ព្រឹកនេះការប្រឡងបាក់ឌុបបានចាប់ផ្តើមរលូនល្អ ឯបេក្ខជនក៏ត្រូវបានការពារវិធានការខ្ពស់ពីជំងឺកូវីដ១៩

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃទី ២៧ខែធ្នូ ឆ្នាំ ២០២១នេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុប បានចាប់ផ្តើមទូទាំងប្រទេស ដោយដំណើរការយ៉ាងរលូនព្រមជាមួយនឹងវិធានការការពារយ៉ាងម៉ត់ចត់ពីជំងឺកូវីដ១៩ ។ ចាប់តាំងពីព្រឹកព្រលឹមទាំងគណៈមេប្រយោគ និងសិស្សានុសិស្សគ្រប់រូប បានពាក់ម៉ាស់ រក្សាគម្លាត ព្រមទាំងអនុវត្តតាមវិធានការសុខភាព និងសុវត្ថិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។


នៅមណ្ឌលប្រឡងវិទ្យាល័យ ព្រះស៊ីសុវត្ថិមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និង ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញបើកហឹបវិញ្ញាសាដោយផ្ទាល់ នៅការបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាបាក់ឌុបនេះ។

ដោយឡែកនៅតាមមណ្ឌលប្រឡងដទៃទៀតពោលគឺទូទាំងប្រទេស មានការបើកហឹបវិញ្ញាសាសម្រាប់ដំណើរវិញ្ញាសា ដោយមានការ ចូលរួមមន្រ្តី ថ្នាក់ដឹកនាំ រាជធានី ខេត្ត គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល អ្នកត្រួតពិនិត្យតាមអាគារ អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកពាក់ព័ន្ធ ចូលរួមដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។

គួរបញ្ជាក់ថាបេក្ខជនទាំងអស់បាន ចូលក្នុងមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ ។ សូមបញ្ជាក់ថាចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( ប្រវត្តិវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា)។

សូមរំលឹកថាក្នុងឆ្នាំសិក្សា ២០២០-២០២១ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣ នាក់ ស្រី ៦០ ៣៩៧ នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពី វិទ្យាល័យអប់រំពិសេស។ចំណែកមណ្ឌលសំណេរមានចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner