ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកបដិសេធរាល់បំណងដែលចង់ផ្លាស់ប្តូរ ឬកែលម្អដំណើរការការងារ។ កុំចាត់វិធានការសំខាន់ណាមួយឡើយ ពីព្រោះឳកាសនៃការខាតបង់ និងជួបបញ្ហាមានច្រើន។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកឲ្យផ្តោតលើការងារ ជាជាងចំណាយពេលវេលាលើការនិយាយស្តី ចែចង់ដែលមិនសមរម្យ។ អ្នកអាចស្ថិតនៅចំកណ្តាលនៃការនិយាយដើម និងល្បិចកល ដូច្នេះសូមប្រុងប្រយ័ត្នរាល់សកម្មភាព។ បើទោះបីជាផលចំណេញ និងភាពងាយស្រួលក្នុងការងារហាក់មានកំរិត ប៉ុន្តែលោកអ្នកអាចដោះស្រាយបញ្ហាដែលអូសបន្លាយជាយូរមកហើយ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមចំណាយពេលវេលាធ្វើការងារជាមួយឯកសារ ឬផ្តោតលើការសរសេររបាយការណ៍។ អ្នកគួរព្យាយាមកំណត់ទាក់ទងជាមួយមិត្តរួមការងារ និងអតិថិជនឲ្យបានតិចបំផុតក្នុងពេលនេះ ពីព្រោះសញ្ញាណនៃជម្លោះមានកំរិតខ្ពស់។ ហោរាសាស្ត្រអាជីពណែនាំឲ្យចាកចេញពីការិយាល័យឲ្យបានឆាប់ ដោយសារលោកអ្នកបានធ្វើការលំបាកច្រើនមកហើយមួយរយៈពេលនេះ។ ក្រៅពីនេះ លោកអ្នកអាចនឹងមានអារម្មណ៍អន្ទះអន្ទែងច្រើន ដូច្នេះយកល្អសូមគ្រប់គ្រងការគិតរបស់ខ្លួន។ ទន្ទឹមនឹងនេះ សូមរក្សាគំលាតពីមនុស្សនៅក្នុងរង្វង់ការងារទើបជាការល្អ។​

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ហោរាសាស្ត្រអាជីពផ្តល់អនុសាសន៍​ឲ្យលោកអ្នកបំពេញការងារបន្ថែម។​ ក្នុងនោះសូមមានទំនួលខុសត្រូវ បើទោះបីជាការងារតូចតាចក្តី។ ប្រសិនបើអ្នកអាចធ្វើបាននោះអ្នកនឹងអាចបញ្ចៀសផលលំបាកបានច្រើន។ លើសពីនេះ ប្រសិនជាអាចធ្វើបានគួររក្សាការងារដែលកំពុងអនុវត្តន៍ឲ្យនៅដដែលសិន ពីព្រោះការផ្លាស់ប្តូរ ឬការងារថ្មីដែលមាននៅពេលនេះមិនមានស្ថេរភាពទាំងស្រុងនោះទេ។ ដោយឡែក ចំពោះការងារដែលនៅសេសសល់ទាំងអស់ គួរតែរកពេលវេលាដើម្បីបង្ហើយក្នុងពេលនេះ ទើបនឹងបណ្តាលឲ្យពាក់ព័ន្ធនឹងលទ្ធផលការងារដែលបានគ្រោងទុក។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់លោកអ្នកមានដំណើរល្អប្រសើរខ្លាំងណាស់។ លោកអ្នកមានអំណោយផលក្នុងការនិយាយចរចាលើការងារតូចធំ។ មិនត្រឹមតែប៉ុណ្ណោះមនុស្សដែលនៅក្បែរលោកអ្នកនឹងស្រលាញ់គាំទ្រការសម្រេចចិត្តរបស់អ្នកណាស់។ អាស្រ័យហេតុនេះ លោកអ្នកគួរប្រើប្រាស់ពេលវេលាក្នុងថ្ងៃនេះធ្វើកិច្ចការសំខាន់។ ផ្ទុយទៅវិញ លោកអ្នកក៏ត្រូវយកចិត្តទុកដាក់នឹងមនុស្សដែលនៅជុំវិញខ្លួនផងដែរ។ ក្នុងនោះដែរ ប្រហែលជាលោកអ្នកគួរយកចិត្តទុកដាក់សហសេវិករបស់អ្នក។ អ្នកអាចស្តាប់យោបល់មនុស្សនៅក្បែរខ្លួនបាន ប៉ុន្តែសូមចងចាំថាវិចារណញាណរបស់ខ្លួនសំខាន់។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទំនងជាត្រូវបានតម្លើងឋានៈ ឬនឹងទទួលបានលាភសំណាងច្រើនទាក់ទងនឹងកិច្ចការងារដែលកំពុងអនុវត្តបច្ចុប្បន្ន។ ក្នុងនោះក៏មានសារសំខាន់ខ្លាំងណាស់ដែរ ដែលលោកអ្នកគួរយកចិត្តទុកដាក់គ្រប់គ្រងពត៌មានសំខាន់ៗ។ ចំណែករាល់ទង្វើទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ការងាររបស់អ្នកដទៃគឺហាមប្រាមជាដាច់ខាត ពីព្រោះទំនុកចិត្តជាចំណុចសំខាន់របស់ការងារ។ ក្រៅពីនេះ សូមលោកអ្នកអត់ធ្មត់ និងចំណាយពេលវិនិច្ឆ័យលើករណីនានាមុននឹងជឿជាក់ ពិសេសមនុស្សដែលទើបនឹងស្គាល់។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានឳកាសល្អៗច្រើន ពិសេសប្រសិនបើអ្នកចាកចេញពីស្ថានភាពចាស់ នោះកាន់តែល្អប្រសើរ។ លើសពីនេះ លោកអញនកទទួលបានគំនិតទូលំទូលាយលើការងារ ដូច្នេះបញ្ហាមួយចំនួនដែលកើតឡើងនឹងអាចដោះស្រាយបានយ៉ាងងាយនៅចុងបញ្ចប់នៃការងារ។ សូមលោកអ្នកកុំភ័យខ្លាចក្នុងការសុបិន្ត ពីព្រោះលោកអ្នកមានលទ្ធភាពបំពេញការងារអោយសម្រេចតាមបំណងប្រាថ្នា។ ប្រការសំខាន់ដែលគួរជៀសវាង គឺសូមពិនិត្យរាល់ការផ្តល់ជូន ក្រែងចាញ់ឧកាយកលគេ។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសាស្ត្រអាជីពបង្ហាញឲ្យឃើញនូវការផ្លាស់ប្តូរក្នុងអាជីពការងារគួរឲ្យកត់សម្គាល់។ ភាគច្រើន លោកអ្នកទំនងជាត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយទាក់ទងនឹងវិជ្ជាជីវៈ ហេតុដូច្នេះសូមព្យាយាមវាយតម្លៃការរំពឹងទុករបស់អ្នក។ ចំពោះទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម​ អតិថិជន ក៏ដូចជាថ្នាក់លើ​គឺអាចធ្វើទៅបានយ៉ាងពេញលេញ។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្នចំពោះដំណើរផ្លូវឆ្ងាយ ពិសេសតាមផ្លូវទឹក។ សូមចងចាំថា ភាពសន្សឹមៗនឹងអាចបញ្ចៀសបញ្ហាបានច្រើន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកហាក់ទទួលឥទ្ធិពលពីផ្លូវអារម្មណ៍របស់អ្នកខ្លាំង។ លោកអ្នកត្រូវតែគ្រប់គ្រងការគិត ហើយកុំផ្សារភ្ជាប់ជំហានការងារជាមួយនឹងកំហុសពីអតីតកាល។ ទន្ទឹមនឹងនេះ សូមកុំចូលទៅពាក់ព័ទ្ធនឹងភាពមិនប្រាកដប្រជា បញ្ហាជម្លោះក្នុងរង្វង់ការងារ ពីព្រោះវានឹងបង្អាក់ផលលាភទាំងឡាយក្នុងពេលនេះ។ លើសពីនេះ ចំពោះការផ្លាស់ប្តូរកន្លែងការងារ និងការចំណាយលុយកាក់ គឺមិនសមស្របនោះទេនៅពេលនេះ។ ប៉ុន្តែបើទោះបីជាស្ថានភាពអវិជ្ជមានខ្លះអាចនឹងកើតឡើងក្តី លោកអ្នកអាចស្វែងយល់ និងរកវិធីកែប្រែបានល្អ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ពេលវេលាថ្ងៃនេះមិនសូវជាមានអំណោយផលសម្រាប់អាជីវកម្មនោះទេ។ លោកអ្នកអាចខាតបង់ផ្នែកហិរញ្ញវត្ថុ ដូច្នេះសូមកុំផ្តួចផ្តើមគំនិតលើការងារថ្មី ការបណ្តាក់ទុន ក៏ដូចជាប្រតិបត្តិការពាណិជ្ជកម្មឡើយ។ ពេលវេលានេះ សូមលោកអ្នកតស៊ូប្រឹងប្រែង ហើយកុំគិតច្រើនពីបញ្ហា ឬភាពបរាជ័យឡើយ។ សូមបន្តការងារដែលបានគ្រោងទុក ហើយចូរដោះស្រាយបញ្ហាដែលកើតឡើងតាមសម្រួល។ លើសពីនេះទៅទៀត សូមកុំបាក់ទឹកចិត្ត ប្រសិនបើការងារត្រូវជាប់គាំង ពីព្រោះអ្វីៗនឹហអាចដោះស្រាយ និងជួសជុលបានក្នុងពេលឆាប់ៗ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពការងាររបស់អ្នកមានដំណើរល្អគួរអោយកត់សម្គាល់ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការផ្លាស់ប្តូរណាមួយឡើយ។ លោកអ្នកក៏មិនត្រូវលះបង់គម្រោងការងារអនាគត ហើយមកចាប់យកការងារដែលអាចហុចផលក្នុងពេលបច្ចុប្បន្នដោយមិនបានគិតពិចារណាឲ្យបានត្រឹមត្រូវនោះទេ។ ជាការពិត លោកអ្នកអាចទទួលបានប្រាក់ចំណេញកាន់តែច្រើន ប្រសិនបើអ្នកជ្រើសរើសវិធីសាស្រ្ត ឬទស្សន វិស័យការងារវែងឆ្ងាយ។ ក្រៅពីនេះសូមចងចាំថា ការលេងសើចច្រើន ឬនិយាយស្តីលើប្រធានបទមិនចាំបាច់ អាចបង្ករជាបញ្ហាដោយងាយ។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្ត្រអាជីពណែនាំមិនឲ្យលោកអ្នកចាកចេញពីផ្លូវដែលបានគ្រោងទុក។ អ្នកអាចសម្រេចបានទិន្នផលខ្ពស់ ប្រសិនបើអញនកបង្ហាញការតស៊ូ និងការខិតខំប្រឹងប្រែង។ ចូរព្យាយាមធ្វើទំនាក់ទំនងជាមួយមិត្តក្នុងរង្វង់ការងារ ហើយគួរសិក្សាស្វែងយល់ពីទឹកចិត្តរបស់គេ។ ទំាងនេះមិនមែនមានន័យថាលោកអ្នកត្រូងសង្ស័យលើពួកគេនោះទេ។ ប្រការសំខាន់បំផុត សូមលោកអ្នកព្យាយាមធ្វើការជាមួយនឹងឯកសារឲ្យបានល្អ ពីព្រោះលទ្ធភាពដែលអ្នកមានការភ្លេចភ្លាំងទិន្នន័យកំពុងកើតឡើយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះ អ្នកគួរយកចិត្តទុកដាក់លើការងារដែលកំពុងទទួលខុសត្រូវជាពិសេស។ ព្យាយាមជ្រើសរើសការងារជាអទិភាព នឹងបំពេញការងារឲ្យបានពីព្រឹក ដោយហេតុថា អ្នកអាចបាត់បង់ពេលវេលាច្រើននៅពេលរសៀល។ ក្នុងនោះសូមរកពេលវេលាដោះស្រាយការងារដែលកំពុងប្រមូលផ្តុំទាំងឡាយ។ ប្រហែលជាអ្នកគួរតែខំប្រឹងប្រែងបន្ថែមទៀត ហើយមិនត្រូវពន្យាពេលដោះស្រាយបញ្ហានោះទេ។ ដោយឡែក​ចំពោះការងារដែលទាក់ទងនឹងលុយកាក់ ប្រហែលជាលោកអ្នកមិនចាំបាច់រំពឹងច្រើនពេកទេ ដោយសារផលចំណេញដែលអ្នកកំពុងរំពឹងមិនទាន់អាចសម្រេចនៅឡើយ។

ចំណាំៈ ឆ្នាំទាំង៣ ថោះ រោង មមី រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានការទទួលស្គាល់ក្នុងរង្វង់ការងារ។ ក្នុងនោះលាភសំណាង តំណែងការងារ និងប្រាក់កាក់ប្រាកដជាកើតឡើងចំពោះលោកអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner