ក្រសួងការពារជាតិអាមេរិក៖ ចិនមានគោលដៅពង្រីកអានុភាពនុយក្លេអ៊ែរ
ក្រសួងការពារជាតិអាមេរិកបានអះអាងថា នៅទសវត្សខាងមុខនេះ ចិនដាក់គោលដៅក្នុងពង្រីកអានុភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមរបាយការណ៍របស់ក្រសួងប្រចាំឆ្នាំ២០២១ មានចំណងជើងថា «ការវិវត្តន៍នៃយោធា និងសន្តិសុខរបស់សាធារណរដ្ឋប្រជាមានិតចិន» ដែលដាក់ជូនសភាអាមេរិក កាលពីសប្ដាហ៍មុន។
«អំឡុងពេលទសវត្សក្រោយ PRC (សំដៅលើឈ្មោះផ្លូវការរបស់ចិន) ដាក់គោលដៅក្នុងការទំនើបកម្ម ពិពិធកម្ម និងពង្រីកអានុភាពនុយក្លេអ៊ែររបស់ខ្លួន»។ នេះបើការលើកឡើងរបស់ក្រសួងការពារជាតិអាមេរិក។ ប្រភពនេះក៏បានបន្ថែមថា ចិនអាចនឹងមានគ្រាប់នុយក្លេអ៊ែរសរុប ៧០០គ្រាប់ ត្រឹមឆ្នាំ២០២៧ ហើយអាចបង្កើនដល់ ១,០០០គ្រាប់ត្រឹមឆ្នាំ២០៣០។
ចំនួននេះគឺច្រើនជាងអ្វីដែលអាមេរិកបានព្យាករទុកកាលពីឆ្នាំ២០២០ ដោយនៅពេលនោះ អាមេរិករកឃើញថា ចិនមានគ្រាប់នុយក្លេអ៊ែរច្រើនជាង ២០០គ្រាប់ ហើយរំពឹងថាចិននឹងអាចមានដល់ច្រើនជាង ៤០០គ្រាប់នៅដំណាច់ទសវត្សឆ្នាំ២០២០នេះ។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក Mike Milley ប្រមុខសេនាធិការចម្រុះយោធាអាមេរិកបានលើកឡើងក្នុងវេទិកាមួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា៖ «យើងបានមើលឃើញនូវការផ្លាស់ប្ដូរយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដ៏ធំមួយ ដែលពិភពលោកធ្លាប់មាន»។
លោកបានបន្ថែមថា៖ «ពួកគេ (ចិន) ប្រាកដណាស់ថាចង់ប្រជែងជាមួយយើង (អាមេរិក) ក្នុងតំបន់ ហើយមហិច្ឆតារបស់គេគឺប្រជែងយើងនៅកម្រិតពិភពលោកឯណោះ»៕