សន្តិភាព ទើបធ្វើឲ្យក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានរួមចំនែកសកម្មភាពមនុស្សធម៌ជាច្រើន ជាពិសេសដឹកវ៉ាក់សាំងចាក់ជូនពលរដ្ឋ នៅខេត្តកោះកុង

បេសកម្មដឹកវ៉ាក់សាំងដូសទី៣ ចាក់ជូនប្រជាពលរដ្ឋ៥ស្រុក ក្នុងខេត្តកោះកុង ដែលចំណាយអស់ពេល១០ថ្ងៃ របស់ក្រុមមហាគ្រួសារថយន្ត OFF ROAD កម្ពុជា បានសហការជាមួយក្រសួងការពារជាតិ បានបញ្ចប់ហើយ ប្រកបដោយភាពជោគជ័យ ។ នេះបើយោងតាមការបញ្ជាក់ ពីលោក ញឹម សុវណ្ណារ៉ូ និងលោក ឈិន សីហា សមាជិកក្រុមមហាគ្រួសាររថយន្ត Off Road កម្ពុជាថ្លែងក្នុងបទសម្ភាសន៍ បន្ទាប់ពីបញ្ចប់បេសកម្មមនុស្សធម៌ដាក់វ៉ាក់សាំងចាក់ជូនពលរដ្ឋខេត្តកោះកុង ។


លោក ញឹម សុវណ្ណារ៉ូ បានបញ្ជាក់ថា ក្រុមហាគ្រួសាររថយន្ត Off Road កម្ពុជា មានឱកាសបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយដល់សង្គម តាមរយៈការសហការជាមួយក្រសួងការពារជាតិដឹកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ នៅខេត្តកោះកុងនេះ ដោយសារតែប្រទេសជាតិ មានសុខសន្តិភាព ទើបបង្កលក្ខណៈឲ្យក្រុមមហាគ្រួសាររថយន្ត OffRoad កម្ពុជា បានគៀងគរគ្នាប្រមូលផ្តុំចូលរួម ក្នុងកិច្ចការសង្គម ក្នុងនាមជាមហាគ្រួសារខ្មែរ ។ លោក បានឲ្យដឹងទៀតថា បេសកម្មដឹកវ៉ាក់សាំងដូសទី៣នេះ បានចាប់ផ្តើមពីថ្ងៃទី២ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ដឹកទៅកាន់៥ស្រុក ស្មើនឹង១០គោលដៅ ក្នុងខេត្ត ។ លោក អះអាងថា សកម្មភាពមនុស្សធម៌នេះ គឺក្រុមហាគ្រួសាររថយន្ត Off Road ទាំងអស់ បានស្ម័គ្រ ដើម្បីចូលរួមការពារអាយុជីវិតប្រជាពលរដ្ឋ ឲ្យរួចផុតពីជំងឺកូវីត-១៩ ដែលជាជំងឺកាចសហាវ ។


ដោយឡែកលោក ឈិន សីហា សមាជិក និងជាអ្នកសកម្មមួយរូប បានបញ្ជាក់ដែរថា មូលហេតុដែលក្រុមរថយន្តមហាគ្រួសារ Off Road កម្ពុជា ចូលរួមដឹកវ៉ាក់សាំងតែខេត្តកោះកុង ដោយសារតែខេត្តមួយនេះ មានផ្លូវលំបាកច្រើន ពោលសម្បូរផ្លូវភ្នំ ។ ដូច្នោះហើយទើបក្រុមហាគ្រួសាររថយន្ត Off Road កម្ពុជា នៅតែបន្តជួយ ហើយប្រសិនបើមានខេត្តផ្សេងធ្វើការស្នើរសុំនោះ សមាជិកក្រុម ពេញចិត្តទៅជួយ ដើម្បីការងារមនុស្សធម៌ជួយសង្គម ។
សូមបញ្ជាក់ថា បេសកម្មដឹកវ៉ាក់សាំងដូសទី៣ ចាក់ជូនប្រជាពលរដ្ឋ នៅខេត្ត កោះកុងចំណាយរយៈពេល១០ថ្ងៃ មានរថយន្តប្រមាណជាជាង១០គ្រឿង ដឹកទៅកាន់៥ស្រុក លើ១០គោលដៅសុទ្ធសឹងតែផ្លូវលំបាកដែលរថយន្តធម្មតាមិនអាចធ្វើដំណើរទៅបាន ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner