Positive Cambodia Ep38: សម្តេច តេជោ ហ៊ុន សែន លើកទឹកចិត្តជនមានពិការភាព មានសមត្ថភាពឱ្យមានសិទ្ធិចូលបម្រើការងារ
សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តជនមានពិការភាព ដែលមានសមត្ថភាពឱ្យមានសិទ្ធិចូលបម្រើការងារគ្រប់ក្រសួង ស្ថាប័នរដ្ឋ ដោយគ្មានការរើសអើង។
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងស្ថាប័នរដ្ឋលើកទឹកចិត្តជនមានពិការភាព ដែលមានសមត្ថភាពឱ្យមានសិទ្ធិចូលបម្រើការងារ ដោយគ្មានការរើសអើង និងជំរុញឱ្យអាជ្ញាធរពន្លឿនការធ្វើអត្តសញ្ញាណពិការភាពជូនជនមានពិការភាពឱ្យបានទាន់ពេលវេលា ដើម្បីប្រើប្រាស់សម្រាប់ទទួលបានសេវា។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «គ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែងឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម»។ សម្តេច ហ៊ុន សែន ព្រមទាំងជំរុញឱ្យគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរគ្រប់ថ្នាក់ ត្រូវយកផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ទៅអនុវត្តឱ្យមានប្រសិទ្ធភាព និងផ្សព្វផ្សាយវិធានការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ ១៩ និងឱ្យជនមានពិការភាព ទទួលបានសម្ភារព័ត៌មានស្តីពីការបង្ការ និងការការពារជំងឺកូវីដ ១៩។ សម្តេចបានអំពាវដល់អាជ្ញាធរត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស ហើយគ្រឹះស្ថានទាំងអស់ត្រូវជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ និងបន្តនិរន្តរភាពការងារដូចអ្នកដទៃ។សម្តេច តេជោ ថ្លែងថា៖ «ក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវជំរុញការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនពិការ អនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងគោលនយោបាយជាតិនានា ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត»៕