នារីម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូស្របគ្នាត្រូវរថយន្តកុងតឺន័របើកឡើងសួនពុះចែកទ្រូងផ្លូវ២១៧ មកបុករះទាំងកំរោល

ភ្នំពេញ ៖  រថយន្តសណ្ដោងកុងតឺន័រមួយគ្រឿងបានបើកបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ  និងឆ្លងទៅផ្លូវម្ខាងទៀតបុករះម៉ូតូពីរគ្រឿងទាំងកំរោល បណ្ដាលឲ្យនារីម្នាក់ស្លាប់ពេលបញ្ចូនទៅកាន់មន្ទីរពេទ្យ  និងបុរសម្នាក់ទៀតរងរបួសធ្ងន់  កាលវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃសៅរិ៍  ទី២៥ ខែធ្នូ ឆ្នាំ២០២១  ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧  ត្រង់ចំណុចជិតច្រកចូលទីលានចាក់សំរាម  ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ  ។ 
  សពនារីរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ  ។ 
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ធុនធំ  ប្រភេទសណ្ដោងកុងតឺន័រ  ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3C-2670 បានធ្វេីដំណើរតាមបណ្ដោយផ្លូវ២១៧  ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន  ខណះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតែតៃកុងស្រវឹងស្រា  ទេីបបានរេចង្កូតទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ  និងឆ្លងទៅផ្លូវម្ខាងទៀត បុករះម៉ូតូពីរគ្រឿងកំពុងធ្វើដំណើរបញ្ច្រាស់គ្នាពីត្បូងមកជើង  បណ្ដាលឲ្យនារីម្នាក់ជិះម៉ូតូ Zoomer X ពណ៌ខ្មៅ  ពាក់ស្លាកលេខ  កណ្ដាល1AB -7324 បានស្លាប់ពេលបញ្ចូនជិតដល់មន្ទីរពេទ្យ  និងបណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម  ស៊េរីឆ្នាំ២០១៩  ពាក់ស្លាកលេខ  តាកែវ1P-4870រងរបួសធ្ងន់  និងត្រូវបានរថយន្តសាម៉ុយរបស់មន្ទីរពេទ្យឯកជនដឹកទៅសង្គ្រោះភ្លាមៗ។
  ក្រោយកើតហេតុ  សមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោ  បានចុះមកដល់ចំណុចកើតហេតុ  និងបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  មកវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុក  រង់ចាំដោះស្រាយតាមច្បាប់នាពេលក្រោយ  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner