វិបត្តិសហភាពមីយ៉ាន់ម៉ា-លទ្ធផលដែលទទួលបានហួសពីការរំពឹងទុក


អត្ថាធិប្បាយ៖ វិបត្តិសហភាពមីយ៉ាន់ម៉ា-លទ្ធផលដែលទទួលបានហួសពីការរំពឹងទុក
ជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ទទួលបានលទ្ធផលហួសពីការរំពឹងទុក សូម្បីតែអ្នកដែលប្រឆាំងនឹងទស្សនកិច្ចនេះ ក៏សម្តែងការភ្ញាក់ផ្អើលមិនតិចដែរទេ ។
នៅព្រឹកថ្ងៃទី១០ ខែមករា ក្នុងពិធីសម្ពោធសមិទ្ធផលផ្លូវគមនាគមន៍តភ្ជាប់ពីខេត្តបាត់ដំបង់ទៅខេត្តបន្ទាយមានជ័យ ដែលជាអតីតដែនដីអតីតសមរភូមិដ៏ក្តៅគគុករបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា អ្វីដែលសម្រេចបានក្នុងជំនួបពិភាក្សារវាងរូបសម្តេចជាមួយ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាល រដ្ឋ និងជានាយករដ្ឋមន្រ្តីនៃសហភាពមីយ៉ាន់ម៉ា គឺបានឈានដល់ការពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ដោយមិនមានការរើសអើង និងការសន្ទនាជាមួយភាគីពាក់ព័ន្ធរបស់សហភាពមីយ៉ាន់ម៉ា។ ភាពឈ្លាសវៃ បទពិសោធន៍ដ៏សន្ធឹកសន្ទាប់នៃការចរចារបស់សម្តេចតេជោ ហ៊ុន សែន គឺការជ្រើសយកនូវបញ្ហាក្នុងចំណោមបណ្តាបញ្ហាដែលងាយស្រួលដោះស្រាយជាង ដើម្បីយកមកពិភាក្សាគ្នាជាមុន បន្ទាប់មកទើបឈានទៅដល់ការដោះស្រាយបញ្ហាដែលលំបាកជាក្រោយ ។ បទពិសោធន៍នេះត្រូវបានធ្វើដោយជោគជ័យនៅកម្ពុជា រំលត់បាននូវភ្នក់ភ្លើងសង្រ្គាម បង្កើតឡើងនូវសុខសន្តិភាព និងការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃនេះ ។ យើងទទួលស្គាល់ថា ស្ថានភាពជាក់ស្តែងក្នុងគ្រប់ទិដ្ឋភាពនៃបញ្ហារបស់មីយ៉ាន់ម៉ាមិន ដូចគ្នាទាំងស្រុងទៅនឹងកម្ពុជាទេ ប៉ុន្តែឲ្យតែគ្រប់ភាគីដែលពាក់ព័ន្ធមានចេតនាពិតប្រាកដក្នុងការដោះស្រាយ នោះគ្មានច្រកណាដែលថា ចេញមិនរួចនោះទេ ។
ទាក់ទងនឹងវិបត្តិនៅសហភាពមីយ៉ាន់ម៉ានេះ អាស៊ានមានគោលការណ៍ចំនួន៥ចំណុចសំខាន់ ដើម្បីដោះស្រាយរួចហើយ ហើយក៏មានការឯកភាពពីសហភាពមីយ៉ាន់ម៉ាដែរ គ្រាន់តែថាតើត្រូវដោះស្រាយដោយវិធីណា ដែលនេះជាបញ្ហានាពេលកន្លងមក។ ដំបូងបំផុតនៅពេលដែលគេឈានដល់ការឯកភាពគ្នាអំពីគោលការណ៍ដែលត្រូវដោះស្រាយ ហើយហេតុអ្វីចាំបាច់ដាក់លក្ខខណ្ឌបែបនេះ លក្ខខណ្ឌបែបនោះ មុននឹងចូលទៅអង្គុយតុចរចា។ នៅក្នុងចំណុចទី៥ នៃគោលការណ៍ទាំង៥ បានបញ្ជាក់ថា ប្រេសិតពិសេស និងគណៈប្រតិភូ នឹងធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ ។ ពាក្យថា ភាគីពាក់ព័ន្ធទាំងអស់ គឺសំដៅទៅលើគូជម្លោះទាំងអស់របស់មីយ៉ាន់ម៉ា ចុះហេតុអ្វីបានជាគេមិនធ្វើការជ្រើសរើសថា ត្រូវជួបជាមួយអ្នកណាមុនដើម្បីជាការរកច្រកចូល ហើយជំហានបន្ទាប់មកទៀតត្រូវជួបជាមួយភាគីណាទៀត ។ បេសកកម្មសម្តេចតេជោ ហ៊ុន សែន នៅមីយ៉ាន់ម៉ា គឺត្រូវជួបមេដឹកនាំសហភាពមីយ៉ាន់ម៉ា ដែលតាមរយៈនេះក៏បានឈានដល់ការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យអនុវត្តបទឈប់បាញ់គ្នា បញ្ឈប់រាល់អំពើហិង្សា កាត់បន្ថយភាពតានតឹង បើកផ្លូវឲ្យមានកិច្ចសន្ទនាដោយស្មារតីស្ថាបនារវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេចបានសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ ។ នេះគឺជាជោគជ័យធំណាស់ និងផ្តល់សារប្រយោជន៍សំខាន់ណាស់ មិនមែនសម្រាប់តែប្រជាជនមីយ៉ាន់ម៉ាមួយប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សហគមន៍អាស៊ាន និងអ្នកស្រឡាញ់សន្តិភាពទាំងអស់នៅលើផែនដី ។ ជោគជ័យនេះ គឺពិតជាបានមកអាស្រ័យដោយយុទ្ធវិធី និងយុទ្ធសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
យើងសាកល្បងគិតមើលថា បើគេនៅតែដាក់លក្ខខណ្ឌ ហើយលក្ខខណ្ឌនោះ គឺជាឧបសគ្គ ដែលមិនអាចឈានទៅដល់ការសម្រេចបាននូវចំណុចណាមួយនៃចំណុចទាំង៥ ដែលជាគោលការណ៍សម្រាប់ដោះស្រាយវិបត្តិនយោបាយនៅសហភាពមីយ៉ាន់ម៉ា តើអាចមានច្រកណាចេញរួចឬទេ ? ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានប្តូរផ្តាច់ធ្វើកិច្ចការនេះយ៉ាងអង់អាច ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹង និងបង្រួបបង្រួមគ្រួសារអាស៊ានឲ្យមូលជុំត្រកូលឡើងវិញគ្រប់១០ ។
ពិតណាស់ ពួកដែលប្រឆាំងមិនចង់ឲ្យសហភាពមីយ៉ាន់ម៉ាមានសន្តិភាព មិនចង់ឲ្យប្រជាជនមីយ៉ាន់ម៉ាមានសេចក្តីសុខ និងធ្លាក់ទៅក្នុងភាពទុរគត ដោយសារតែជម្លោះ ពិតជាមិនពេញចិត្តនូវអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានធ្វើបានជោគជ័យក្នុងពេលនេះទេ ។ ប៉ុន្តែអ្នកដែលស្រឡាញ់សន្តិភាពពិតប្រាកដ រាប់ទាំងប្រជាជនមីយ៉ាន់ម៉ា ភាគច្រើនលើសលប់ បានគាំទ្រអ្វីដែលសម្រេចបាននាពេលនេះ ដោយសង្ឃឹមថា មួយដំណាក់កាលម្តងៗ គ្រប់បញ្ហានឹងត្រូវបានដោះស្រាយ ហើយការបោះឆ្នោតដែលគ្រោងធ្វើនៅខែសីហា ឆ្នាំ២០២៣ នឹងសម្រេចបានជោគជ័យជាមិនខាន៕ ដោយ៖ វិទ្យុជាតិកម្ពុជា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner