កម្ពុជាចាប់ផ្តើមអនុវត្តកូតានាំចេញអង្ករ ៤សែនតោនថ្មីដែលផ្តល់ដោយប្រទេសចិន ចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១នេះតទៅ

 កូតានាំចេញអង្ករថ្មីចំនួន៤សែនតោនថ្មី ដែលផ្តល់ដោយមិត្តចិន បានចាប់ផ្តើមអនុវត្តការនាំចេញ ចាប់ពីខែធ្នូ ឆ្នាំ២០២១នេះតទៅ ដែលមានរយៈពេលចំនួន១៧ខែ។

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបានអោយដឹងថា ការចុះកិច្ចព្រមព្រៀងផ្តល់កូតាថ្មី ៤សែនតោន ត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយការនាំចេញអនុវត្តចាប់ពីខែធ្នូនេះតទៅ ដែលត្រូវបានកំណត់រយៈពេលជាក់លាក់១៧ខែ។ ជាមួយគ្នានេះ ភាគីទាំងពីរគឺកម្ពុជា និងចិន ក៏មានការឯកភាពគ្នាពង្រីកកូតាឡើងដល់ ៥សែនតោនផងដែរ។ លោកឧកញ៉ាបន្តថា ការផ្តល់កូតានាំចូលអង្ករពីកម្ពុជារបស់មិត្តចិន បានជួយជំរុញការអភិវឌ្ឍនវិស័យស្រូវអង្កររបស់កម្ពុជា។ ចាប់ពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០២១ មិត្តចិនបានផ្តល់កូតាចំនួន៦លើករួចមកហើយ។ ចិនបានក្លាយជាទីផ្សារដ៏សំខាន់ សម្រាប់ការនាំចេញអង្កររបស់កម្ពុជា។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនជាប់លេខ១ ជាប្រទេសទិញអង្ករពីកម្ពុជាច្រើនជាងគេ។ ចិនផ្តល់កូតានាំចូលអង្ករកម្ពុជាលើកដំបូងចំនួន ១សែនតោន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ លើកទី២ចំនួន១សែនតោនដដែលនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ លើកទី៣ចំនួន២សែនតោនថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ លើកទី៤ ចំនួន៣សែនតោននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លើកទី៥ចំនួន៤សែនតោននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ និងលើកទី៦ចំនួន៤សែនតោននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

គួរបញ្ជាក់ថា រយៈពេល១១ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៣ម៉ឺន២ពាន់១៧៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣៦៦លាន៤១ម៉ឺន៤ពាន់៧៩០ដុល្លារ។ ចិនជាប្រទេសដែលកម្ពុជាបាននាំអង្ករទៅច្រើនជាងគេដែលមានចំនួន ២៥.៦ម៉ឺនតោន ស្មើនឹង៤៩.៨៥% នៃការនាំចេញសរុប ដែលមានកំណើនកើនឡើងចំនួន ១២.៩០ភាគរយ៕ ប្រភព៖ Freshnews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner