អ្នកសារព័ត៌មានអាមេរិក៖ ចិនបារម្ភខ្លាចអាមេរិកដួលរលំអំឡុងពេលព្រឹត្តិការណ៍កុប្បកម្ម ៦មករា
ចិនបារម្ភខ្លាចក្រែងសហរដ្ឋអាមេរិកដួលរលំ អំឡុងពេលព្រឹត្តិការណ៍កុប្បកម្ម ៦ មករាឆ្នាំនេះ ដែលជាព្រឹត្តិការណ៍មានមនុស្សមួយក្រុមចូលវាយប្រហារវិមានសភាអាមេរិក ឬវិមានកាពីតូល។ នេះបើតាមការអះអាងរបស់អ្នកកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ លោក Bob Woodward និងលោក Robert Costa ប្រាប់ទៅកាន់សារព័ត៌មាន Nikkei Asian Review នៅក្នុងខែធ្នូនេះ។
អ្នកទាំងពីរជាអ្នកនិពន្ធសៀវភៅមួយដែលមានចំណងជើងថា «គ្រោះថ្នាក់» ឬ ជាភាសាអង់គ្លេសថា «Peril» ដែលចេញផ្សាយកាលពីខែកញ្ញាកន្លងទៅ។
ព្រឹត្តិការណ៍ ៦មករា បង្កជាការភ្ញាក់ផ្អើលទៅដល់ពិភពលោកយ៉ាងខ្លាំង ដោយការវាយប្រហារចូលទៅក្នុងវិមានកាពីតូលរបស់ក្រុមបាតុករមួយក្រុមនោះបានចាក់បញ្ចាំងផ្ទាល់នៅតាមកញ្ចក់ទូរទស្សន៍សហរដ្ឋអាមេរិក។ នៅវិមានកាពីតូល មានពិធីរាប់សន្លឹកឆ្នោតជាផ្លូវការ ដែលគ្រោងនឹងប្រកាសថា លោក ចូ បៃដិន ជាប្រធានាធិបតី ដែលកើតចេញពីការបោះឆ្នោតឆ្នាំ២០២០។
ក្រុមអ្នកតវ៉ាទាំងនោះបានសម្ដែងការកើតទុក្ខមិនសុខចិត្ត ដោយចោទថា ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ មានភាពមិនប្រក្រតី។ លុះនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកតវ៉ាទាំងនេះបានសម្រុកចូលទៅកាន់វិមានសភា ដែលបណ្ដាលឱ្យអំពើហិង្សាបានកើតឡើង។
ពាក់ព័ន្ធនឹងរឿងនេះដែរ សៀវភៅរបស់លោក Woodward និងលោក Costa បានរៀបរាប់ថា ប្រមុខសេនាធិការចម្រុះអាមេរិក លោក Mark Milley ទទួលបានដំណឹងពីព័ត៌មានចារកម្មតាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ថា ខាងចិនជឿថា អាមេរិកមានផែនការក្នុងការវាយប្រហារប្រទេសមហាអំណាចអាស៊ីបូព៌ាមួយនេះ។
ក្រោយពីទទួលដំណឹងនេះភ្លាម លោក Milley បានទូរស័ព្ទទៅកាន់សមភាគីរបស់លោកគឺ លោក Li Zuocheng ប្រមុខសេនាធិការចម្រុះរបស់កងទ័ពរំដោះប្រជាជនចិន (PLA)។ ការទូរស័ព្ទទៅប្រាប់លោក Li នេះធ្វើឡើងក្នុងគោលបំណង ធានាទៅខាងចិនថា អាមេរិកមិនមានផែនការណាមួយក្នុងការបង្កសង្គ្រាមនោះទេ។ នេះបើតាមការអះអាងរបស់សៀវភៅខាងលើនេះ។
ក្រោយពីព្រឹត្តិការណ៍ ៦ មករា បានកើតឡើង សៀវភៅខាងលើអះអាងថា កងទ័ពចិន និងរុស្ស៊ី ហើយសូម្បីតែទ័ពអ៊ីរ៉ង់ សុទ្ធតែត្រៀមជើងព្រួល ក្រែងលមានការវាយប្រហារមួយកើតឡើងចេញពីអាមេរិក។
លោក Woodward បានប្រាប់សារព័ត៌មានជប៉ុន Nikkei Asian Review ថា៖ «វិបត្តិទាំងអស់នេះហើយ សុទ្ធតែជារឿងដែលយើងមិនបានដឹង»។
នៅថ្ងៃទី៨ ខែមករា ប្រមុខកងទ័ពអាមេរិកលោក Milley ក៏ទូរស័ព្ទទៅកាន់ខាងចិនម្ដងទៀត ដោយធានាទៅចិនថា អាមេរិកនឹងមិនធ្វើអ្វីចិននោះទេ។ នៅកាលនោះ ចិនមានព្រួយបារម្ភថា អាមេរិកអាចនឹងដួលរលំ។
ក្នុងសៀវភៅរបស់លោក Woodward និងលោក Costa បានសរសេរថា៖ «លោក Li ចាក់សំណួរទៅកាន់លោក Milley។ តើមហាអំណាចអាមេរិកអស្ថិរភាព ឬ យ៉ាងណា? ដួលរលំមែនឬ? តើមានរឿងអ្វីកើតឡើង? តើយោធាអាមេរិកមានផែនការប្រុងធ្វើអ្វីទេ?»។ ស្ថិតក្នុងស្ថានភាពនោះ ខាងអាមេរិកនៅតែលួងលោមចិនថា ខ្លួននឹងមិនធ្វើអ្វីនោះទេ។
ក្រោយពីសៀវភៅនេះត្រូវបានបោះពុម្ពផ្សាយ មានមតិជាច្រើនជាពិសេសពីខាងគណបក្សសាធារណរដ្ឋបានទាមទារឱ្យលោក ចូ បៃដិន ដកលោក Milley ចេញ ដោយសារតែមេទាហានរូបនេះមានគំនិតក្បត់ជាតិ ឱ្យព័ត៌មានទៅកាន់បរទេស។
ក្រោយៗមកទៀត លោក Milley បានបកស្រាយនៅចំពោះមុខព្រឹទ្ធសភាអាមេរិកថា ការទាក់ទងតាមទូរស័ព្ទរបស់លោកជាមួយខាងចិន ធ្វើឡើងក្នុងគោលបំណងបន្ធូរស្ថានការណ៍តានតឹងជាមួយចិន ហើយការប្រាស្រ័យទាក់ទងនេះជា របៀបមួយរបស់ «ប្រទេសមហាអំណាច ដែលមានអាវុធនុយក្លេអ៊ែរ»។
លោក ដូណាល់ ត្រាំ បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីចុងខែវិច្ឆិកាថា លោកមិនដែលគិតថាទៅធ្វើសង្គ្រាមជាមួយចិននោះទេ។
«ខ្ញុំមិនដែលគិតថាទៅធ្វើសង្គ្រាមជាមួយចិនទេ ក្រៅពីសង្គ្រាមដែលខ្ញុំបានឈ្នះរួចស្រេចហើយនោះគឺ សង្គ្រាមពាណិជ្ជកម្ម»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់លោក ត្រាំ ចុះថ្ងៃទី២៦ ខែវិច្ឆិកា។
ជាមួយគ្នានេះដែរ លោក ត្រាំ បានហៅអ្នកនិពន្ធទាំងពីរថា ជាមនុស្សក្លែងបន្លំ ហើយសៀវភៅបែបនេះ មិនគួរឱ្យបោះពុម្ពផ្សាយនោះទេ។ បន្តពីនេះទៀត លោកត្រាំ បានហៅ លោក Milley ថា ជា «មនុស្សល្ងង់» ហើយគួរតែឡើងទៅកាន់តុលាការ ដើម្បីកាត់ទោសពីបទក្បត់ជាតិ។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក Song Zhongping ដែលជាអ្នកជំនាញយោធាចិនមួយរូបបានប្រាប់សារព័ត៌មាន Global Times របស់ចិនថា លោកហាក់មិនសូវជឿពីការសរសេររបស់អ្នកកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ប៉ុន្មាននោះទេ។ លោកយល់ថា នេះជារឿងនយោបាយក្នុងស្រុកអាមេរិកច្រើនជាង។
«ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅអាមេរិកកាន់តែខិតមកដល់។ សារព័ត៌មាន CNN បានចុះផ្សាយថា លោក ត្រាំ ហាក់ដូចជាមានបំណងក្នុងការឈរឈ្មោះម្ដងទៀត សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។ មានមនុស្សជាច្រើនបារម្ភខ្លាច គណបក្សសាធារណរដ្ឋមានប្រៀបក្នុងការបោះឆ្នោតខាងមុខ ហើយគេក៏មិនចង់ឃើញ លោក ត្រាំ ឈ្នះឆ្នោតដូចគ្នា។ ចុងក្រោយ ត្រាំ អាចបង្កជាការគំរាមកំហែងដល់គណបក្សប្រជាធិបតេយ្យ។ នេះប្រហែលជាហេតុផលមួយក្នុងការសាយភាយពាក្យចចាមអារ៉ាមដូច្នេះ»។ នេះជាការលើកឡើងរបស់លោក Song៕
ប្រភព៖ Nikkie Asia