រយៈពេល ១១ខែ ឆ្នាំ២០២១ កម្ពុជារកបានជាង៤ពាន់លានដុល្លារពីការនាំចេញកសិផលទៅបរទេស
ភ្នំពេញ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ កម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រកបានថវិកាប្រមាណ ៤ពាន់៤៣៥លាន៧៦ម៉ឺន៨ពាន់៩០៥ដុល្លារ ពីការនាំចេញកសិផលទៅកាន់ទីផ្សារ ៦៨ប្រទេស តែមិនបានរាប់បញ្ចូលផលិតផលជលផល ព្រៃឈើ សត្វ និងឈើកៅស៊ូនោះទេ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ការនាំចេញទាំងនោះមានដូចជា អង្ករមានចំនួន ៤៥៤លាន៤៨ម៉ឺន៨៦៦ដុល្លារ ស្រូវមានចំនួន ៥៤៦លាន៥៦ម៉ឺន៧ពាន់៣៥០ដុល្លារ កសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ពាន់៩៩០លាន៩២ម៉ឺន៧ពាន់១៣៥ដុល្លារ កៅស៊ូធម្មជាតិមានចំនួន ៤៤៣លាន៧៩ម៉ឺន៣ពាន់៥៥៤ដុល្លារ (ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១)។ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៧លាន១៣ម៉ឺន១ពាន់៩១៥,០៤ តោន ទៅកាន់ទិសដៅ ៦៨ប្រទេស គឺមានការកើនឡើងចំនួន ៣លាន៤៤ម៉ឺន៤ពាន់២៨៨,១៨តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣លាន៦៨ម៉ឺន៧ពាន់៦២៦,៨៦តោន។ ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា កសិផលសំខាន់ៗដែលបាននាំចេញមានដូចជា បរិមាណអង្ករនាំចេញមានចំនួន ៥៣ម៉ឺន២ពាន់១៧៩តោន មានការថយចុះចំនួន ៦ម៉ឺន៨ពាន់៨៦៦តោន (-១១,៤៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល១១ខែ ឆ្នាំ២០២០ ដែលមានចំនួន ៦ម៉ឺន១ពាន់៤៥តោន។ ក្នុងនោះបរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២២ប្រទេស មានបរិមាណសរុបចំនួន ១៣ម៉ឺន៤ពាន់៤៣៨តោន (ថយចុះចំនួន ៥ម៉ឺន៣ពាន់៩៩៨តោន ស្មើនឹង -២៨,៦៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២៦ម៉ឺន៥ពាន់២៤៤តោន (កើនឡើងចំនួន ៣ម៉ឺន៣០៤តោន ស្មើនឹង ១២,៩០%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៥ម៉ឺន៤ពាន់៣៥០តោន (ថយចុះចំនួន ២ម៉ឺន៣ពាន់៨៥៨តោន ស្មើនឹង -៣០,៥១%) និងទិសដៅដទៃទៀតចំនួន ២៤ប្រទេស មានបរិមាណសរុប ៧ម៉ឺន៨ពាន់១៤៧តោន (ថយចុះចំនួន ២ម៉ឺន១ពាន់៣១៤តោន ស្មើនឹង -២១,៤៣%)។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៩ម៉ឺន៣ពាន់១៣១តោន (៧៣,៨៨%) និងក្រុមហ៊ុន ៥១ដទៃទៀតបាននាំចេញត្រឹមតែ ១៣ម៉ឺន៩ពាន់៤៨តោន (២៦,១២%)។ ជាមួយគ្នានេះ ការនាំចេញស្រូវមានចំនួន ៣លាន១២ម៉ឺន៣ពាន់២៤២តោន ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១បានទៅកាន់វៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១លាន៩៨ម៉ឺន៦ពាន់៨៥,០២តោន) ដែលមានការកើនឡើងចំនួន ១លាន៣៤ម៉ឺន៦ពាន់១៣៥តោន (៧៥,៧៥%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ លាន៧៧ម៉ឺន៧ពាន់១០៧តោន។ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៤លាន៦១ម៉ឺន៣ពាន់៦៥១,០២តោន កើនឡើងចំនួន ១លាន៥២ម៉ឺន៧ពាន់៦៩,១៦តោន ស្មើនឹង ៤៩,៤៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ៣លាន៨ម៉ឺន៦ពាន់៥៨១,៨៦តោន៕