គ្រោះនៃល្បែងនយោបាយបាចអង្កាមបញ្ច្រាសខ្យល់

អត្ថបទនយោបាយ

        ក្រោយពេលកាសែតមួយរបស់ប្រទេសអង់គ្លេសបានចុះផ្សាយអត្ថបទខុសពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេចតេជោ ហ៊ុន សែន ស្រាប់តែមេឧទ្ទាមក្បត់ជាតិមានសញ្ជាតិពីរដែលកំពុងរស់នៅឯបរទេសបានឆ្លៀតធ្វើអាជីវកម្មនយោបាយដ៏ស្មោកគ្រោកទៅលើអត្ថបទនេះ ដែលក្រោយមកកាសែតមួយនេះក៏បានកែតម្រូវអត្ថបទដែលផ្សាយខុសនោះហើយក្តី ។ ដោយបាននិយាយបង្ខូចកេរ្តិ៍ឈ្មោះ និងមួលបង្កាច់ទៅលើថ្នាក់ដឹកនាំកំពូលរបស់យើង ជនក្បត់ជាតិរូបនេះ បានបន្តបំផុសប្រជាជន និងកងកម្លាំងប្រដាប់អាវុធឲ្យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា សំដៅបង្កឲ្យមានការសង្ស័យក្នុងមហាជន ឈានទៅបំផ្លាញស្ថិរភាព សន្តិសុខសង្គម ក្នុងពេលដែលប្រទេសយើងកំពុងស្ថិតនៅក្នុងដំណាក់កាលឆ្ពោះទៅកាន់ការបោះឆ្នោត ។ ប៉ុន្តែល្បែងនយោ បាយបាចអង្កាមបញ្ច្រាសខ្យល់របស់ជនក្បត់ជាតិរូបនេះ បានទទួលមកវិញនូវគ្រោះដ៏ធ្ងន់ថ្មីមួយទៀត ។

នៅថ្ងៃទី៧ ខែតុលា​ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់បុគ្គលមួយក្រុម ដែលរួមមាន សម រង្ស៊ី អេង ឆៃអ៊ាង មួរ សុខហួរ ហូរ វ៉ាន់  និងគូកន ពីបទរួមគំនិតក្បត់ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៥៣ មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ ការចោទប្រកាន់ខាងលើនេះ ពាក់ព័ន្ធអង្គហេតុនៃសេចក្តីអំពាវនាវរបស់បុគ្គល សម​ រង្ស៊ី ដែលបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចុះថ្ងៃទី៥​ ខែតុលា ឆ្នាំ២០២១ ដែលមានខ្លឹមសារបង្កប់នូវ ”ការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ព័ត៌មានបំផ្លើសខុសពីការពិតក្រោមឧបាយកលអំពាវនាវ ញុះញង់កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋឲ្យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា” ផែនការទុច្ចរិតនេះ គឺជាឧក្រិដ្ឋកម្មដែលប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរ ។​

ដើម្បីបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិ ចំពោះមាតុភូមិ ដើម្បីបង្ហាញពីសច្ចៈភាព និងភាពស្មោះត្រង់ពីការចោទប្រកាន់ដ៏ងងើលនេះ និងដើម្បីធានាការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងដើម្បីបញ្ចៀសពីការជ្រៀតជ្រែកពីបរទេស សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិតឲ្យធ្វើការសិក្សាដើម្បីធ្វើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួនដោយកំណត់ឲ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន ”សញ្ជាតិខ្មែរតែមួយគត់” ។ ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង​ ស្ថាប័ននានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនកម្ពុជាទូទាំងប្រទេស រួមទាំងបងប្អូនប្រជាជនខ្មែររស់នៅក្រៅប្រទេសបានគាំទ្រភ្លូកទឹក ភ្លូកដី ចំពោះសំណើរប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ដែលជាមេដឹកនាំប្រទេសដ៏ឧត្តុងឧត្តម តែងតែតម្កល់នូវផលប្រយោជន៍ កតិ្តយស និងសេចក្តីថ្លៃថ្លូររបស់ជាតិ ជាមេដឹកនាំដែលតែងតែការពារដាច់ខាតនូវឯករាជ្យ និងអធិ​បតេយ្យរបស់ជាតិខ្ពស់ជាងអ្វីៗទាំងអស់ ។

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ កិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តីក៏បានធ្វើការពិនិត្យ ពិភាក្សា ផ្លាស់ប្តូរ យោបល់ និងសម្រេចអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី  មាត្រា៨២ថ្មី មាត្រា១០៦ថ្មី  (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ។ សេចក្តីព្រាងច្បាប់នេះ មានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះថា  រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មានភារកិច្ចទទួលខុសត្រូវ សម្រេចកិច្ចការសំខាន់ៗដែលជាអាយុជីវិតរបស់ជាតិ មានកាតព្វកិច្ចត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង ដោយសច្ចាដាច់ខាតស្មោះត្រង់ចំពោះជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈទាំងអស់ ធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនពីការជ្រៀតជ្រែកពីបរទេស ដូច្នេះត្រូវកំណត់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន ”សញ្ជាតិខ្មែរតែមួយគត់” ។ ក្រោយពីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះហើយ ក៏អ្នកដែលមានសញ្ជាតិ ២ ឬច្រើន នៅតែអាចជួយធ្វើការបម្រើជាតិ ក្រៅពីតំណែងទាំង ៤នោះ ជាធម្មតា ។

គប្បីរំឭកថា ប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ដ៏ជូរចត់មួយកាលពីអំឡុងឆ្នាំ២០១៣-២០១៤ ដែលពេលនោះពួកឧទ្ទាមក្បត់ជាតិបានដឹកនាំគណបក្សនយោបាយមួយ ដែលត្រូវបានរំលាយចោលដោយតុលាការកំពូល នោះជាយន្តការមួយសម្រាប់បម្រើចលនាបដិវត្តន៍ពណ៌ ដើម្បីធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការចងក្រងចាក់ ស្រេះប្រទាក់ក្រឡាគ្នាយ៉ាងស៊ីជម្រៅរវាងក្រុមគ្រួសារគណបក្សប្រឆាំង ដែលភាគច្រើនមានសញ្ជាតិពីរ និងពួកចារកម្មបរទេស រហូតមានអង្គការបរទេសខ្លះបានចូលមកបង្ហាត់បង្រៀនយុទ្ធសាស្រ្ត និងយុទ្ធវិធីធ្វើបាតុកម្ម ការផ្តល់ថវិកាជំរុញបំផ្ទុះឡើងនូវបដិវត្តន៍ពណ៌ ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលមួយមិនតាមបែបប្រជាធិបតេយ្យ មានបរទេសជាអ្នកបញ្ជា និងបម្រើឲ្យផលប្រយោជន៍ភូមិសាស្រ្តនយោបាយជាយុទ្ធសាស្រ្តរបស់ពួកបរទេសទៀតផង ។ សូម្បីតែកម្មវិធីនយោបាយរបស់គណបក្សនេះ ក៏ពួកបរទេសជាអ្នកផ្តួចផ្តើមគំនិតក្នុងការសរសេរឲ្យដែរ ។ មេដឹកនាំគណបក្សនេះថែមទាំងនិយាយអួតអាងជាចំហអំពីផែនការសំងាត់ នៃការឃុបឃិតគ្នាយ៉ាងស៊ីជម្រៅរវាងបក្ខពួកខ្លួនជាមួយពួកបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ យើងសាកល្បងប្រមើលមើលថា បើពេលនោះខ្មោចគណបក្សនេះបានឈ្នះឆ្នោត ហើយប្រធាន និងអនុប្រធានគណបក្សនេះ ដែលមានសញ្ជាតិពីរ និងបានដាក់ខ្លួនបម្រើបរទេសរួចទៅហើយនោះ បានកាន់អំណាចជាប្រធានព្រឹទ្ធសភា ឬប្រធានរដ្ឋសភា ឬនាយករដ្ឋមន្រ្តី តើជោគវាសនារបស់កម្ពុជា មកដល់ថ្ងៃនេះនឹងក្លាយទៅជាយ៉ាងណា? ជាការពិតប្រទេសយើងប្រាកដជាជួបនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរជាមិនខានឡើយ ។

ប្រជាជនកម្ពុជាទូទាំងប្រទេសសំដែងការគាំទ្រនូវច្បាប់នេះ ដោយបានចាត់ទុកថា ជាសមិទ្ធផលថ្មីមួយទៀតដែលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងខ្ទប់ស្កាត់ដ៏មានប្រសិទ្ធភាពចំពោះការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner