ស្រមោលបិសាច មិនអាចធ្វើឲ្យស្រអាប់ពន្លឺដ៏ចាំងចែង នៃព្រះអាទិត្យបានទេ

កាលពីថ្ងៃទី១០ ខែវិច្ឆិកា  ក្រសួងរតនាគារអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ២រូប គឺ លោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងលោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ដោយចោទអ្នកទាំងពីរថា បានជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយក្នុងការកសាងមូលដ្ឋានយោធារាម ។ តាមពិតនេះ​មិនមែនជាបញ្ហាថ្មីទេ​ វាគ្រាន់តែជារឿងដដែលៗ រវាងទំនាក់ទំនងអាមេរិក និងកម្ពុជា ក៏ដូចជាទំនាក់ទំនងរវាងអាមេរិកជាមួយប្រទេសដទៃទៀត រាប់ទាំងសម្ព័ន្ធមិត្តរបស់ខ្លួនផង ដែលអាមេរិកមិនខ្លាចនឹងធ្វើការរំលោភបំពានបែបនេះ ។ បញ្ហាមូលដ្ឋានយោធារាម នៅតែជាប្រធានបទដែលអាមេរិកបន្តចិញ្ចឹមឲ្យទៅជាបញ្ហានយោបាយដ៏ក្តៅគគុក ដោយពួកគេចោទថា រាជរដ្ឋាភិបាលបានប្រគល់ទៅឲ្យចិនគ្រប់គ្រង​ ដើម្បីឲ្យចិនប្រើប្រាស់​មូលដ្ឋានយោធានេះ សម្រាប់ធ្វើសកម្មភាព ។ ទោះបីកម្ពុជា បានពន្យល់ម្តងហើយម្តងទៀត អំពីអធិបតេយ្យភាពរបស់ខ្លួន  អំពីស្មារតីនៃរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឲ្យបរទេសណាមួយដាក់ទីតាំងយោធានៅលើទឹកដីរបស់ខ្លួន, ទោះបីកម្ពុជា ខិតខំបង្ហាញម្តងហើយម្តងទៀតអំពីភាពស្មោះត្រង់ សុចរិត សម្បទាន និងស្មារតីសាមគ្គីភាព រហូតដល់អនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅពិនិត្យដល់ទីតាំងដែលគេសង្ស័យនៅក្នុងមូលដ្ឋានរាមរួចហើយក៏ដោយ    ប៉ុន្តែអាមេរិកនៅតែមិនស្ងប់ចិត្តដដែល។ បញ្ហានេះ វាគួរឲ្យជ្រេញខ្លាំងណាស់សម្រាប់កម្ពុជា ពីព្រោះថា  ​ទង្វើរបស់អាមេរិកគ្រាន់តែដើម្បីប​ម្រើឲ្យគោលនយោបាយដ៏ចាស់គំរិលរបស់ខ្លួនគឺ រំលោភបំពានលើអធិបតេយ្យជាតិអ្នកដទៃ​ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ  តាំងខ្លួនជាអធិរាជរបស់ពិភពលោក ។ សម្រាប់កម្ពុជាបានប្រកាន់យកជំហរមួយច្បាស់លាស់គឺ យើងមិនបង្កអរិភាពជាមួយបណ្តាប្រទេសណាទាំងអស់ លើកលែងតែភេរវករ ដែលតែងតែប្រព្រឹត្តអំពើឧក្រិដ្ឋប្រឆាំងមនុស្សជាតិលើសកលលោកតែប៉ុណ្ណោះ ។

 ក្នុងទំនាក់ទំនងរវាងកម្ពុជា-អាមេរិកនេះ យើងគប្បីរំលឹកអំពីព្រឹត្តិការណ៍ថ្មីៗនេះ គឺក្នុងអំឡុងពេលដែលអ្នកស្រី Wendy Ruth Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក មកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១ អ្នកស្រីបាននាំយកសារលិខិតមួយច្បាប់របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដោយបង្ហាញអំពីបំណងប្រាថ្នារបស់លោកប្រធានាធិបតីក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងវាងប្រទេសទាំងពីរ កម្ពុជា-អាមេរិក  ។  ក្នុងពេលនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់អំពីស្ថានភាពនៅមូលដ្ឋានកងទ័ពជើងទឹករាម ​និងបានរំលឹកផងដែរពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាការពារឯករាជ្យ អព្យាក្រឹត និងអធិបតេយ្យភាពរបស់ខ្លួន ទាំងនយោបាយផ្ទៃក្នុងប្រទេស​ និងកិច្ចការបរទេស ។ សម្តេចតេជោ ក៏បានអះអាងអំពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា​ ចំពោះកម្មវិធីមាតុភូមិនិវត្តន៍ពលរដ្ឋលើការបញ្ជូនជនជាតិកម្ពុជា​ពីអាមេរិកមកកម្ពុជាវិញ ដោយផ្អែកលើគោលការណ៍គោរពសិទ្ធិមនុស្ស​ លើទិដ្ឋភាពមនុស្សធម៌ និងមេត្តាករុណាធម៌ ។ លោកស្រី Wendy Ruth Sherman ក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងនៃប្រទេសទាំពីរ ដែលរួមមាន ពាណិជ្ជកម្ម ការវិនិយោគ កម្មវិធីរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅប្រទេសកម្ពុជា​ ការប្រយុទ្ធប្រឆាំងអំពើភេវកម្ម និងកិច្ចការមនុស្សធម៌ ជាពិសេស ការអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលចត នៅកំពង់ផែកម្ពុជា ។ កាលពីដើមខែវិច្ឆិកានេះ  ក្រសួងការបរទេសអាមេរិក បានប្រកាសថា តំណាងពាណិជ្ជកម្មអាមេរិកនឹងពិចារណាក្នុងការផ្តល់ប្រព័ន្ធអនុគ្រោះទូទៅ GSP (Generalized System of Preferences) ឲ្យកម្ពុជា ដោយលើកឡើងនូវលក្ខណ្ឌមួយចំនួន ។ នៅពេលដែលកម្ពុជា ទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ​២០២២ ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការធ្វើការរួមគ្នា ជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ។ បើមើលពី សកម្មភាពខាងក្រៅ វាហាក់ដូចជាអាមេរិកមានភាពស្មោះត្រង់ណាស់ ក្នុងការអនុវត្តគោលនយោបាយការបរទេស និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា  ប៉ុន្តែធាតុពិតមិនអញ្ចឹងទេ ។ ក្រសួងការបរទេសកម្ពុជា បានវាយតម្លៃទៅលើជំហរអាមេរិកចំពោះការដាក់ទណ្ឌកម្មដោយឯកតោភាគីប្រឆាំងនឹងបុគ្គលសាធារណៈនៃរដ្ឋអធិបតេយ្យមួយ  មិនត្រឹមតែបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ  ​ប៉ុន្តែបានបង្ហាញពីការមាក់ងាយទាំងស្រុងដល់​ឯករាជ្យភាព និងជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត ។ ការដាក់ទណ្ឌកម្មនេះ គឺជាការបោះជំហានខុសទិសដៅមួយទៀតដែលងាកចេញទាំងស្រុងពីស្មារតីមិត្តភាព និងកិច្ចខិតខំប្រឹងប្រែងជាថ្មី ក្នុងការជំរុញភាពជាដៃគូប្រកបដោយផ្លែផ្កា រវាងប្រទេសយើងទាំងពីរ កម្ពុជា-អាមេរិក ។

តើវាមិនមែនជាការចៃដន្យទេឬ ដែលសហរដ្ឋអាមេរិកបានដាក់ចេញទណ្ឌកម្មបែបនេះមកលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា ក្នុងពេលដែលប្រទេសកម្ពុជា កំពុងត្រៀមរៀបចំកិច្ចប្រជាជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១  និងក្នុងពេលដែលប្រទេសកម្ពុជា ទទួលធ្វើជាប្រធានអាស៊ាន នៅឆ្នាំ​២០២២នេះ​ ? អ្នកវិភាគសភាពការណ៍ជាច្រើន ដែលបានផ្តោតការចាប់អារម្មណ៍ និងតាមដានអំពីការវិវត្តនៃទំនាក់ទំនងកម្ពុជា-អាមេរិក បានដាក់ចេញនូវការសន្និដ្ឋានពីរ គឺទី១- អាមេរិកមានចេតនាធ្វើឲ្យកម្ពុជាទទួលរងនូវការអាប់មុខមាត់ក្នុងពេលដែលខ្លួនកំពុងធ្វើជា​ម្ចាស់ផ្ទះ ត្រៀមទទួលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាប្រវត្តិសាស្ត្រនេះ​, ជាការបើកដៃឲ្យពួកប្រឆាំងឆ្លៀតយកបញ្ហានេះ​ទៅសំដែងជាល្ខោននយោបាយ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា  និងបំផ្លាញមុខមាត់ជាអន្តរជាតិរបស់កម្ពុជា ដែលកំពុងតែអណ្តែតឡើងនេះ និងទី២- អាមេរិកមានចេតនាពិតប្រាកដ ក្នុងការដាក់ការគំរាមកំហែង និងសង្កត់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងជាប្រធានអាស៊ានឆ្នាំ២០២២ ឲ្យធ្វើការសម្រេចចិត្តលើបញ្ហាអ្វីមួយត្រូវតែអនុលោមទៅតាមរបៀបវារៈនយោបាយរបស់អាមេរិកដាច់ខាត ។

ប៉ុន្តែនេះជាការយល់ខុស ។ ប្រវត្តិសាស្ត្រដ៏ជូរចត់ ជាស្លាកស្នាមដែលអាមេរិកបន្សល់ទុកសម្រាប់កម្ពុជា មិនទាន់រលត់ទៅណាទេ ។ កម្ពុជាធ្លាប់បាត់បង់ឯករាជ្យ​ អធិបតេយ្យជាតិ និងបូរណភាពទឹកដី បន្ទាប់ពីធ្លាក់ចូលក្នុងព្យុះភ្លើងសង្គ្រាមក្រោយរដ្ឋប្រហារ ខែមិនា ឆ្នាំ​១៩៧០ ដែលជាស្នាដៃនរណានោះ  អាមេរិកប្រាកដជាដឹងច្បាស់មុនគេ និងដឹងច្បាស់ជាងនរណាទាំងអស់​។ ឯកម្ពុជាខ្លួនឯងក៏ដូចគ្នា យើងយល់ច្បាស់ណាស់អំពីតម្លៃនៃឯករាជ្យ និងអធិបតេយ្យជាតិ ដែលប្រទេសមួយនេះធ្លាប់បាត់បង់ ​។ បើគ្រាន់តែកិច្ចខិតខំការពារ​ឯករាជ្យ និងអធិបតេយ្យជាតិរបស់ប្រទេសខ្លួនឯងសោះ ក៏ចាំបាច់ត្រូវតែមានបរទេសមកដឹកច្រមុះ មកឈឺឆ្អាលជំនួស គឺមិនចាំបាច់មានតម្លៃអ្វីនៅនិយាយអំពីរដ្ឋឯករាជ្យ និងអធិបតេយ្យមួយនោះទេ ។ អ្វីដែលសំខាន់គឺសូមឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃបណ្តាប្រទេស​ដទៃ ដែលរួមមានទាំងកម្ពុជាផងដែរ  ។

កម្ពុជាពេលនេះ មិនមែនជាកម្ពុជាអតីតកាលទេ​ ។ កម្ពុជាពេលនេះ​ ស្ថិតក្រោមការដឹកនាំរបស់សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានប្រកាន់ខ្ជាប់ជំហរពង្រឹងគោលការណ៍ឯករាជ្យជាតិរឹងមាំ ដែលពេលនេះបានធ្វើឲ្យកម្ពុជា ប្រៀបដូចជាព្រះអាទិត្យមួយដួង ។ ដូច្នេះសូមអ្នកកុំមានការស្រមើស្រមៃឲ្យសោះ ។ ស្រមោលបីសាច មិនអាចធ្វើឲ្យស្រអាប់ពន្លឺដ៏ចាំងចែងនៃព្រះអាទិត្យមួយដួងនេះបានទេ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner