រដ្ឋមន្រ្តីក្រសួងអប់រំ៖សញ្ញាបត្របាក់ឌុបឆ្នាំនេះគឺមានតម្លៃខ្ពស់ដូចបណ្តាឆ្នាំមុនៗដោយគោរពគោលការណ៍ យ៉ាងត្រឹមត្រូវ

រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្ដេជ្ញាចិត្តដើម្បីធ្វើយ៉ាងណាឱ្យ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុបឆ្នាំនេះក៏ដូចជាសញ្ញាបត្រឆ្នាំមុនៗដែរ ពោលគឺជាសញ្ញាបត្រមួយដែលមានតម្លៃ គោរពទៅតាមគោលការណ៍របស់ក្រសួង គឺគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លារភាព និងគួរឲ្យទុកចិត្តបាន។

ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងពេលចុះទៅបើកហឹបវិញ្ញាសានៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្តិក្នុងរាជធានីភ្នំពេញ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានឱ្យដឹងថាក្រសួង មិនចង់បង្កើតឱ្យសិស្សថ្នាក់ទី១២ ដែលប្រឡងឆ្នាំនេះ មានការតូចចិត្តឬគេបង្អាប់គាត់ថា សញ្ញាបត្រកូវីដឡើយ មិនចង់ឱ្យមានការរើសអើង ឬក៏អារម្មណ៍ថាឆ្នាំនេះ អត់ជាងឆ្នាំមុនៗនោះដែរ។ហេតុនេះក្រសួងនឹងធ្វើឱ្យតម្លៃ សញ្ញាបត្រមានគុណភាពខ្ពស់ដូចគ្នា។

ឯកឧ្តតមបានមានប្រសាសន៍ថាក្រសួងអប់រំធ្វើយ៉ាងណាមិនឱ្យក្រុមហ៊ុន ឬមួយសាលារៀន រើសអើងសញ្ញាបត្រសិស្សាឆ្នាំ២០២១ឡើយ ម្ល៉ោះហើយក្រសួងនឹងបង្កលក្ខណៈជូនពួកគាត់ ធ្វើឱ្យសញ្ញាបត្រដ៏មានតម្លៃ។ ឯកឧត្តមរដ្ឋមន្ដ្រីសង្កត់ធ្ងន់ ថា៖ «ហេតុនេះក្រសួងអប់រំមានគោលដៅថា សិស្ស ត្រូវបង្កលក្ខណៈឲ្យគាត់ ដោយសារគាត់ជួបប្រទះបញ្ហាទាំងជីវភាព ទាំងការលំបាក ក្នុងការរៀនសូត្ររួចមកហើយ អញ្ចឹងបើមានបន្ទុកមួយទៀតថា សញ្ញាបត្រឆ្នាំនេះ មិនមែនជា សញ្ញាបត្រកូវីដ១៩ដ ដែលធ្វើឲ្យសិស្សហ្នឹងកាន់តែបាក់ទឹកចិត្តឡើយ»។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងដែរថា បើទោះបីជាឆ្នាំនេះ សាលារៀនបានបិទទ្វារដោយសារវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែយ៉ាងណាក្តី ក៏ក្រសួងអប់រំផ្តល់អាទិភាពខ្ពស់ ទៅដល់ថ្នាក់ទី៩ និងថ្នាក់ទី១២ ឲ្យខិតខំរៀនសូត្រ រួមទាំងពេលបើកសាលារៀនឡើងវិញផងដែរ ដែលធ្វើឲ្យពួកគាត់មានឱកាសច្រើនក្នុងការសិក្សារៀនសូត្រ។

គួរបញ្ជាក់ថាក្នុងឆ្នាំសិក្សា ២០២០-២០២១នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣ នាក់ ស្រី ៦០ ៣៩៧ នាក់។ បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពី វិទ្យាល័យអប់រំពិសេស។ចំណែកមណ្ឌលសំណេរមានចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner