អតីតកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានជាង ១០០នាក់ស្លាប់ ឬបំបាត់ខ្លួន ដោយតាលីបង់
អតីតសមាជិកកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានច្រើនជាង ១០០ នាក់នៅខេត្តចំនួន ៤ គឺត្រូវបានសម្លាប់ ឬបំបាត់ខ្លួនដោយក្រុមតាលីបង់ ក្នុងរយៈពេលពីរខែកន្លះដំបូងនៃការគ្រប់គ្រងរបស់ក្រុមឧទ្ទាមនេះ នេះបើតាមការលើកឡើងក្នុងរបាយការណ៍ថ្មីមួយរបស់អង្គការឃ្លាំមើលសិទ្ធមនុស្ស Human Right Watch។
ករណីសម្លាប់ទាំងនេះ គឺជាផ្នែកមួយនៃការធ្វើឃាត ឬការប្រហារជីវិតដោយគ្មានការកាត់ក្ដី ដែលភាគច្រើនជាការសម្លាប់សងសឹកកំពុងកើតឡើងនៅទូទាំងប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីដួលរលំរបស់រដ្ឋាភិបាលលោកអាស្រ៉ាហ្វ ហ្គានី កាលពីខែសីហា។
ក្រៅពីកងកម្លាំងសន្តិសុខនៃរបបមុន សកម្មជន និងអ្នករិះគន់ប្រឆាំងតាលីបង់ក៏ប្រឈមមុខនឹងការវាយប្រហារផងដែរ បើទោះបីជាក្រុមតាលីបង់បានធ្វើការសន្យាផ្ដល់ការលើកលែងទោសទៅឱ្យមន្ត្រី និងទាហានរបស់រដ្ឋាភិបាលមុនក៏ដោយ។
ក្នុងរបាយការណ៍ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៣០ វិច្ឆិកា Human Right Watch បានលើកឡើងអំពីការសម្លាប់ ឬការបំបាត់ខ្លួនរបស់ទាហាន ៤៧ នាក់ដែលបានចុះចាញ់ ឬត្រូវបានឃុំខ្លួនដោយតាលីបង់រវាងថ្ងៃទី ១៥ ខែសីហា និងថ្ងៃទី ៣១ ខែតុលា នៅខេត្តហ្គាសនី ហេលមែន កាណ្ដាហារ ឃុនដូស។ ការស្រាវជ្រាវរបស់ពួកគេក៏បានរកឃើញថាតាលីបង់គឺនៅពីក្រោយសម្លាប់ទាហាន ៥៣ នាក់ផ្សេងទៀនៅខេត្តទាំងបួនដដែល។
«ការសន្យាលើកលែងទោសរបស់មេដឹកនាំតាលីបង់ មិនបានបញ្ឈប់មេបញ្ជាការមូលដ្ឋានរបស់ពួកគេធ្វើការប្រហារជីវិតដោយមិនកាត់ក្ដី ឬបំបាត់ខ្លួនអតីតសមាជិកកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននោះទេ» នាយក Human Right Watchប្រចាំអាស៊ីលោកស្រីប៉ាទ្រីសៀ ហ្គោស្មានបាននិយាយបែបនេះហើយបន្តទៀតថា៖ «បន្ទុកគឺស្ថិតនៅលើក្រុមតាលីបង់ ដើម្បីបញ្ឈប់ការសម្លាប់បន្ថែមទៀត ចាប់ខ្លួនអ្នកទទួលខុសត្រូវ ហើយផ្ដល់សំណងដល់គ្រួសារជនរងគ្រោះ»។
តាលីបង់មានប្រវត្តិយូរយារណាស់មកហើយក្នុងការធ្វើឃាតកងកម្លាំងសន្តិសុខ និងមន្ត្រីនៃអតីតរដ្ឋាភិបាល ព្រមទាំងសកម្មជន អ្នកកាសែត មេដឹកនាំ និងចាស់ព្រឹទ្ធាចារ្យនៃកុលសម្ព័ន្ធជនជាតិភាគតិច។ ជាពិសេសក្នុងរយៈពេល ១៨ ខែឈានទៅដល់ការឡើងកាន់អំណាច ក្រុមតាលីបង់បានធ្វើយុទ្ធនាការធ្វើឃាតទៅលើអ្នកកាសែត បុគ្គលិករដ្ឋាភិបាល និងយោធា និងមេដឹកនាំសង្គមស៊ីវិល ប៉ុន្តែពួកគេកម្រប្រកាសទទួលខុសត្រូវចំពោះការសម្លាប់ទាំងនេះ។
ប៉ុន្តែការធ្វើឃាត និងប្រហារជីវិតនៅពេលថ្មីៗនេះ គឺគួរឱ្យព្រួយបារម្ភ ព្រោះវាបានកើតឡើងនៅពេលដែលការធានាពីមេដឹកនាំតាលីបង់ជាន់ខ្ពស់ថា រដ្ឋាភិបាលថ្មីនឹងមិនស្វែងរកការសងសឹកប្រឆាំងនឹងសមាជិកនៃអតីតរដ្ឋាភិបាល និងយោធា។
គំនុំសងសឹក និងគំនុំឈាមលោហិតបានផ្លាកសញ្ញានៃជម្លោះជាងបួនសតវត្សចុងក្រោយនេះនៅប្រទេសអាហ្វហ្គានីស្ថាន ដែលជារឿយៗបានកើតឡើងនៅត្រឹមថ្នាក់មូលដ្ឋាន និងថ្នាក់គ្រួសារ។
អ្នកនាំពាក្យតាលីបង់មួយរូបឈ្មោះអ៊ីណាមូឡា សាម៉ាន់ហ្គានីបាននិយាយថាសមាជិកមួយចំនួនអាចធ្វើការសងសឹកដោយខ្លួនឯង ប៉ុន្តែការសម្លាប់ និងការបំបាត់ខ្លួនគឺមិនមានជាគោលនយោបាយរបស់តាលីបង់ទេ ហើយរដ្ឋាភិបាលគឺកំពុងធ្វើការស៊ើបអង្កេតដើម្បីស្វែងរកជនល្មើស និងផ្ដន្ទាទោស។
ការសម្លាប់ទាំងនេះបានបង្កឱ្យមានការព្រួយបារម្ភថាមេដឹកនាំកំពូលតាលីបង់មានការគ្រប់គ្រងតិចតួចទៅលើមេបញ្ជាការថ្នាក់ទាប និងទាហានថ្មើរជើង ដែលភាគច្រើនត្រូវបានគេជឿថានៅពីក្រោយការបំបាត់ខ្លួន និងការប្រហារជីវិតទាំងនេះ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ជនរងគ្រោះជាច្រើននាក់ត្រូវបានចាប់ខ្លួន នៅពេលដែលកងកម្លាំងពិសេសរបស់តាលីបង់ ដែលគេស្គាល់ថាអង្គភាពក្រហម បានចូលឆែកឆេរផ្ទះរបស់ពួកគេនៅពាក់កណ្ដាលយប់ ក្រោមលេសធ្វើការរឹបអូសអាវុធ។ អង្គភាពទាំងនេះបានដឹកនាំប្រតិបត្តិការជោគជ័យបំផុតរបស់តាលីបង់ប្រឆាំងនឹងកងកម្លាំងអន្តរជាតិ និងអតីតកងកម្លាំងរដ្ឋាភិបាលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
កាលពីខែកញ្ញា អត្រានៃការសម្លាប់បែបបានកើនឡើងដល់កម្រិតដ៏ខ្ពស់មួយ ដែលជំរុញឱ្យរដ្ឋមន្ត្រីការពារជាតិស្ដីទីរបស់តាលីបង់លោកម៉ាឡាវី មហាម៉ាត់ យ៉ាកុប ធ្វើការស្ដីបន្ទោសបណ្ដាមេបញ្ជាការក្រោមឱវាទរបស់លោក៕
ប្រភព៖ New York Times