លោក ហ៊ុន កុសល៖បើយល់ថា លោកកឹម សុខា អស់ប្រជាប្រិយហើយម៉េចក៏នៅតែយកឈ្មោះគាត់ទៅនិយាយ ភ្ជាប់ជាមួយក្រុមខ្លួនធ្វើអី្វ?
ភ្នំពេញ៖មន្ត្រីនិយមលោកកឹម សុខា បានបន្តប្រតិកម្មទៅលើក្រុមអ្នកនយោបាយបញ្ឆោត និងក្រុមបញ្ឆេះរួមទាំងក្រុមនិយម ទណ្ឌិត សម រង្ស៊ី ដែលនៅតែបន្តយកឈ្មោះលោកកឹម សុខា ទៅប្រើដើម្បីដើរបោកប្រាស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ មានការលើកជាសំណួរថា បើយល់ថា លោកកឹម សុខា អស់ប្រជាប្រិយហើយម៉េចក៏នៅតែយកឈ្មោះគាត់ទៅនិយាយ ភ្ជាប់ជាមួយក្រុមខ្លួនធ្វើអី្វ?។
នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ លោកហ៊ុន កុសល មន្ត្រីនិយមលោកកឹម សុខា បានសរសេរថា មានក្រុមអ្នកនយោបាយ បញ្ឆោតក៏ដូចជាក្រុមបញ្ឆេះដែរ នៅតែយកឈ្មោះលោកប្រធាន កឹម សុខាទៅប្រើដើម្បីបោកប្រាស់ម្ចាស់ឆ្នោត គួរឲ្យអស់សំណើច៖
១-ម្តងថា គេធ្វើរងចាំលោកកឹម សុខា គេស្វាគមន៍កឹម សុខាមកចូលរួមឬដឹកនាំ គេមិនបែកពីកឹម សុខាទេ គេព្យាយាមចង់ជួបអ្នកការទូតដូចលោកកឹម សុខាដែរ។ល។ ពួកទាំងពីរក្រុមនេះ(បញ្ឆោតនិងបញ្ឆេះ)និយាយមកហាក់បីដូចជាដឹង និងទទួលស្គាល់នូវគុណតម្លៃរបស់លោកកឹម សុខា។
២-ទន្ទឹមគ្នានេះដែរក្រុមពីរនេះ ទាំងមេទាំងកូន វាយប្រហារ ជេរប្រមាថ មួលបង្កាច់ បន្តុះបង្អាប់ លោកកឹម សុខា ថា ប្រជាពលរដ្ឋលែងគាំទ្រគាត់ហើយ ជួបអ្នកការទូតតំណាងប្រទេសនានាជាការងារអត់ប្រយោជន៍ អត់បានធ្វើអីសោះកុំរងចាំគាត់អី ជាអាយ៉ង។ល។ ផ្ទុយពីចំណុចខាងលើ ពួកទាំងពីរក្រុមនេះ ហាក់បីដូចជាមិនឲ្យតម្លៃ ឬចង់កម្ទេចប្រជាប្រិយភាពលោកកឹម សុខា។
លោកហ៊ុន កុសល បានចោទជាសំណួរសួរថា ពួកក្រុមបក្សបញ្ឆោត និងបក្សបញ្ឆេះទាំងនោះដែលដើរចេញពី លោកកឹម សុខា ចេញពីស្មារតីរួបរួមដែលជាឆន្ទៈពិតរបស់ប្រជាពលរដ្ឋដែលលោកកឹម សុខានៅតែប្រកាន់ខ្ជាប់នោះ តើចង់បានអី្វពីលោកប្រធាន កឹម សុខា ឲ្យពិតប្រាកដ បានជាធ្វើនយោបាយគ្មានគោលជំហ៊រសោះ ម្តងថាអញ្ចេះ ម្តងថាអញ្ចោះ ?
ឧទាហរណ៍ៈ
-បើយល់ថាលោកកឹម សុខាអស់ប្រជាប្រិយហើយ ម៉េចក៏នៅតែយកឈ្មោះគាត់ទៅនិយាយភ្ជាប់ជាមួយក្រុមខ្លួនធ្វើអី្វ?
-បើថាអ្នកការទូតនៃប្រទេសប្រជាធិបតេយ្យជួបលោក កឹម សុខា អត់បានការអីម៉េចក៏មេៗខ្លួនខំទៅសុំស្វែងរកជួបគេ ពឹងឲ្យគេជួយធ្វើអី?៕ ដោយៈ ពលជ័យ