ឱសថព្យាបាលជំងឺកូវីដ-១៩ «ម៉ូលណាទ្រីស» នឹងចាប់ផ្ដើមចែកចាយ នៅថ្ងៃស្អែកនេះ, ១កំប៉ុង តម្លៃ ៥៥ដុល្លារ

ភ្នំពេញ ៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្ដីជូនដំណឹង ស្តីពីការចែកចាយ ឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល២០០មីលីក្រាម) ។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយ ទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រុមការងារបាននាំចូលឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ។

ឱសថនេះ នឹងត្រូវចែកចាយ ក្នុងតម្លៃ ៥៥ដុល្លារអាមេរិក ក្នុង ១ដូស (១ដូស ស្មើនឹង ១កំប៉ុង មាន ៤០គ្រាប់) ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះតទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន តាមលក្ខខណ្ឌដូចខាងក្រោម ៖

  • បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី៥ ដល់ ១០ដូស
  • មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់ ២០០ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចលក់បន្ត មិនលើសពី ៦៥ដុល្លារ អាម៉េរិក ក្នុង១ដូស
  • មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ២សប្តាហ៍ក្រោយបញ្ជាទិញលើកចុងក្រោយ។

ដូចនេះ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញឱសថម៉ូលណាទ្រីសដោយផ្ទាល់ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

ចំពោះការទូទាត់អាចផ្ទេរ មកគណនីធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ដែលមានឈ្មោះគណនី Ministry of Post and Telecommunications និងលេខគណនី ០០៣ ១៦៦ ៦៦២។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/០៩៦ ៤៦៦ ៤៦៤៦ ជារៀងរាល់ម៉ោងធ្វើការ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner