ករណីជួញដូរអាវុធ : តុលាការសម្រេចឃុំខ្លួនឧត្តមសេនីយ៍យោធាពីររូប និងបក្ខពួកប្រាំនាក់
ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនឧត្តមសេនីយ៍យោធាចំនួនពីររូប និងបក្ខពួកចំនួនប្រាំនាក់ ដែលពាក់ព័ន្ធនឹងសំណុំរឿងកជួញដូរអាវុធខុសច្បាប់ដែលសមត្ថកិច្ចបង្ក្រាបនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបងជិតព្រំដែនប្រទេសថៃ។ ការសម្រេចឃុំខ្លួននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះដោយលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកប្លង់ សុផល បានបញ្ជាក់ថា ករណីនេះ តំណាងអយ្យការបាន បើកការស៊ើបសួរទៅចៅក្រមស៊ើបសួរពីបទជួញដូរ នាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះនិងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត
ពីអាជ្ញាធរមានសមត្ថកិច្ច តាមមាត្រា ៤៨៨ និងមាត្រា ២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
ឧត្តមសេនីយ៍យោធាពីររូប ក្នុងនោះមានផ្កាយមួយម្នាក់ និងផ្កាយពីរម្នាក់ និង បក្ខពួកចំនួនប្រាំនាក់ត្រូវបានកម្លាំងកងរាជ អាវុធហត្ថសហការជាមួយកម្លាំងនគរបាលលជាតិ ចាប់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាប់នឹងព្រំដែនជាមួយប្រទេសថៃ។ ការចាប់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីកន្លែងផ្សេងគ្នា។ បន្ទាប់ពីសាកសួរររួច សមត្ថកិច្ចបានបញ្ជូនខ្លួនឧត្តមសេនីយ៍យោធាចំនួនពីររូប និងបក្ខពួកចំនួនប្រាំនាក់ ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ដើម្បីឲ្យព្រះរាជអាជ្ញា និងចៅក្រមធ្វើការសាកសួរពីបទជួញដូរ នាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ក្រុមជួញដូរអាវុធដែលចាប់ខ្លួន មានដូចជា ១.លៀង ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ មន្ត្រីការិយាល័យពលករខ្មែរក្រៅប្រទេស នាយកដ្ឋានវិនិយោគឯកជននៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ។២.ឧត្ដមសេនីយ៍ត្រី អូន ពិសិដ្ឋ ភេទប្រុស អាយុ៥២ឆ្នាំយោធានៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ។ ៣.ព្រិន្ទបាលឯក វី វិនហាយ ភេទប្រុស អាយុ៣៦ឆ្នាំ យោធានៅសឹករងស្រុកភ្នំព្រឹកខេត្តបាត់ដំបង
៤.ប៉ុល នី ភេទប្រុស អាយុ៥១ឆ្នាំ អតីតយោធានៅតំបន់ប្រតិបត្តិការសឹងរកបាត់ដំបងក៥កងទ័ពជើងគោក។៥.ឧត្តមសេនីយ៍ ទោ គង់ ណោរ៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ នាយករងឃ្លាំងសម្ភារបច្ចេកទស(K4) អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ។៦.វរសេនីយ៍ឯក យូ សំណាង ភេទប្រុស អាយុ៣៩ឆ្នាំមន្ត្រីបំរើការងារនៅអគ្គនាយកដ្ឋាន សម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងទី៧.វរ:សេនីយទោ ព្រហ្ម សុភ័ក្រ ភេទប្រុស អាយុ៤២ឆ្នាំមន្ត្រីបំរើការងារនៅ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ ។
ចំណែកវត្ថុតាងចាប់យករួមមាន អាវុធចំនួន៥៣ដើម (AK47 ៥០ដើម M79 ចំនួន៣ដើម) និងបង់AK47 ចំនួន៤៧បង់ ។
មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ថាសមត្ថកិច្ចកំពុងតែចាប់ខ្លួនអ្នកដែលពាក់ព័ន្ធមួយចំនួនទៀតដើម្បីយកមកផ្តន្តាទោសតាមច្បាប់។
ចំណែកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសបានមានប្រសាសន៍ពាក់ព័ន្ធនឹងការឃាត់ខ្លួននាយទាហានជាន់ខ្ពស់ថាដោយសារពាក់ព័ន្ធទៅនឹងអាវុធដែលបានរកឃើញនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាប់នឹងព្រំដែនជាមួយប្រទេសថៃ។កិច្ចការងារនេះគឺជាកិច្ចការសហការរវាងកងរាជអាវុធហត្ថជាមួយនឹងនគរបាលជាតិដោយសារខាងនគរបាលជាតិបានស្រាវជ្រាវរកឃើញអ្នកដែលសង្ស័យជួញដូរអាវុធហើយឃាត់ខ្លួន។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀតថា ចំពោះបក្ខពួកមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងក្រុមជួញដូរអាវុធនេះ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថកំពុងបន្តដើម្បីធ្វើការបង្ក្រាបករណីជួញដូរអាវុធនេះ៕ ដោយៈ ពលជ័យ