បិទបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត៖មានប្រជាពលរដ្ឋជាង៤៤ម៉ឺននាក់ ទៅចុះឈ្មោះបោះឆ្នោតថ្មី

ភ្នំពេញៈ រយៈពេល៥០ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវបានបិទបញ្ចប់ហើយនៅថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយបានប្រព្រឹត្តទៅដោយរលូនមិនមានបញ្ហាអ្វីកើតឡើងនោះទេ។ ក្នុងរយៈពេល៥០ថ្ងៃ គឺមានប្រជាពលរដ្ឋជាង៤៤ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី និងលុបឈ្មោះចេញពីបញ្ជីមានចំនួនជាង២២ម៉ឺននាក់។

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ប្រាប់ AMS នៅយប់ថ្ងៃទី៣០ខែវិច្ឆិកានេះថា រយៈពេល៥០ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ គឺមានប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មីមានចំនួន ៤៤៩.៦៩០នាក់ , ប្រជាពលរដ្ឋដែលបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ២២២.៤៣៥នាក់, អ្នកដែលបានកែតម្រូវឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតសរុបមានចំនួន ១៨៧.៣២៣នាក់, ប្រជាពលរដ្ឋដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៤៧.៩០៦នាក់។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ពិនិត្យជាទូទៅប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតសរុបគិតត្រឹមម៉ោង៦:៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គឺមានចំនួន ៩២៧០១៣២នាក់ គិតជាភាគរយធៀបទៅនិងប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត ដែលមានចំនួនជាង ១០លាននាក់ គិតជាភាគរយ ៨៧.៩៦ភាគរយ។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ទៀតថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ គឺមានប្រជាពលរដ្ឋដែលបានចុះឈ្មោះឆ្នោយ គឺបានប្រព្រឹត្តទៅដោយរលូនពុំមានបញ្ហាអ្វីទេ។ បញ្ហាប្រឈមដែលកើតឡើងនៅក្នុងអំឡុងពេល៥០ថ្ងៃ គឺសម្ភារបរិក្ខារមួយចំនួនខូចគាំង ឬដំណើរការរអាក់រអួលដោយសារអាយុកាលនៃការប្រើប្រាស់វាចាស់ ដែលធ្វើឲ្យមានភាពរអាក់រអួល។ ក្នុងករណីនេះ គ.ជ.ប បានត្រៀមសម្ភារបរិក្ខារដើម្បីប្រើប្រាស់ជំនួសក្នុងករណីក្រុមចុះឈ្មោះណាដែលមានបញ្ហា។

គួរបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តាមប្រតិទិនការងារ ការបិទការិយាល័យចុះឈ្មោះបោះឆ្នោតដើម្បីក្រុមប្រឹក្សាឃុំសង្កាត់ ប្រជុំវាយតម្លៃការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២១៕ ដោយៈ ពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner