ឯកឧត្តម វេង សាខុន ៖ “គោលនយោបាយធនធានមនុស្ស” គឺជា​សក្ខីភាពមួយឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងគាំទ្រយ៉ាង​ពេញ​ទំហឹងចំពោះការពង្រឹងការគ្រប់គ្រងអង្គភាព និងអភិវឌ្ឍន៍​ធន​ធានមនុស្សក្នុងវិស័យកសិកម្ម​

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលទី២២ ខែធ្នូ ឆ្នាំ២០២១ មានរៀបចំពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ “គោលនយោបាយធនធានមនុស្ស” ស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ មកពីក្រសួង សេដ្ឋកិច្ច និងហិរញញវត្ថុ ក្រសួងអប់រំ ក្រសួងប្រៃសណីយ៍ ក្រសួងមុខងារសាធារណ: ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវ: រួមនឹងស្ថាប័នជាតិ និងអន្តរជាតិជាច្រើនចូលរួមផងដែរ ។

បន្ទាប់ពីលោកទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្សបានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបរួចមក ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសគណៈកម្មការប្រឹក្សាយោបល់សម្រាប់រៀបចំ”គោលនយោបាយធនធានមនុស្ស” និងការចូលរួមសហការពីបណ្តាអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមុខងារសាធារណៈ និងសហភាពអឺរ៉ុបជួយរៀប ចំចងក្រងឯកសារដ៏មានសារៈសំខាន់នេះឡើង ដែលជាយន្តការស្នូលក្នុងការគាំទ្រដល់កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០២០-២០៣០ ដើម្បីធានាឱ្យបាននូវទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិ   ធម៌។ លើសពីនេះ ការដាក់ឱ្យដំណើរការជាផ្លូវការនូវ “គោលនយោបាយធនធានមនុស្ស” គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងការគ្រប់គ្រងអង្គភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្ម ពិសេសការធានានិរន្តរភាពនៃតួនាទី និងដំណើរការរដ្ឋបាលសាធារណៈឱ្យបានល្អប្រសើរ ដែលស្របនឹងកម្មវិធីអាទិភាពទី៥ របស់ក្រសួងកសិកម្ម ព្រមទាំងបានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា តាមចក្ខុវិស័យ៤ គឺ មនុស្ស ផ្លូវ ភ្លើង និងទឹក ដោយបានតម្កល់ “មនុស្ស” ជាអាទិភាពខ្ពស់ជាងគេបង្អស់ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព និងការយកចិត្តទុកដាក់លើអត្ថប្រយោជន៍របស់ប្រជាជនជាធំ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានចក្ខុវិស័យច្បាស់លាស់ និងមុតស្រួច គឺការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច ជាពិសេសការអនុវត្តកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យ សំខាន់ៗរួមមាន៖ ១- ការធ្វើវិចារណកម្មមុខងារ និងភារកិច្ច រចនាសម្ព័ន្ធគ្រប់គ្រងស្ថាប័ន ២- ការពង្រឹងភាពជាអ្នកដឹកនាំ ៣- ការលើកកម្ពស់គុណាធិបតេយ្យ ៤- ការពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យសាធារណៈ និង ៥- ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ។ ប្រាកដណាស់ថា ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅ និងចក្ខុវិស័យនេះ គឺទាមទារចាំបាច់នូវធនធានមនុស្សដែលប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ និងជាពិសេសសម្តេចតេជោ បានចង្អុលបង្ហាញយ៉ាងច្បាស់ថា ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណធម៌ គឺជាគន្លឹះដ៏សំខាន់នៃការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេសជាតិ ឆ្លើយតបទៅនឹងវឌ្ឍនាការនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងបច្ចេកវិទ្យាឌីជីថល ពិសេសក្រប ខណ្ឌគោលនយោបាយ និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។

បន្ទាប់ពីដាក់ឱ្យដំណើរការ “គោលនយោបាយធនធានមនុស្ស” ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាគ្រប់ប្រធានអង្គភាពក្រោមឱវាទក្រសួងត្រូវបំពេញភារកិច្ចជួយជំរុញ បង្កើន លើកទឹកចិត្ត និងផ្តល់ឱកាសឲ្យមន្រ្តីក្រោមឱវាទបានចូលរួមសិក្សារៀនសូត្រ និងបណ្តុះបណ្តាល ដើម្បីពង្រឹង និងពង្រីកទាំងទ្រឹស្តី និងការអនុវត្ត មានសមត្ថភាពក្នុងការបំពេញការងារសាធារណ: ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner