រដ្ឋមន្ត្រីក្រសួងការងារបង្ហាញការគាំទ្រ និងជំរុញឱ្យមានការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពវិញ

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីលទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកជញ្ជូនកម្មករនិយោជិតពីប្រភេទរថយន្តដឹកទំនិញមកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង នៅថ្ងៃទី២១ ខែធ្នូនេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញការគាំទ្រ និងជំរុញឱ្យមាន ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពវិញ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភខ្លាំងសម្រាប់កម្ពុជា។

ឯកឧត្តមបន្តថា ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាព ទាមទារការគិតគូរពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យរដ្ឋ ឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងការចូលរួមពីអ្នកបើកបរ និងកម្មករនិយោជិត។ឯកឧត្តម បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិសន្តិសុខសង្គម ដើម្បីធ្វើការកំណត់មូលហេតុដែលបណ្ដាលឱ្យគ្រោះថ្នាក់ និងធ្វើការ អប់រំផ្សព្វផ្សាយ ទៅដល់កម្មករនិយោជិត និងអ្នកបើកបរដឹកកម្មករឲ្យចំគោលដៅ ក្នុងន័យចូលរួម កាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករនិយោជិត និងធានានូវសុវត្ថិភាពក្នុងការធ្វើដំណើរ ប្រកបដោយសុខុមាលភាព។  ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍មួយចំនួនដូចជា៖ ជំរុញឱ្យអ្នកបើកបររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករនិយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ, ជំរុញឱ្យអ្នកបើកបររថយន្ត ប្រភេទដឹកទំនិញដែលដឹកកម្មករឈរ កែច្នៃឱ្យមានកៅអីអង្គុយ ស្របតាមលក្ខណៈបច្ចេកទេស, ជំរុញឱ្យអ្នកបើកបរយករថយន្តដឹកកម្មករនិយោជិតទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមច្បាប់ កំណត់, លើកកម្ពស់សមត្ថភាពអ្នកបើកបររថយន្តដឹកកម្មករនិយោជិត តាមរយៈការបំប៉នជំនាញ បើកបររថយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការអប់រំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរយានយន្តជាដើម។

តាមរបាយការណ៍របស់ ប.ស.ស បានឱ្យដឹងថា គិតត្រឹមឆមាសទី១ឆ្នាំ២០២១នេះស្ថានភាពគ្រោះថ្នាក់ ចរាចរណ៍ចំពោះកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជែង មានសរុបជាង ១.៣០០ករណី ដោយក្នុងនោះមានកម្មករនិយោជិតស្លាប់ចំនួន៣៣នាក់ របួសធ្ងន់៣២៨នាក់ និង របួសស្រាល១.១៦៣នាក់។ ករណីគ្រោះថ្នាក់កើតឡើងភាគច្រើន ចំពោះរថយន្តដឹកកម្មករប្រភេទ រថយន្តដឹកទំនិញ ឬហៅថា រថយន្តកូរ៉េ និងទោចក្រយានយន្ត។  បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស បានឱ្យដឹងថា នៅក្នុងចំណោមរថយន្តដែលកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារ ដែលមានជិត៤.០០០គ្រឿង គឺមានប្រមាណ៦០ភាគរយ ជារថយន្តប្រភេទដឹកទំនិញ។  របាយការណ៍ដែលត្រូវបានផ្សព្វផ្សាយឡើងនេះ គឺបានមកពីការចុះស្រង់ស្ថិតិក្នុងឆ្នាំ២០២០ ដើម្បីឈានទៅរកដំណោះស្រាយជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករប្រភេទរថយន្តទំនិញដែលកម្មករនិយោជិត ត្រូវឈរ ឬអង្គុយប្រជ្រៀតគ្នាណែនតាន់តាប់ មកជារថយន្តដែលមានសុវត្ថិភាព ប្រសើរជាង។ លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ី មានប្រសាសន៍ថា ការផ្តល់មធ្យោបាយធ្វើដំណើរសមរម្យ និងមានសុវត្ថិភាពដល់កម្មករនិយោជិត គឺពិតជាមានសារសំខាន់ណាស់ដែលមិនត្រឹមតែជួយបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមកម្មករនិយោជិតទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលជាវិជ្ជមានយូរអង្វែង ចំពោះកិច្ចខិតខំដើម្បីកាត់ន្ថយគ្រោះថ្នាក់ ចរាចរណ៍នៅទូទាំងប្រទេស ពិសេសជាការជំរុញឱ្យមានការគោរព និងពង្រឹងការអនុវត្តន៍ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលបានកំណត់ថា ការដឹកជញ្ជូនមនុស្សត្រូវមានកៅអីអង្គុយ ឬមានបង្កាន់ដៃ ឬប្រដាប់តោងឈររឹងមាំ ហើយត្រូវមានផាសុកភាព និងហាមផ្ទុកមនុស្ស លើសពីចំនួនកន្លែងអង្គុយ។ ជាមួយគ្នានេះ វារឹតតែសំខាន់ខ្លាំងបន្ថែមទៀត ចំពោះបញ្ហា សុខភាពសាធារណៈក្នុងបរិបទដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាកំពុងប្រឈមនឹងជំងឺកូវីដ ១៩ ឬជំងឺឆ្លងផ្សេងទៀត។ 

សូមបញ្ជាក់ថា សិក្ខាសាលាថ្នាក់ជាតិស្តីពីលទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតប្រភេទរថយន្តដឹក ទំនិញ មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង ដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាការបង្កើតវេទិកាដើម្បីឱ្យស្ថាប័នពាក់ព័ន្ធចូលរួមពិភាក្សាគ្នា ផ្លាស់ប្តូរមតិយោបល់ និងចែករំលែកនូវបទពិសោធន៍ល្អៗ ដែលជាធាតុចូលដ៏សំខាន់ ក្នុងការកែលំអប្រភេទរថយន្តដឹកកម្មករ និយោជិតឱ្យបានសមស្របទៅតាមលក្ខណៈបច្ចេកទេស និងតាមស្ថានភាពបច្ចុប្បន្ន ក្នុងកម្រិតស្តង់ដារ មួយដែលអាចទទួលយកបាន សំដៅឱ្យការដឹកជញ្ជូនកម្មករនិយោជិតមានសុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់កាន់តែល្អប្រសើរជាងមុន។ មួយវិញទៀត សិក្ខាសាលានេះ នឹងជួយជំរុញលើការ ផ្សព្វផ្សាយនូវដំណោះស្រាយ និងអនុសាសន៍ដល់អ្នកពាក់ព័ន្ធ ជាពិសេសអ្នកធ្វើសេចក្តីសម្រេចចិត្ត សម្រាប់ធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត ព្រមទាំងសម្របសម្រួល ឲ្យមានការព្រមព្រៀងពីភាគីពាក់ព័ន្ធ អំពីផែនការនៃសកម្មភាព ក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករ និយោជិត ពីប្រភេទរថយន្តដឹកទំនិញមកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាងនៅតាមតំបន់ដែលងាយរងគ្រោះ មកលើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner