ការស្រាវជ្រាវរកឃើញថា ការរលាយទឹកកកនៅ Greenland កើនឡើង២១ភាគរយ ដែលបង្កើនហានិភ័យទឹកជំនន់ទូទាំងពិភពលោក

បរទេស៖ ការស្រាវជ្រាវមួយចុះផ្សាយលើទិនានុប្បវត្ដិ Nature Communications រកឃើញថា ការរលាយទឹកកកនៅកោះហ្រ្គោអង់ឡង់ បានកើនឡើង២១ភាគរយ ក្នុងរយៈពេល៤០ឆ្នាំ​ចុងក្រោយនេះ ខណៈការរលាយមានការប្រែប្រួលប្រមាណ៦០ភាគរយ ក្នុងចន្លោះពីរដូវ​ក្តៅមួយ ទៅរដូវក្តៅបន្ទាប់។

ការរលាយទឹកកកនេះបានធ្វើឱ្យកម្ពស់ទឹកសមុទ្រកើនឡើង ដែលជាកត្តាបង្កើនហានិភ័យនៃទឹកជំនន់ចំពោះប្រទេសឆ្នេរសមុទ្រទូទាំង​ពិភពលោក។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទឹកកកចំនួន ៣,៥ទ្រីលានតោនបានរលាយចេញពីផ្ទៃកោះរបស់ដាណឺម៉ាកមួយនេះ ហើយហូរចូលទៅក្នុងមហាសមុទ្រ។ ទឹកដែលបានរលាយពីទឹកកកទាំង​នោះ មានចំណុះច្រើនគ្រប់គ្រាន់អាចគ្របដណ្តប់អង់គ្លេសទាំងមូលឱ្យស្ថិតក្រោមជម្រៅទឹក​១៥​ម៉ែត្រ ឬអាចគ្របដណ្តប់ទីក្រុងញូវយ៉កទាំងមូលឱ្យស្ថិតក្រោមជម្រៅទឹក៤.៥០០ម៉ែត្រ។ ការស្រាវជ្រាវបានបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ទឹកកកដែលរលាយពីហ្រ្គោអង់ឡង់ បានបង្កើនកម្ពស់ទឹកសមុទ្រទូទាំងពិភពលោកមួយសង់ទីម៉ែត្រ។ ប៉ុន្តែមួយ​ភាគបីនៃកម្ពស់ទឹកដែលបានកើននេះ គឺបានកើតក្នុងរដូវក្តៅចំនួន២ប៉ុណ្ណោះ ពោលគឺឆ្នាំ ២០១២ និង២០១៩។ ឆ្នាំទាំងពីរនេះមានអាកាសធាតុក្តៅខ្លាំង ដែលបំបែក​កំណត់ត្រានៃការរលាយទឹកកកខ្លាំងជាងគេបង្អស់ក្នុងរយៈពេល ៤០ឆ្នាំកន្លងមក។

គួរជម្រាបថា ការលាយទឹកកកនៅ Greenland មិនត្រឹមតែបង្កើនកម្ពស់ទឹកសមុទ្រប៉ុណ្ណោះទេ វាក៏បានរំខានដល់ប្រព័ន្ធជីវ​ចម្រុះក្នុងមហាសមុទ្រអាក់ទិក ដែលជាប្រភព​អាហាររបស់ជនជាតិដើមរស់នៅទីនោះ។ បន្ថែមលើនេះ វាអាចផ្លាស់ប្ដូរចរន្តទឹកសមុទ្រ និង​បរិយាកាសដែលអាចបង្កផលប៉ះពាល់ដល់លក្ខខណ្ឌ​អាកាសធាតុភពផែនដីផងដែរ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner