ក្រសួងបរិស្ថាន ផ្សព្វផ្សាយអំពីការបំពុល និងការគ្រប់គ្រងប្លាស្ទិកនៅទីប្រជុំជន ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ភ្នំពេញ ៖ ដើម្បីបំផុសស្មារតីក្នុងការចូលរួមក្នុងថែរក្សាអនាម័យបរិស្ថាននៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពប្រសើរឡើងបន្ថែមទៀតនោះ ក្រសួងបរិស្ថាន បានបន្តផ្សព្វផ្សាយអំពីការបំពុល និងការគ្រប់គ្រងប្លាស្ទិកនៅទីប្រជុំជន ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។ ឯកឧត្តម ហ៊ួត ថាវរៈ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឱ្យដឹងថា កន្លងមកក្រសួងបរិស្ថានតែងតែបានជួយគាំទ្រដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងការជួយបណ្តុះបណ្តាលដល់និស្សិត ចំពោះការយល់ដឹងពាក់ព័ន្ធក្នុងវិស័យបរិស្ថាន និងបានផ្តល់នូវសម្ភារៈគ្រប់គ្រងអនាម័យបរិស្ថាន ដូចជាម៉ាស៊ីនចំរោះទឹកស្អាត និងធុងសំរាមជាដើម ។

ក្នុងឱកាសនោះ ឯកឧត្តម ជួប បារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឲ្យដឹងថាការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់ គឺជាការឆ្លុះបញ្ចាំងអំពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់ របស់យើងទាំងអស់គ្នា ជាមួយប្រជាជាតិនៅលើសកលលោក ដើម្បីបុព្វហេតុរួមចំណែក ក្នុងការការពារ និងថែរក្សាគុណភាពបរិស្ថាន នៃភពផែនដីយើងទាំងអស់គ្នា ឱ្យឈានឆ្ពោះទៅរកនិរន្តរភាព និងភាពស្រស់បំព្រងជានិច្ច សម្រាប់មនុស្សជាតិបច្ចុប្បន្ននិងមនុស្សជំនាន់ក្រោយៗទៀត។

ឯកឧត្តមអគ្គនាយក បានបន្ថែមថា សំណល់ថង់ប្លាស្ទិក បានផ្តល់នូវផលប៉ះពាល់ ដល់សង្គម សុខភាពនិងគុណភាពបរិស្ថាន រួមមាន៖

១.ការធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូនិងបង្កឱ្យមានទឹកជំនន់នៅរដូវភ្លៀងធ្លាក់។
២.ការធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុងនិងទីប្រជុំជន។
៣. វាបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី ជាពិសេស ជីវៈចម្រុះនៅក្នុងទឹក(មច្ឆជាតិ)។
៤.ថង់ប្លាស្ទិកផ្ទុកនូវសារធាតុគីមីពុល អាចជ្រាបចូលទៅក្នុងដីមានការបំពុលទឹកនិងដី។
៥.ថង់ប្លាស្ទិក មិនងាយរលាយ ថែមទាំងអាចបង្កនូវផលប៉ះពាល់ដល់សុខភាពរាងកាយមនុស្សយ៉ាងធ្ងន់ធ្ងរទៀតផង។

សូមជម្រាបជូនដែរថា បរិមាណសំរាមក្នុងមួយឆ្នាំ កម្ពុជាបង្កើតមានប្រមាណ ៤លានតោន ក្នុងនោះ២០% គឺជាសំណល់ថង់ប្លាស្ទិក ហើយសម្រាប់រាជធានីភ្នំពេញ ប្រមាណជាង ៣.០០០តោនក្នុងមួយថ្ងៃ។ នៅក្នុងវេទិកានាថ្ងៃនេះ ឯកឧត្តមជួប ប៉ារីស៍ បានប្រគល់ជូនសម្ភារៈអប់រំបរិស្ថានជូនដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និស្សិតរួមជាមួយនិងបទបង្ហាញរៀបចំដោយមន្រ្តីជំនាញក្រសួងបរិស្ថាន ទាក់ទងនឹងចំណឹងដឹងអំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិក ពីការប្រែប្រួលអាកាសធាតុ ពីបញ្ហាជីវៈចម្រុះ ពីការគ្រប់គ្រងសំណល់គ្រប់ប្រភេទ… ។ ល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner