លោក ម៉ាក្រុង៖ បារាំងនឹងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មី ដើម្បីជួយប្រទេសខ្លួនកាត់បន្ថយការពឹងផ្អែកលើបរទេសសម្រាប់ការផ្គត់ផ្គង់ថាមពល

ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ថ្លែងថា ប្រទេសរបស់លោកនឹងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មី ដើម្បីជួយប្រទេសអឺរ៉ុបនេះ កាត់បន្ថយការពឹងផ្អែកលើបរទេស សម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន ព្រមទាំងបំពេញតាមគោលដៅនៃការឡើងកំដៅផែនដី និងរក្សាតម្លៃក្រោមការគ្រប់គ្រង។

នៅពេលដែលតម្លៃថាមពលកើនឡើងនោះ លោក ម៉ាក្រុង បាននិយាយថា ការសម្រេចចិត្តងាកទៅរកការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រថ្មី គឺជារឿងចាំបាច់ ដើម្បីរក្សាតម្លៃ “សមហេតុផល”។ លោក ម៉ាក្រុង បាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ទៅកាន់ប្រទេសជាតិថា ពួកយើងនឹងដំណើរការជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដើម្បីចាប់ផ្តើមការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញនៅក្នុងប្រទេសរបស់យើង និងបន្តអភិវឌ្ឍថាមពលកកើតឡើងវិញ។ លោកបន្តថា ប្រការនេះមានន័យថា គឺដើម្បីធានាឯករាជ្យភាពថាមពលរបស់ប្រទេសបារាំង ធានាការផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសយើង និងសម្រេចអោយបាននូវគោលបំណងរបស់យើង ជាពិសេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ យ៉ាងណាមិញ លោក ម៉ាក្រុង មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ប៉ុន្តែរដ្ឋាភិបាលរបស់លោកត្រូវបានគេរំពឹងថា នឹងប្រកាសពីការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រសម្ពាធទឹកថ្មីរហូតដល់ប្រាំមួយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

សូមបញ្ជាក់ថា ប្រទេស​បារាំងដែល​ទទួល​បាន​ថាមពល​អគ្គិសនី​ភាគច្រើន​ពី​ថាមពល​នុយក្លេអ៊ែរនោះ បច្ចុប្បន្ន​កំពុង​តែ​សាងសង់​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ EPR ជំនាន់​ទី​បី​ថ្មី​មួយ​គត់​ឈ្មោះ Flamanville ក្នុង​ទីក្រុងNormandy។ ប៉ុន្តែការងារនៅលើទីតាំងដែលបានចាប់ផ្តើមតាំងតែឆ្នាំ ២០០៧មកនោះ នៅតែមិនបានបញ្ចប់។ នៅដើមអាណត្តិរបស់លោក ម៉ាក្រុង ធ្លាប់បានសន្យាថា នឹងកាត់បន្ថយការរួមចំណែករបស់នុយក្លេអ៊ែរចំពោះល្បាយថាមពលរបស់ប្រទេសបារាំង ពី ៧៥ភាគរយមកនៅត្រឹម ៥០ភាគរយនៅឆ្នាំ ២០៣៥៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner