ខាវ៉ាន់ដំរីដ៏ឯកោលើលោក លែងឯកោទៀតហើយ និងមានសុខភាពល្អ រឹងមាំរីករាយក្នុងជម្រកថ្មីនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព

រាជធានីភ្នំពេញ៖ «ក្រសួងបរិស្ថានពិតជាមានមោទកភាពដែលបានឃើញដំរីខាវ៉ាន់ដែលគេស្គាល់ថាជាដំរីដ៏ឯកោជាងគេនៅលើពិភពលោកមានសុខភាពល្អ មានអារម្មណ៍ស្ងប់និងមានភាពស៊ាំនឹងមនុស្សច្រើនជាងមុន ស្លូតបូតជាងមុន និងលែងឯកោទៀតហើយ»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោយពេលបានមកពិនិត្យមើលដំរីខាវ៉ាន់ នៅតំបន់អភិរក្សសត្វដំរី នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលក្រសួងបរិស្ថានបានអនុញ្ញាតដល់អង្គការដែនជម្រកសត្វព្រៃកម្ពុជាចូលរួមការពារនិងអភិរក្សព្រៃឈើនិងសត្វព្រៃតំបន់នោះ។

គួរបញ្ជាក់ថាឯកឧត្តម នេត្រ ភក្ត្រា ដែលជា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមជាអធិបតីស្វាគមន៍សត្វដំរីខាវ៉ាន់ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅក្រោយរស់នៅក្នុងសួនសត្វនៃប្រទេសប៉ាគីស្ថានរាប់ឆ្នាំ។ បច្ចុប្បន្ននេះ ដំរីខាវ៉ាន់មានអាយុ ៣៦ ឆ្នាំហើយ និងបានរស់នៅលើជម្រកថ្មីរបស់ខ្លួនក្នុងប្រទេសកម្ពុជា រយៈពេលមួយឆ្នាំមកហើយ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ដោយលាន់មាត់ថា រយៈពេលមួយឆ្នាំដែល ដំរីខាវ៉ាន់រស់នៅក្នុងជម្រកថ្មីដែលកម្ពុជាបានផ្តល់ឱ្យ មានភាពប្លែកខុសពីមកដំបូងក្នុងនោះ ដំរីខាវ៉ាន់បានប្រែប្រួលពណ៌សម្បុរ ដូចជាដំរីរស់ក្នុងធម្មជាតិវិញ មានឃើញដុះរោមថ្មីនៅលើខ្នង ក្រចកលែងសូវរិចរិល និងមានឃើញលូតលាស់គល់ក្រចក មានដុះភ្លុករាងវែងបន្តិច រាងកាយមានភាពមាំមួនជាងមុនធាត់ជ្រុលដូចមុន និងរូបរាងមានការប្រែប្រួល។

ឯកឧត្តមបានបន្ថែមទៀតថា ចរិតរបស់ដំរីខាវ៉ាន់មានការប្រែប្រួលខ្លាំងគឺមានភាពស្ងៀមស្ងាត់ និងស៊ាំនឹងមនុស្ស មិនតប់ប្រមល់ និងគួរឱ្យស្រឡាញ់។ ពេលវាស៊ីចំណី ស៊ីដោយរីករាយ និង យកចំណីពីដៃមនុស្សដោយមនោសញ្ចេតនា។
«ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះការ វិវឌ្ឍសុខភាព អត្តចរិតដ៏ល្អរបស់ដំរីខាវ៉ាន់នេះ»។ នេះគឺជាការថ្លែងរបស់ឯកឧត្តមរដ្ឋលេខាធិការក្រសួង បរិស្ថាន នេត្រ ភក្ត្រា ដោយលោកបានថ្លែងអំណរគុណដល់អង្គការដែនជម្រកសត្វព្រៃកម្ពុជា ជាពិសេសលោកឧកញ៉ា សុខ ហុង ដែលបានជួយជ្រោមជ្រែងខ្នះខ្នែងជួយសង្គ្រោះសត្វដំរីនេះជាមួយតារាចម្រៀងដ៏ល្បីរបស់អាម៉េរិកលោកស្រី CHER និងបានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសជាមួយក្រសួងបរិស្ថានដើម្បីផ្តល់ជម្រកថ្មីដល់សត្វដំរីដ៏ឯកោលើលោកមួយក្បាលនេះ។

គួររំឭកថា ដំរីឈ្មោះខាវ៉ាន់ដែលជាដំរីដ៏ឯកោបំផុតនៅលើលោកទីបំផុតបានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរនៃព្រះរាជាណាចក្រកម្ពុជាហើយនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើដំណើរជាច្រើនម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។ ក្រោយពីទទួលបានការប្រោះព្រំពីព្រះសង្ឃនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដំរីខាវ៉ាន់ត្រូវបាននាំយកទៅកាន់ជម្រកថ្មីដែលមានទំហំដី ៤.៣៥០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានទទួលការអនុញ្ញាតក្រសួងបរិស្ថានធ្វើការការពារនិងអភិរក្ស។

“កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ”។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅក្នុងពិធីទទួលដំរីខាវ៉ាន់នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបកន្លងមក។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ពីអំណេះតទៅ ដំរីខាវ៉ាន់នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។

សត្វដំរីខាវ៉ាន់នេះនឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់អង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា។ បច្ចុ ប្បន្ននេះ ដំរីខាវ៉ាន់ត្រូវបានបន្តបន្ស៊ាំនឹងការរស់នៅក្នុងព្រៃធម្មជាតិក្នុងទំហំ១២ ហិកតា ហើយនៅក្នុងតំបន់នោះ មានសត្វដំរីស្រុកញិចំនួន ៣ ក្បាល ដែលរហូតមកដល់ពេលនេះ ដំរីខាវ៉ាន់បានធ្វើការទាក់ទង។ ទាំងនេះបានធ្វើឱ្យខាវ៉ាន់ដំរីដ៏ឯកោលែងឯកោទៀតហើយ។ អង្គការដែនជម្រកសត្វព្រៃកម្ពុជាបានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការថែរក្សាសត្វដំរីខាវ៉ាន់ និងសត្វដំរីផ្សេងទៀត រួមនឹងសត្វព្រៃនានាក្នុងតំបន់អភិរក្សនោះ៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner