ឯកឧត្តម សៅ សុភាព បានគូសបញ្ជាក់ថា គម្រោងនិរន្តភាព តំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បានជួយយ៉ាងច្រើន ដល់សហគមន៍មូលដ្ឋាន

ខេត្តកំពង់ធំ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព បានថ្លែងថាតាមរយៈការអនុវត្តគម្រោងនិរន្តភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា ជាចំណែកមួយបានចូលរួមការពារធនធានធម្មជាតិក៏ដូចជាជួយដល់ប្រជា សហគមន៍មូលដ្ឋានអាចពង្រឹងខ្លួនឱ្យរឹងមាំរយៈពេលយូរអង្វែងក្នុងការរកប្រាក់ចំណូលដោយមិនមកពឹងផ្អែកទាំងស្រុង លើធនធានធម្មជាតិបន្តទៅទៀត។

ការថ្លែងរបស់ ឯកឧត្តមរដ្ឋលេខាធិការបែបនេះធ្វើឡើងក្នុងកាអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងាររបស់គម្រោង ដែលមានការអញ្ជើញចូលរួម ពី លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ជាមួយភាគីពាក់ព័ន្ធ អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ នៅក្រុងស្ទឺងសែន ខេត្តកំពង់ធំ នាថ្ងៃព្រហស្បតិ៍ទី ២៣ ខែធ្នូ ឆ្នាំ ២០២១។

ឯកឧត្តម សៅ សុភាព បានឱ្យដឹងបន្ថែមថា គម្រោងនេះមានការប៉ះពាល់ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ប៉ុន្តគម្រោង បានជំរុញដល់យើងក្នុងការរៀបចំនូវគោលដៅទេសចរណ៍ធម្មជាតិដើម្បីបង្កើតចំណូលសហគមន៍មូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ការបង្កើតនូវមូលដ្ឋានទេសធម្មជាតិនេះតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានគឺយើងធ្វើយ៉ាងណាឱ្យមាននិរន្តភាពបានយូរអង្វែងដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋកូនចៅជំនាន់ក្រោយ”។

ឯកឧត្តម ចាន់ តារា អភិបាលរងនៃអភិបាលខេត្តកំពង់ធំ បានថ្លែងថាតាមរយៈការអនុវត្តគម្រោងនិរន្តភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជានេះបានលើកស្ទួយដល់ជីភាពរបស់ប្រជាសហគមន៍រស់នៅជុំវិញបឹងទន្លេសាបក៏ដូចជាតំបន់មួយចំនួនទៀត។ រដ្ឋបាលខេត្តកំពង់ធំនឹងចូលរួមដើម្បីការអភិវឌ្ឍន៍នូវគម្រោងសំដៅធ្វើយ៉ាងណាឱ្យមានការរីកចម្រើននិងការអភិវឌ្ឍន៍តាមសហគមន៍មូលដ្ឋានក៏ដូចជាលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន។

លោក រ៉ូស ស៊ីនគ្លែរ (ROSS SINCLAIR) តំណាងធនាគារពិភពលោកបានថ្លែងតាមរយៈZOOMឱ្យដឹងថាកន្លងមកគេឃើញគម្រោងនេះបានជួយឱ្យមានការរីកចម្រើនឡើងនៃវិស័យទេសចរណ៍ដោយ មានការសហការពីវិស័យឯកជនក៏ដូចជាម្ចាស់គម្រោង។ លោកបានលើកឡើងថា” យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាបរិស្ថានដើម្បីកិច្ចការពារលើវិស័យអេកូទសចរណ៍ទើបមាននិររន្តភាព។ក្រៅពីនេះយើងត្រូវពង្រឹងលើវិស័យច្បាប់និងជាមួយគ្នាយើងត្រូវតែមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទើបយើងអាចសម្រេចនូវផែនការរបស់យើង។

គួរបញ្ជាក់ថា គម្រោង”និរន្តភាពនិរន្តភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជាមានរយៈពេលអនុវត្តចំនួន៦ឆ្នាំ និងបានចាប់ផ្តើមដំណើការជាផ្លូវការនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិជំរុញឱ្យឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ហើយបែងចែកជា៥សមាសភាពក្នុងនេះដូចជា៖១)ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ ២)ពង្រឹងឱកាសសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវ៉ាក់តម្លៃអនុវផលព្រៃឈើ៣)ជំរុញការតភ្ជាប់ខ្សែផ្លូវចេញចូលតាមជនបទ៤)ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និងទី៥)ការឆ្លើយតបទៅនឹងគ្រោះអាសន្ន។សម្រាប់គម្រោងនេះដែរមានវិសាលភាពគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិ ដែលមានផ្ទៃដីប្រមាណជាង ៣,៨លានហិកតាក្នុងតំបន់ការពារធម្មជាតិចំនួន១៤និងខេត្តគោលដៅចំនួន ៧ រួមមានខេត្ត កោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំនិងសៀមរាប៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner