ទីលានចាក់សំរាម ខេត្តព្រះសីហនុ បានក្លាយជាទីកន្លែងទីលានទី១ នៅកម្ពុជា ដែលស្របតាមបច្ចេកទេសត្រឹមត្រូវ

ខេត្តព្រះសីហនុ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា«ទីលានចាក់សំរាមនៅខេត្តព្រះសីហនុ គឺជាទីលានទី១ នៅកម្ពុជាដែលបានសាងសង់ឡើងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ»។ គួរបញ្ជាក់ថា ការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា បែបនេះធ្វើឡើងក្នុងអំឡុងពេលដឹកនាំក្រុមអ្នកសារព័ត៌មានធ្វើដំណើរទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រងសំណល់រឹងសំរាមនទីលានចាក់សំរាមរបស់ខេត្តព្រះសីហនុកាលពីថ្មីៗមកនេះ។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ទីលានចាក់សំរាមនៅខេត្តព្រះសីហនុ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងបានផ្ទេរមកស្ថិតក្រោមការគ្រប់គ្រងនិងប្រតិបត្តិការរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានបញ្ជាក់ថា តាមបទដ្ឋានបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានសាងសង់ទីលាននេះ គម្រោងសម្រាប់ចាក់សំរាមរយៈពេល ៥ឆ្នាំ ដោយកាយមាន ៤ រណ្តៅទំហំជាង ៥ ហិកតា ដែលអឆចកាយកប់សំរាម ៧ ស្រទាប់ និងមានកម្ពស់ ២១ ម៉ែត្រ ដែលតាមការគណនាអាចផ្ទុកសំរាម ជិត ១លានតោន។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានឱ្យដឹងដែរថា នៅក្នុងឆ្នាំ ២០២២ ខាងមុខ ទីលានចាក់សំរាមដែល មានលក្ខណៈស្តង់ដារបច្ចេកទេស របៀបនេះយ៉ាងហោច ៦ នឹងត្រូវ ដាក់ឱ្យដំណើរការដែលជាកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិ បាល និងដៃគូអភិវឌ្ឍន៍រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកជាដើម។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន ចំពោះគម្រោងដែលរាជរដ្ឋាភិបាលសហការជាមួយដៃគូអភិវឌ្ឍន៍បង្កើតទីលានចាក់សំរាម បែបស្តង់ដាបច្ចេកទេសនេះហើយគ្រោងដាក់ដំណើរការនៅអំឡុងឆ្នាំ ២០២២ មានដូចជាទីលានចាក់សំរាមនៅខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបង ខេត្តកំពតជាដើម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងបរិស្ថាន នឹងធ្វើ ការជាមួយដៃគូបន្ថែមទៀតដើម្បីសាងសង់ទីលានចាក់សំរាមស្របតាមបច្ចេកទេសដូចជា សៀមរាប ខេត្តបន្ទាយមានជ័យជាដើមដែលជាគោលដៅរបស់រាជរដ្ឋាភិបាលនឹងគ្រប់គ្រងសំណល់រឹងសំរាមឱ្យបានល្អដែលជាគោលបំណងនៃគោលនយោបាយជាតិគ្រប់គ្រង សំណល់រឹង សំរាមដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត។

ឯកឧត្តម នេត្រ ភក្ត្រា បានលើក ឡើងបន្ថែមថា គោលដៅរបស់ រាជរដ្ឋាភិបាលធ្វើការ គ្រប់គ្រង កាកសំណល់ រឹង សំរាមឲ្យ បានល្អ ដែលជាផ្នែកមួយនៃគោលនយោ បាយជាតិហើយអ្វីដែលសំខាន់គឺ ក្រសួងបរិស្ថាននឹងបន្តផ្តល់ជំនួយបច្ចេកទេស បណ្តុះបណ្តាលសមត្ថភាពមន្ត្រីដល់រដ្ឋបាលថ្នាក់ក្រោម ជាតិ ក្នុងការគ្រប់គ្រងសំរាមនៅតាមទីប្រជុំជន។

ទាក់ទិននឹងបញ្ហា សំរាមនេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងបន្ថែមថាក្នុងមួយថ្ងៃ សំណល់សំរាមតែងបង្កើតឡើងមានប្រមាណជាង ១ម៉ឺន តោន ហើយក្នុងមួយឆ្នាំ សំណល់សំរាម មានប្រមាណ ៤ លានតោន។ ដោយឡែកនៅក្នុងខេត្តព្រះសីហនុមានសំរាមចន្លោះពី ៣៥០ – ៤០០ តោន ត្រូវបានបង្កើតឡើង ក្នុងមួយថ្ងៃ។ តាមការសិក្សា ក្នុងចំណោមសំរាមទាំងនេះគឺមាន ៦៥ ភាគរយ គឺជាសំរាមសំណល់ សរីរាង្គ , ២០ ភាគរយជាសំណល់ ប្លាស្ទិ ក ហើយនៅសល់ប៉ុន្មាន គឺជាសំណល់រឹង។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថាក្រសួងបរិស្ថានបានជំរុញឱ្យមានការញែកសំរាមតាមបច្ចេក ទេស និងធ្វើការកែច្នៃទៅតាមប្រភេទរបស់ វាដើម្បីកាត់បន្ថយការយកសំណល់សំរាមមកទាំងអស់មកចាក់នៅលើទីលាន ព្រោះ សំណល់សំរាមមានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងញែកតាមប្រភេទ និងយកទៅកែច្នៃ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្នុងកំណើនសំរាមប្រចាំឆ្នាំចន្លោះពី ១០ ទៅ ១៥% នោះអាចនឹងធ្វើឱ្យ ទីលានចាក់សំរាមដែលគ្រោងចាក់ រយៈពេល ៥ ឆ្នាំ ប្រែប្រួល និងអាចប្រើប្រាស់មិនបានគ្រប់ពេលវេលាកំណត់ ព្រោះកំណើនសំរាម កើនឡើង ហើយការដកហូតយកទៅកែច្នៃនៅមានកម្រិត។

ឯកឧត្រមបានលើកឡើងទៀតថាៈ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការ គ្រប់គ្រងសំណល់ សំរាម នេះ ដោយសារខេត្ត នេះជាខេត្តគោលដៅប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រឹងសំរាមនៅទីលានចាក់សំរាមខេត្តព្រះសីហនុនេះដែរ លោក ហុក សុផាន់ណារ៉ូ នាយក គ្រប់គ្រងទីលានសំរាមទីប្រជុំជន នៅខេត្តរះសីហនុ បានលើកឡើង ថា ទីលានចាក់សំរាមអូរតាសេក ក្នុងខេត្តព្រះសីហនុ ក្នុង មួយថ្ងៃ សំរាមដែលប្រើប្រាស់ចោល ផ្អែកតាមការគណនាស្ថានភាពជាក់ស្តែងបរិមាណសំរាម យកមកចាក់ទីលានក្នុងរយៈពេល ២៥ ថ្ងៃ (ចាប់ពីថ្ងៃទី០៥-៣០ ខែវិច្ឆិកា) មានចំនួន ១០ ៥៧៤ តោនដែលគិតជាមធ្យម មានសំរាមប្រមាណ ៤០០ តោន ក្នុងមួយថ្ងៃ ដែលយកមកចាក់នៅលើទីលាន ហើយសំរាម ទាំងនេះ គឺមិនមែនមកតែពីក្រុងព្រះសីហនុនោះទេ វាក៏មកពីស្រុក ព្រៃនប់ ដែល អនុវត្តប្រតិបត្តិករ ចំនួនពីរក្រុមហ៊ុន។ លោកបានឱ្យដឹងបន្ថែមថា នៅទីលានចាក់សំរាម ក្នុងខេត្តនេះ ក្រៅពីកន្លែងទុកដាក់ សំរាមប្រកបដោយស្តង់ដាហើយ គេនៅធ្វើការបែងចែកត្រឹមត្រូវ ដោយក្នុងនេះប្រភេទសំរាមនីមួយៗ គេអាចយកទៅកែច្នៃ ប្រើប្រាស់ តាមប្រភេទរបស់ វានីមួយៗ ថែមទៀត ៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner