទេសដែលមានឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី យ៉ាងរឹងមាំ។ ស្មារតីជាតិនិយមដ៏មោះមុតបានរីកដុះដាលឡើងក្នុងផ្នត់គំនិតនៃប្រជាជនកម្ពុជាគួរឲ្យមោទនភាពទាំងសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ។ ដោយបានចាកចេញផុតពីឋានៈនៃប្រជាជាតិមួយដែលបាត់បង់ឯករាជ្យ កិត្តិយស សេចក្តីថ្លៃថ្នូរ និងការប្រមាថកាតទានពេលនេះប្រជា-ជនកម្ពុជាបានឈរយ៉ាងរឹងមាំក្នុងនាមជាប្រជាជាតិមួយស្មើមុខស្មើមាត់ ជាមួយប្រទេសទាំងអស់លើពិភពលោក ។ ប្រទេសកម្ពុជាជារដ្ឋមួយដែលមានឯករាជ្យ អធិបតេយ្យពេញលេញ ជារដ្ឋមួយដែលបានអនុវត្ត និងធ្វើឲ្យមានវឌ្ឍនភាពនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស បង្កលក្ខណៈសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបបានចូលរួមក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការពង្រឹងយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នីតិរដ្ឋ ។

ពេលនេះប្រជាជនកម្ពុជាទូទាំងប្រទេស​បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមអបអរសាទរខួបលើកទី៦៨នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២១) ដែលជាស្នាព្រះហត្ថដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងខួបទី១៧នៃព្រះរាជពិធីគ្រងរាជសម្បតិ្តព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី (២៩ តុលា ២០០៤-២៩ តុលា ២០២១) ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់យើងទាំងអស់គ្នា ។

ឯករាជ្យជាតិគឺជានិមិត្តរូបនៃភាពរុងរឿង និងជាដួងព្រលឹងរបស់ប្រជាជាតិមួយ ។​ ប្រទេសមួយដែលបាត់​បង់ឯករាជ្យ ប្រជាជាតិ នៃប្រទេសនោះប្រាកដជាធ្លាក់ទៅក្នុងមហាសោកដនាកម្ម និងគ្រោះមហន្តរាយជាមិនខាន ។ ជាក់ស្តែងប្រទេសកម្ពុជាបានបាត់បង់ឯករាជ្យជាតិរបស់ខ្លួនទាំងស្រុងនៅពេលដែលបារាំងបានដាក់នឹមអាណានិគមនៅឆ្នាំ១៨៦៣ ។ ប៉ុន្តែក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម​ សីហនុ កម្លាំងអ្នកស្នេហាជាតិ ដែលក្នុងនោះក៏មានការចូលរួមចំណែករបស់គណបក្សប្រជាជនកម្ពុជា (ពេលនោះមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ) បានតស៊ូប្រឆាំងរបបអាណានិគមនិយមដណ្តើមបានឯក-រាជ្យទាំងស្រុងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ក្រោយទទួលបានឯករាជ្យ កម្ពុជារស់នៅក្នុងសុខសន្តិភាពបាន រយៈពេល ១៧ឆ្នាំ មាតុភូមិជាទីស្រឡាញ់របស់យើងក៏បានធ្លាក់ទៅក្នុងគ្រោះមហន្តរាយសារជាថ្មីទៀត ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បនក្បត់ជាតិ លន់ នល់ សិរីមតៈបានឱនក្បាលធ្វើជាខ្ញុំកញ្ជះដាច់ថ្លៃឲ្យពួកបរទេស ធ្វើរដ្ឋប្រហារផ្តួលរំលំ សម្តេចព្រះនរោត្តម សីហនុ ធ្វើឲ្យឯករាជ្យជាតិត្រូវបាត់បង់ អធិបតេយ្យជាតិ ត្រូវរងនូវការរំលោភឈ្លានពានយ៉ាងកម្រោល ហើយទឹកដីមាតុភូមិក៏ត្រូវឆាបឆេះដោយកំសួលភ្លើងសង្រ្គាមយ៉ាងសន្ធោរសន្ធៅអស់រយៈពេល ៥ឆ្នាំ និងមួយខែ ។ បន្ទាប់មករបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យដែលបានកាន់កាប់ប្រទេសកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា​ ឆ្នាំ១៩៧៩ ប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងតែម្តង ។ ជីវិតប្រជាជនកម្ពុជាបានទទួលរងនូវការប្រមាថ មាក់ងាយយ៉ាងថោកទាបលើសពីជីវិតសត្វ ។ ប្រជាជនកម្ពុជាពេលនោះដែលមានចំនួន ៧លាននាក់ គឺ៣លាននាក់ ត្រូវបានសម្លាប់ និងជាង ៤លាននាក់ទៀត បន្តរស់ជាទាសកររង់ចាំតែថ្ងៃស្លាប់ ។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបប្រទេសជាតិត្រូវបានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជារំដោះចេញផុតពីរបបប្រល័យពូជសាសន៍ ។ ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្នក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដីត្រូវបានការពារយ៉ាងរឹងមាំ ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រសូតនៅថ្ងៃទី២៤ ​ខែកញ្ញា ឆ្នាំ១៩៩៣ បានចែងថា ព្រះរាជាណាចក្រកម្ពុជាគឺជារដ្ឋឯករាជ្យ  អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍មិនចូលបក្សសម្ព័ន្ធ ។ បូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបំពានបានដាច់ខាត និងជារដ្ឋមិនអាចបំបែកបាន ។ ក្នុងរយៈពេល ២៨ឆ្នាំកន្លងទៅនេះ ស្ថាប័នជាតិគ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជាទូទាំងប្រទេសបានទទួលប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ តាមស្មារតីនៃរដ្ឋធម្មនុញ្ញក្នុងការការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងការចូលរួមយ៉ាងសកម្មក្នុងការការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ ។ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិនៃការរស់រានមានជីវិត សិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមរបស់ប្រជាជន ការពង្រឹងអនុវត្តគោលការណ៍នីតិរដ្ឋ មានជំហានរីកលូតលាស់យ៉ាងលឿននៅក្នុងបរិបទរបស់កម្ពុជា ។ ប៉ុន្តែមជ្ឈដ្ឋានអគតិខ្លះ និងក្រុមប្រឆាំងជ្រុលនិយមនៅតែបន្តប្រើប្រាស់ឧបាយកលប៉ុនប៉ងបំផ្លិចបំផ្លាញខឿនឯករាជ្យជាតិ និងអធិបតេយ្យជាតិរបស់កម្ពុជា ។ មានប្រទេសមហាអំណាចខ្លះព្រមទាំងសម្ព័ន្ធរបស់គេ បានបន្តប្រើប្រាស់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាតាមរយៈការអនុវត្តស្តង់ដារពីរអំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក្នុងពេលដែលកម្ពុជាគ្រាន់តែប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួនជាម្ចាស់ទឹកដី ការពារការរស់រានមានជីវិតឡើងវិញ ការពារឯករាជ្យ អធិបតេយ្យ ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះ ។ ចំណែកពួកប្រឆាំងផ្កាប់មុខដឹកនាំដោយទណ្ឌិតក្បត់ជាតិ បានដាក់ខ្លួនដាក់កាយធ្វើជាជនថោកទាបបម្រើឲ្យពួកបរទេស ខិតខំសព្វបែបសព្វយ៉ាងដើម្បីបំផ្លាញឯករាជ្យរបស់ប្រទេសខ្លួនដោយគ្មានការខ្មាស់អៀន ។ យើងរំលឹកទៅដល់ព្រឹត្តិ​ការណ៍តាំងពីឆ្នាំ២០១៣ រហូតមកដល់ពេលនេះពួកគេបានបង្កើតឲ្យមាននូវចលនាបដិវត្តន៍ពណ៌ ដោយជ្រកក្រោមរបស់ដែលហៅថា សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បានដឹកនាំមហាជនធ្វើបាតុកម្មបង្កឲ្យមានចលាចលសង្គម ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បំផុសប្រជាជនមិនឲ្យចូលរួមការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០១៨ ដឹកនាំគម្រោងធ្វើរដ្ឋប្រហារថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ការឃោសនាវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើអង្គព្រះមហាក្សត្រ ដែលព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ គឺបង្ហាញពីចេតនាយ៉ាងច្បាស់ថា ទណ្ឌិតក្បត់ជាតិ និងបក្ខពួកមិនមែនត្រឹមតែចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគោលដៅពិតប្រាកដចុងក្រោយរបស់ពួកគេគឺផ្តួលរំលំរាជបល័ង្ល ផ្លាស់ប្តូររបបរាជានិយម និងបំផ្លិចបំផ្លាញចោលនូវឯករាជ្យ និងអធិបតេយ្យជាតិរបស់កម្ពុជាតែម្តង ។ ប៉ុន្តែគ្រប់ឧបាយកលទាំងអស់សុទ្ធតែទទួលរងនូវការបរាជ័យ ។ ថ្មីៗនេះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលកំណត់ឲ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែជាឥស្សរជនដែលមាន”សញ្ជាតិខ្មែរតែមួយគត់” បានបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិមាតុភូមិ ធានាការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន និងដើម្បីបញ្ជៀសពីការជ្រៀតជ្រែកពីបរទេស។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ក៏ជាការរួមចំណែកក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

នៅក្នុងឱកាសអបអរទិវាខួបលើកទី៦៨នៃទិវាបុណ្យឯករាជ្យជាតិ ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងសុខសន្តិភាព សុភមង្គល និងភាពសុខដុមរមនា បានប្រកាន់ខ្ជាប់ និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវមរតកសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នោះគឺ កម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ឯករាជ្យ អធិប​តេយ្យជាតិរបស់ខ្លួន មិនអនុញ្ញាតឲ្យមាតុភូមិកម្ពុជាធ្លាក់ទៅក្នុងស្រមោលអតីតកាលដ៏ស្លុតរន្ធត់សារថ្មីម្តងទៀតឡើយ ។ កម្ពុជាត្រូវតែរក្សាឲ្យបាននូវសុខសន្តិភាពទោះត្រូវបង់ក្នុងតម្លៃណាក៏ដោយ។ មានសន្តិភាពទើបយើងការពារបានរឹងមាំនូវខឿនឯករាជ្យជាតិ ។ ឯករាជ្យ និងអធិបតេយ្យជាតិពេញលេញគឺជាសរសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់សន្តិភាព វឌ្ឍនភាព និងការអភិវឌ្ឍ ។ ក្នុងស្មារតីនេះ ប្រជាជនកម្ពុជានៅតែបន្តខិតខំយ៉ាងសកម្មបោះជំហានទៅមុខ ប្រកបដោយមោទនភាព ក្នុងនាមជាប្រជាជាតិមួយដែលមានសិទ្ធិស្វ័យសម្រេចលើជោគវាសនារបស់ខ្លួន ជាអ្នកដែលមានកាតព្វកិច្ច ការពារឲ្យបានរឹងមាំនូវខឿនឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី មិនឱនក្បាលជាធ្វើខ្ញុំបរទេស ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងណាមួយពីខាងក្រៅ ដែលជាមូលហេតុនាំមកនូវគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិយើង ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner