កម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ឯករាជ្យ អធិប​តេយ្យជាតិរបស់ខ្លួន

វិចារណកថា

ប្រជាជនកម្ពុជាទូទាំងប្រទេស​បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមអបអរសាទរខួបលើកទី៦៨នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២១) ដែលជាស្នាព្រះហត្ថដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។

បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែល​មានសម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ដ៏ឆ្នើម មាតុភូមិជាទីស្នេហានៃយើងបាន​និងកំពុងស្ថិត​នៅជាប្រទេសដែលមានឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី យ៉ាងរឹងមាំ។ ស្មារតីជាតិ​និយម​ដ៏​មោះមុតបានរីកដុះដាលឡើងក្នុងផ្នត់គំនិតនៃប្រជាជនកម្ពុជាគួរឲ្យមោទនភាពទាំង​សម្រាប់​ពេលបច្ចុប្បន្ន និងទៅអនាគត។ ដោយបានចាកចេញផុតពីឋានៈនៃប្រជាជាតិមួយដែលបាត់​បង់ឯក​រាជ្យ កិត្តិយស សេចក្តីថ្លៃថ្នូរ និងការប្រមាថកាតទាន ពេលនេះប្រជាជនកម្ពុជាបានឈរយ៉ាង​រឹងមាំ​ក្នុងនាមជាប្រជាជាតិមួយស្មើមុខស្មើមាត់ជាមួយប្រទេសទាំងអស់លើពិភពលោក។ ប្រទេសកម្ពុជា​ជារដ្ឋមួយដែលមានឯករាជ្យ អធិបតេយ្យពេញលេញ ជារដ្ឋមួយដែលបានអនុវត្ត និងធ្វើឲ្យមានវឌ្ឍន​ភាពនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស បង្កលក្ខណៈសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបបាន​ចូលរួមក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការពង្រឹងយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នីតិរដ្ឋ។

ឯករាជ្យជាតិគឺជានិមិត្តរូបនៃភាពរុងរឿងនិងជាដួងព្រលឹងរបស់ប្រជាជាតិមួយ។​ប្រទេសមួយ​ដែលបាត់​បង់ឯករាជ្យ ប្រជាជាតិនៃប្រទេសនោះប្រាកដជាធ្លាក់ទៅក្នុងមហាសោកដនាកម្ម និង​គ្រោះ​មហន្តរាយជាមិនខាន។ ជាក់ស្តែង ប្រទេសកម្ពុជាបានបាត់បង់ឯករាជ្យជាតិរបស់ខ្លួន​ទាំង​ស្រុង​នៅពេលដែលបារាំងបានដាក់នឹមអាណានិគមនៅឆ្នាំ១៨៦៣ ។ ប៉ុន្តែក្រោមព្រះរាជបូជ​នីយ​កិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម​ សីហនុ និងកម្លាំងអ្នកស្នេហាជាតិ បាន​តស៊ូប្រឆាំងរបបអាណានិគមនិយមដណ្តើមបានឯករាជ្យទាំងស្រុងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ក្រោយទទួលបានឯករាជ្យ កម្ពុជារស់នៅក្នុងសុខសន្តិភាពបានរយៈពេល១៧ឆ្នាំ មាតុភូមិជាទី​ស្រឡាញ់របស់យើងក៏បានធ្លាក់ទៅក្នុងគ្រោះមហន្តរាយសាជាថ្មីទៀត។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៧០ បនក្បត់ជាតិ លន់ នល់ សិរីមតៈបានឱនក្បាលធ្វើជាខ្ញុំកញ្ជះដាច់ថ្លៃឲ្យពួកបរទេស ធ្វើរដ្ឋ​ប្រហារផ្តួលរំលំ សម្តេចព្រះនរោត្តម សីហនុ ធ្វើឲ្យឯករាជ្យជាតិត្រូវបាត់បង់ អធិបតេយ្យជាតិ ត្រូវរង​នូវការរំលោភឈ្លានពានយ៉ាងកម្រោល ហើយទឹកដីមាតុភូមិក៏ត្រូវឆាបឆេះដោយកំសួលភ្លើង​សង្រ្គាម​យ៉ាងសន្ធោរសន្ធៅអស់រយៈពេល៥ឆ្នាំ និងមួយខែ។ បន្ទាប់មករបបប្រល័យពូជសាសន៍​កម្ពុជាប្រជាធិបតេយ្យដែលបានកាន់កាប់ប្រទេសកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ចាប់ពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា​ ឆ្នាំ១៩៧៩ ប្រទេសជាតិ​ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងតែម្តង។ ជីវិតប្រជាជនកម្ពុជាបានទទួលរងនូវការប្រមាថ មាក់ងាយ យ៉ាងថោកទាបលើសពីជីវិតសត្វ។ ប្រជាជនកម្ពុជាពេលនោះដែលមានចំនួន៧លាននាក់ គឺ៣លាន​នាក់ត្រូវបានសម្លាប់ និងជាង៤លាននាក់ទៀតបន្តរស់ជាទាសកររង់ចាំតែថ្ងៃស្លាប់ ។ នៅថ្ងៃទី៧ ខែ​មករា ឆ្នាំ១៩៧៩ ទើបប្រទេសជាតិត្រូវបាន  រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជារំដោះចេញ​ផុតពី​របបប្រល័យពូជសាសន៍។ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ត្រូវបាន ការពារ​យ៉ាងរឹងមាំ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រសូតនៅថ្ងៃទី២៤ ​ខែកញ្ញា ឆ្នាំ១៩៩៣ បានចែងថាព្រះរាជាណាចក្រកម្ពុជាគឺជារដ្ឋឯករាជ្យអធិបតេយ្យសន្តិភាពអព្យាក្រឹត្យ អចិន្ត្រៃយ៍មិន​ចូល​បក្សសម្ព័ន្ធ ។ បូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបំពានបានដាច់ខាត និងជារដ្ឋមិនអាចបំបែកបាន។ ក្នុងរយៈពេល២៨ឆ្នាំកន្លងទៅនេះ ស្ថាប័នជាតិគ្រប់លំដាប់ថ្នាក់ និង​ប្រជាជនកម្ពុជាទូទាំងប្រទេស បានទទួលប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ម៉ឺងម៉ាត់តាមស្មារតី​នៃរដ្ឋ​ធម្ម​នុញ្ញ​ក្នុងការការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងការចូលរួមយ៉ាងសកម្មក្នុងការការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិនៃការរស់​រាន​មានជីវិត សិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមរបស់ប្រជាជន ការ​​​ពង្រឹង​អនុវត្តគោលការណ៍នីតិរដ្ឋ មានជំហានរីកលូតលាស់យ៉ាងលឿន នៅក្នុងបរិបទរបស់កម្ពុជា ។ ប៉ុន្តែមជ្ឈដ្ឋានអគតិខ្លះនិងក្រុមប្រឆាំងជ្រុលនិយមនៅតែបន្តប្រើប្រាស់ឧបាយកលប៉ុនប៉ងបំផ្លិចបំផ្លាញខឿនឯករាជ្យជាតិ និងអធិបតេយ្យជាតិរបស់កម្ពុជា។ មានប្រទេសមហាអំណាចខ្លះព្រមទាំង​សម្ព័ន្ធ​របស់គេ បានបន្តប្រើប្រាស់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាតាម​រយៈការអនុវត្តន៍ស្តង់ដារពីរអំពីការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក្នុងពេល​ដែល​កម្ពុជាគ្រាន់តែប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួនជាម្ចាស់ទឹកដី ការពារការរស់នៅរានមាន​ជីវិតឡើងវិញ ការពារឯករាជ្យ អធិបតេយ្យ ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ​ប៉ុណ្ណោះ។ ចំណែកពួកប្រឆាំងផ្កាប់មុខដឹកនាំដោយទណ្ឌិតក្បត់ជាតិបានដាក់ខ្លួនដាក់កាយធ្វើជាជ​ន​ថោកទាបបម្រើឲ្យពួកបរទេស ខិតខំសព្វបែបសព្វយ៉ាងដើម្បីបំផ្លាញឯករាជ្យរបស់​ប្រទេសខ្លួន​ដោយគ្មា​នការខ្មាស់អៀន។ យើងរំលឹកទៅដល់ព្រឹត្តិ​ការណ៍តាំងពីឆ្នាំ២០១៣ រហូតមកដល់ពេល​នេះ ពួកគេបានបង្កើតឲ្យមាននូវចលនាបដិវត្តន៍ពណ៌ ដោយជ្រកក្រោមរបស់ដែលហៅថា សិទ្ធិសេរី​ភាព និងលទ្ធិប្រជាធិបតេយ្យ បានដឹកនាំមហាជនធ្វើបាតុកម្មបង្កឲ្យមានចលាចលសង្គម ប៉ុនប៉ង​ផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់ បំផុសប្រជាជនមិនឲ្យចូលរួមការបោះឆ្នោតតំណាង​រាស្រ្ត​ឆ្នាំ​២០១៨ ដឹកនាំគម្រោងធ្វើរដ្ឋប្រហារថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ការឃោសនាវាយប្រហារយ៉ាងធ្ងន់ធ្ងរ​ទៅលើអង្គព្រះមហាក្សត្រ ដែលព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ គឺបង្ហាញ​ពីចេតនាយ៉ាងច្បាស់ថា ទណ្ឌិតក្បត់ជាតិ និងបក្ខពួកមិនមែនត្រឹមតែចង់ផ្តួលរំលំរាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគោលដៅពិតប្រាកដចុងក្រោយរបស់ពួកគេគឺផ្តួលរំលំរាជបល័ង្ល ផ្លាស់​ប្តូរ​របបរាជានិយម និងបំផ្លិចបំផ្លាញចោលនូវឯករាជ្យ និងអធិបតេយ្យជាតិរបស់កម្ពុជាតែម្តង ។ ថ្មីៗនេះ សម រង្ស៊ី ថែមទាំងហ៊ានប្រកាសយ៉ាងគឃ្លើនថា នឹងធ្វើឲ្យកម្ពុជាក្លាយទៅជាសាធារណរដ្ឋ ដោយមានមនុស្សប្រមាណជាង ១០នាក់ ទះដៃគាំទ្រ ។ ប៉ុន្តែគ្រប់ឧបាយកលទាំង​អស់សុទ្ធតែ​ទទួលរងនូវការបរាជ័យ ហើយគ្មានជនណាមួយ ឬបក្សពួកណាមួយអាចលូកដៃចូលកកូរក​កាយ​កិច្ចការផ្ទៃក្នុងកម្ពុជា និងឈានទៅផ្លាស់ប្តូររាជានិយមនៅកម្ពុជាបានឡើយ ។ ដើម្បីផលប្រយោជន៍​យូរអង្វែងរបស់ប្រទេសជាតិ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែល​កំណត់ឲ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែ​ជាឥស្សរជនដែលមាន”សញ្ជាតិខ្មែរតែមួយគត់” បានបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិមាតុភូមិ ធានាការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន និងដើម្បីបញ្ជៀសពីការជ្រៀតជ្រែកពីបរទេស។ ការ​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ក៏ជាការរួមចំណែកក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណ​ភាព​ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ ច្បាប់វិសោធនកម្មនេះ ត្រូវបានរដ្ឋសភាអនុម័ត​នៅ​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០២១ ហើយព្រឹទ្ធសភាបានប្រជុំពិភាក្សាពិនិត្យ និងឲ្យយោបល់ នៅថ្ងៃទី២ ខែ​វិច្ឆិកា ឆ្នាំ២០២១ ។ បន្ទាប់មកនៅថ្ងៃទី៣ខែ វិច្ឆិកា ឆ្នាំ២០២១ ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យឡាយព្រះហស្ថលេខាឲ្យប្រើប្រាស់ជាផ្លូវការ ហើយនូវ​ច្បាប់នេះ ។

នៅក្នុងឱកាសអបអរទិវាខួបលើកទី៦៨នៃទិវាបុណ្យឯករាជ្យជាតិប្រជាជនកម្ពុជា ដែលកំពុង​រស់​នៅក្នុងសុខសន្តិភាពសុភមង្គលនិងភាពសុខដុមរមនាបានប្រកាន់ខ្ជាប់និងអនុវត្តឲ្យបានម៉ឺង​ម៉ាត់​នូវមរតកសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នោះគឺ កម្ពុជាត្រូវរឹងមាំចំពោះគោល​ការណ៍​ឯករាជ្យ អធិប​តេយ្យជាតិរបស់ខ្លួន មិនអនុញ្ញាតឲ្យមាតុភូមិកម្ពុជាធ្លាក់ទៅក្នុង​ស្រមោល​អតីត​កាលដ៏ស្លុតរន្ធត់សាថ្មីម្តងទៀតឡើយ។ កម្ពុជាត្រូវតែរក្សាឲ្យបាននូវសុខសន្តិភាព ​ទោះត្រូវ​បង់ក្នុងតម្លៃណាក៏ដោយ។ មានសន្តិភាពទើបយើងការពារបានរឹងមាំនូវខឿនឯករាជ្យជាតិ។ ឯករាជ្យ និងអធិបតេយ្យជាតិពេញលេញគឺជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់សន្តិភាព វឌ្ឍន​ភាព និងការអភិវឌ្ឍន៍ ។ ក្នុងស្មារតីនេះ ប្រជាជនកម្ពុជានៅតែបន្តខិតខំយ៉ាងសកម្មបោះ​ជំហានទៅ​មុខ ប្រកបដោយមោទនភាព ក្នុងនាមជាប្រជាជាតិមួយដែលមានសិទ្ធិស្វ័យ​សម្រេចលើជោគ​វាសនារបស់ខ្លួន ជាអ្នកដែលមានកាតព្វកិច្ច ការពារឲ្យបានរឹងមាំនូវខឿនឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី មិនឱនក្បាលជាធ្វើខ្ញុំបរទេស ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃ​ក្នុងណាមួយពីខាងក្រៅ ដែលជាមូលហេតុនាំមកនូវគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរសម្រាប់​ប្រទេស​ជាតិ​យើង៕        (អត្ថបទ៖ វិទ្យុជាតិកម្ពុជា)

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner