សមាគមពុទ្ធសាសនិកកម្ពុជា-ចិនដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តមង្គលមានលក្ខណ៍ស្ថិតនៅក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ

តាកែវ៖ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ សមាគមពុទ្ធសាសនិកកម្ពុជា-ចិនបានដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តមង្គលមានលក្ខណ៍ស្ថិតនៅក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ ថ្លែងទៅកាន់ពុទ្ធសាសនិកដែលបានចូលរួមដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ជាពិសេសគោរពយ៉ាងម៉ឹងម៉ាត់ទៅនឹងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី «៣កុំ និង ៣ការពារ» ព្រះតេជគុណ Zhao Xin អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិនបានមានសង្ឃដីការថា កម្ពុជានិងចិនគឺជាអ្នកជិតខាងល្អ បងប្អូនល្អ ដៃគូល្អ និងជាមិត្តភក្តិល្អ លើសពីនេះចំណងមិត្តភាពនៃប្រជាជាតិរបស់ប្រទេសយើងទាំងពីរបានឈានដល់ចំណុចកំពូលនៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះតេជគុណបន្ថែមទៀតថា នៅក្នុងវិស័យព្រះពុទ្ធសាសនា កម្ពុជានិងចិនបានផ្សារភ្ជាប់ទំនាក់ទំនងជាប្រពៃណីតាំងពីសម័យហ្វូណន ដោយមានព្រះសង្ឃកម្ពុជាបាននិមន្តទៅជួយបកប្រែគម្ពីរព្រះត្រៃបិដកជូនដល់ព្រះសង្ឃចិនទៀតផង។

ព្រះតេជគុណក៏បានរំលេចដោយយោងតាមឯកសារស្រាវជ្រាវរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ៥០៦ដល់ឆ្នាំ៥១៨  សៀវភៅធម៌ដែលព្រះសង្ឃនាម សង្ឃបាល បានបកប្រែដោយផ្ទាល់ក្នុងកំឡុងពេលសំណាក់នៅប្រទេសចិនមាន «ធម៌គាថាមហាមយូរីវិទ្យារាជនី» «ធម៌ស្តេចអសោក» «វិមោក្ខមគ្គ សាស្ត្រា» ជាដើម សរុប១១ច្បាប់ ៤៨សំណុំ។ ដោយឡែកក្នុងពេលស្នាក់នៅហ្វូណនព្រះសង្ឃឥណ្ឌាព្រះនាម គុណរតៈ និងមានងារថាព្រះគ្រូបរមាថ៌ត្រៃបិដក ដែលមានជាព្រះសង្ឃមានចំណេះវិជ្ជាជ្រៅជ្រះ បានមកផ្សព្វផ្សាយព្រះធម៌នៅហ្វូណន ហើយក៏ត្រូវបានក្សត្រនគរហ្វូណននិមន្តតាមទូកដោយនាំយកគម្ពីរធម៌ច្បាប់សំស្ក្រឹត២៤០ចំណង និងទៅចូលរួមបកប្រែព្រះធម៌នៅប្រទេសចិន។

ព្រះមង្គលបញ្ញា សៅរ៍ តារាវី ព្រះគ្រូធីរវង្សាចារ្យ ព្រះអនុគណស្រុកត្រាំកក់ និងជាព្រះចៅអធិការវត្តមង្គលមានលក្ខណ៍បានមានថេរដីការថា កម្មវិធីកឋិនទានសាមគ្គីនាថ្ងៃនេះគឺជាការរឹតចំណងសាមគ្គីភាពបន្ថែមទៀតរវាងពុទ្ធសាសនិកកម្ពុជា និងពុទ្ធសាសនិកបរទេសនៅទូទាំងពិភពលោក។ ព្រះតេជគុណក៏បានឆ្លៀតយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះព្រះតេជគុណ Zhao Xin ដែលបានផ្តួចផ្តើមអង្គកឋិនទាននេះ ហើយបានស្វះស្វែងប្រមូលនូវបច្ច័យពីបណ្តាពុទ្ធបរិស័ទនានាទាំងចិន ថៃ និងបរទេសដទៃទៀតសរុប៦០០ដុល្លារ និងបានប្រគេននូវស្បងចីវរចំនួន៥០សម្រាប់ជូនដល់ព្រះសង្ឃគង់នៅក្នុងវត្តមង្គលមានលក្ខណ៍ទៀតផង។

គួរបញ្ជាក់ផងដែរថា ចាប់ពីការបង្កើតសមាគមពុទ្ធសាសនិកកម្ពុជា-ចិនកាលពីឆ្នាំ២០១៩មក សមាគមបានចូលរួមចំណែកយ៉ាងសកម្មជាមួយវត្តមង្គលមានលក្ខណ៍ក្នុងការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនតាមរយៈការផ្តល់អង្ករ និងគ្រឿងឧបភោគបរិភោគនានា ហើយតែងបានបរិច្ចាគនូវធនធានថវិកា និងសម្ភារៈវេជ្ជសាស្រ្តជាច្រើនក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលCovid-19។ នៅក្នុងកម្មវិធីអង្គកឋិនទាននេះ ទាំងព្រះសង្ឃកម្ពុជា ទាំងព្រះសង្ឃចិនសុទ្ធតែងបានសូត្រធម៌ ទេសនា និងផ្ញើសារក្រើនរំលឹកពីវិធានការនានាសំដៅចូលរួមលុបបំបាត់ជំងឺCovid-19 និងធ្វើការបួងសួងសុំពរជ័យឱ្យប្រជាជនកម្ពុជាទាំងអស់បានរួចចាកផុតពីជំងឺដ៏កាចសាហាវនេះ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner