ឆ្នាំសិក្សា២០២០-២០២១នេះ ខេត្តស្វាយរៀងមានបេក្ខជនបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប ៣.៨១១នាក់

ស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះបានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌលវិទ្យាល័យស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ឯកឧត្តម ម៉ែន វិបុល បានថ្លែងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ។ ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ ។

សូមបញ្ជាក់ថាឆ្នាំសិក្សា២០២០-២០២១នេះ ខេត្តស្វាយរៀងមានបេក្ខជនបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប ៣.៨១១នាក់ ស្រី ១.៩២៤នាក់ ចែកចេញជា ៧មណ្ឌល និង ១៥៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចំនួន ៨០៣នាក់ ស្រី៤៨២នាក់ ចែកចេញជា ០២មណ្ឌល (មាន៣៣បន្ទប់) រួមមាន មណ្ឌលវិទ្យាល័យ ហ៊ុនសែន ចេក និងមណ្ឌលវិទ្យាល័យ បឋមសិក្សា ហ៊ុន សែន កន្ទុយវ៉ៃ ។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ សង្គម មានបេក្ខជនចំនួន ៣.០០៨នាក់ ស្រី១.៤៤២នាក់ ចែកចេញជា ០៥មណ្ឌល (មាន ១២១បន្ទប់) រួមមាន មណ្ឌលវិទ្យាល័យស្វាយរៀងខាងជើង មណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង មណ្ឌលសាលាបឋមសិក្សាព្រះសីហនុ មណ្ឌលសាលាបឋមសិក្សា ២ធ្នូ និងមណ្ឌលសាលាគរុកោសល្យ និងវិក្រឹត្តិការខេត្ត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner