អវកាសយានិក ៤នាក់របស់ NASA និងទីភ្នាក់ងារអវកាសអឺរ៉ុបនឹងបំពេញបេសកកម្ម ៦ខែ ក្រោយធ្វើដំណើរទៅដល់ស្ថានីយអវកាសអន្តរជាតិដោយសុវត្ថិភាព

អាមេរិក អវកាសយានិក ៤នាក់ ក្នុងនោះ៣នាក់មកពីអង្គការ NASA និងម្នាក់ទៀតមកពីទីភ្នាក់ងារអវកាសអឺរ៉ុប បានធ្វើដំណើរទៅដល់នៅស្ថានីយអវកាសអន្តរជាតិ (ISS) ហើយ បន្ទាប់ពីយាន Crew Dragon របស់ក្រុមហ៊ុន SpaceX ដែលដឹកនាំពួកគេបានចូលចតនៅទីនោះដោយជោគជ័យ នៅយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

បើតាមការគ្រោងទុកនោះ អវកាសយានិកទាំង ៤នាក់ខាងលើនេះ នឹងចំណាយរយៈពេល ៦ខែ ដើម្បីបំពេញការងារជាមួយឧបករណ៍វិទ្យាសាស្ត្រជាង ២០០មុខ ព្រមទាំងធ្វើការដើរនៅទីអវកាសផងដែរ អំឡុងការស្នាក់នៅ និងបំពេញភារកិច្ចរបស់ពួកគេនៅលើស្ថានីយអវកាសអន្តរជាតិ ដែលមានកម្ពស់ ៤០០គីឡូម៉ែត្រពីផ្ទៃផែនដី។

គួរបញ្ជាក់ថា យានអវកាស Crew Dragon និងគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX នៅក្នុងបេសកកម្មហៅថា Crew-3 បានហោះចាកចេញពីមជ្ឈមណ្ឌលអវកាស ខេនណេឌី របស់អង្គការ NASA ដែលស្ថិតនៅរដ្ឋផ្លូរីដា កាលពីវេលាម៉ោង ០៩៖០៣នាទីយប់ ថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ជាមួយអវកាសយានិកអាមេរិកចំនួន ០៣នាក់គឺលោក រ៉ាចា ឆារី (Raja Chari), ថម ម៉ាសប៊ឺន (Tom Marshburn) និង ខាយឡា បារ៉ុន (Kayla Barron) ព្រមជាមួយអវកាសយានិកអាល្លឺម៉ង់ម្នាក់ទៀត គឺលោក ម៉ាត់ធីយ៉ាស់ ម៉ូរើ (Matthias Maurer) មកពីទីភ្នាក់ងារអវកាសអឺរ៉ុប ESA៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner