ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ ចំណងមិត្តភាព និងកិច្ចសហប្រតិ បត្តិការរវាង កម្ពុជា និងវៀតណាម នៅតែបន្ត និងកាន់តែរឹងមាំថែម ទៀត ជានិច្ចនិរន្ត
កម្ពុជា និងវៀតណាម គួរបង្កើតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យបានខ្លាំងក្លាបន្ថែមទៀត ពិសេសលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ដើម្បីឲ្យសក្តិសមនឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិដ៏រឹងមាំ និងមានប្រវត្តិយូរអង្វែងមកហើយ។ នេះជាការលើកឡើងរបស់ឯកឧត្តម ងៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតសាធារណៈសង្គមនិយមវៀតណាមប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នាទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា -វៀតណាម ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ទោះជាប្រទេសទាំងពីរជួបវិបត្តិនៃការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងនោះឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើងដល់៥,៣២ពាន់លានដុល្លា។ រយៈ១០ខែ នៃឆ្នាំ២០២១នេះ បានកើនដល់ ៧,៨៧ពាន់លានដុល្លា ហើយសង្ឃឹមថា នឹងកើនដល់ប្រមាណ៩ពាន់លានដុល្លា ក្នុងឆ្នាំ២០២១ ទាំងមូល។ ឯកឧត្តម ក៏បានស្នើឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជួយគាំទ្របន្ថែមទៀតដល់វិនិយោគិនវៀតណាមនៅកម្ពុជា និងជួយជម្រុញនូវកិច្ចព្រមព្រៀងលើវិស័យកសិកម្មរវាងប្រទេសទាំងពីរផងដែរ។
ឯកឧត្តម ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភដល់ រដ្ឋាភិបាលវៀតណាម ទាំងសម្ភារៈ និងថវិកាក្នុងការប្រយុទ្ឋប្រឆាំងនឹងការរាតត្បាតនៃជម្ងឺកូវីដ១៩។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ក៏បានស្វាគមន៏ និងអមអរសាទរចំពោះឯកឧត្តម ងៀន ហ៊ុយតាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋ ទូតសាធារណៈសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងក្នុងនាម រដ្ឋាភិបាលកម្ពុជា ឯកឧត្តម បានត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហប្រតិបត្តិជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត ដើម្បីបំរើឲ្យផលប្រយោជន៏រួមនៃប្រជាជាតិទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមនន្ត្រី ក៏បានថ្លែងអំណរគុណចំពោះកងទ័ព និងប្រជាជនវៀតណាមដែលបានជួយជ្រោមជ្រែងក្នុងការរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏ ប៉ុល ពត។ ឯកឧត្តម រំលឹកពីអនុស្សាវរីយ៏ដែលមិនអាចបំភ្លេចបានដែលបង្ហាញពីទឹកចិត្ត និងស្មារតីធ្វើពលីកម្មលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពវៀតណាមក្នុងការជួយកងទ័ពកម្ពុជា វាយផ្តួលរំលំរបបវាលពិឃាតខ្មែរក្រហម រំដោះប្រជាជនកម្ពុជាពីរណ្តៅមរណៈ។ នេះជាចំណុចចាប់ផ្តើមនៃការការពារ និងកសាងប្រទេសជាតិឡើងវិញ ឲ្យមានការរីកចំរើនរហូតមកដល់សព្វថ្ងៃ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឈ្លាសវៃ។ មិនតែប៉ុណ្ណោះ វាក៏បង្ហាញសាធារណៈមតិជាតិ និងអន្តរជាតិថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម នៅតែបន្ត និងកាន់តែរឹងមាំថែមទៀតជានិច្ចនិរន្ត។ ពាក់ព័ន្ឋនឹងវិស័យសេដ្ឋកិច្ច, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រុមហ៊ុនវៀតណាមជាច្រើន បានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើច្រើនវិស័យ ក្នុងនោះដំណាំកៅស៊ូ, វៀតណាម បានបោះទុនវិនិយោគយ៉ាងច្រើន និងទទួលបានជោគជ័យ។
ឯកឧត្តមយឹម ឆៃលី ក៏បានស្នើរសុំឲ្យភាគីវៀតណាមបន្តជួយគាំទ្រដល់កម្ពុជា ជាបន្តទៀត ពិសេសជំរុញអ្នកវិនិយោគទុនវៀតណាមមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។ ដោយឡែក ចំពោះសំណើរបស់ភាគីវៀតណាម ខាងលើ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសូមទទួលយកទាំងអស់ ហើយក្នុងនាមក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ពិសេសបន្តគាំទ្រ និងផ្តល់កិច្ចសម្របសម្រួលដល់ការវិនិយោគនានា របស់វៀតណាម នៅកម្ពុជា៕