រយៈពេល ១១ខែ ឆ្នាំ២០២១ ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាមានទឹកប្រាក់ជាង ៥ពាន់លានដុល្លារ

ភ្នំពេញ៖ ឯកឧត្តម ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់បានអោយដឹងថា ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅកម្ពុជា ក្នុង​រយៈពេល​ ១១​ខែ​ ឆ្នាំ​២០២១​នេះ​ មានតម្លៃ​ប្រមាណ​ជាង ៥ពាន់លាន​ដុល្លារ ខណៈដែលរយៈពេល​ពេញ​មួយ​ខែ​វិច្ឆិកាកន្លងទៅ ​គម្រោង​សាងសង់​អគារ​នានា​បានកើនឡើង​ជាង ៣០០​គម្រោង​។

ឯកឧត្តម ឡៅ ទិព្វ​សីហា បន្តថា ​រយៈពេល​ ១១ខែ ​ឆ្នាំ​២០២១ ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ និង រដ្ឋបាល​រាជធានី ខេត្ត ក្រុង ​ស្រុក ​ខណ្ឌ​បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​ចំនួន ៣ពាន់៩២៥គម្រោង​មាន​ផ្ទៃក្រឡា​សំណង់ ១២លាន​ម៉ែត្រការ៉េ​ កើនឡើង​៣២៧​គម្រោង ​បើ​ធៀប​នឹង​កាលពីឆ្នាំមុន ​ដែលមាន​ចំនួន ៣ពាន់៥៩៨គម្រោង​។ ចំណែក​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ចាប់ពី​ខែមករា ​ដល់​ខែវិច្ឆិកា ​មាន​ចំនួន ៥ពាន់២១០លាន៣៥ម៉ឺន៩ពាន់៥០៩ដុល្លារ ​កើនឡើង​ជាង ៣០០​លាន​ដុល្លារ ​ខណៈកាល​ពី​ខែមករា ​ដល់ខែ​តុលាកន្លងទៅ ​ទុនវិនិយោគ​ក្នុង​វិស័យនេះ​មាន​ចំនួន​ប្រមាណ ៤ពាន់៨៧៦លាន៨០ម៉ឺន៤ពាន់៨៩៩ដុល្លារ។ គម្រោង​ដែល​បាន​ស្នើសុំ​សាងសង់​ រួមមាន​អគារ​ពាណិជ្ជកម្ម អគារ​ផ្សារ សណ្ឋាគារ សំណង់​អគារ​លំនៅឋាន​លក្ខណៈ​បុរី ប្រភេទ​ផ្ទះល្វែង សំណង់​អគារ និងសំណង់​គារ​ពហុមុខងារ​សំណង់​រោងចក្រ​ឧស្សាហកម្ម​នានា។ ឯកឧត្តម ឡៅ ទិព្វ​សីហា បន្ថែមថា វិបត្តិ​ជំងឺ​កូ​វីដ​១៩មិនបាន​ធ្វើឱ្យ​វិស័យ​អចល​ទ្រព្យ​រង​ផលប៉ះពាល់​ខ្លាំង​នោះ​ទេ​ក្នុង​ឆ្នាំ​២០២១​នេះ​ ដោយ​វិស័យ​នេះ​ នៅ​តែ​មាន​ដំណើរ​ល្អ​ប្រសើរ​ដែល​ធ្វើឱ្យវិស័យ​អចលនទ្រព្យ​ស្ថិត​ក្នុង​វិស័យ​ចំនួន​បី​ដែល​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​​។

សូមបញ្ជាក់​ថា ​គិត​ចាប់ពី​ឆ្នាំ​២០០៥ មកដល់​រយៈពេល​ ១១​ខែ ​ឆ្នាំ​២០២១​នេះ ​សំណង់​អគារ​ខ្ពស់ៗ​ចាប់ពី​ ៥​ជាន់​ឡើង​ទៅ​ កើនឡើង​រហូត​ជាង ២ពាន់៣៧៥អគារ ​ដែល​ក្នុង​នោះ សំណង់​អគារ​ខ្ពស់ៗ​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ជាង ៦៦៦​អគារ៕ ប្រភព៖ កម្ពុជាថ្មី

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner