រដ្ឋមន្ត្រីការបរទេសវៀតណាមបញ្ជាក់ពីការគំាទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន និងAIPA នៅឆ្នាំ២០២២

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺនបានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យនៅក្នុងឋានៈជាប្រធានអាស៊ាន ( ASEAN) និងAIPA នៅឆ្នាំ២០២២នេះ ហើយភាគីវៀតណាមគំាទ្របេសកកម្មដ៏ឧត្តុង្គឧត្តមរបស់កម្ពុជានេះ។ ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភានារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

ក្នុងសវនាការនេះ រដ្ឋមន្ត្រីការបរទេសវៀតណាមបានស្នើសូមសម្តេចប្រធានរដ្ឋសភាជួយជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នរដ្ឋសភាប្រទេសទំាងពីរតាមការបង្កើនឱ្យមានដំណើរទស្សនកិច្ច និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកឱ្យបានញឹកញាប់ ទំាងក្នុងក្របខ័ណ្ឌសមាជិកសភាវ័យក្មេង ក្រុមមិត្តភាពសភា និងសមាជិកសភាស្រ្តី។ ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន ក៏បានស្នើសូមសម្តេចប្រធានរដ្ឋសភាជួយសម្រួល និងបង្កើនយន្តការដល់សកម្មភាពធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទំាងពីរឱ្យកាន់តែមានកំណើនឡើង។ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសវៀតណាមស្នើសូមសម្តេចជំរុញ និងលើកកម្ពស់ការគំាទ្រគ្នាទៅវិញទៅមករវាងស្ថាប័ននីតិបញ្ញត្តិប្រទេសទំាងពីរនៅលើវេទិការអន្តរជាតិនានាដូចជា APA, AIPA, IPU, APPF ជាដើម។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនសម្តេចពីលទ្ធផលការងារជាច្រើនដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាឱកាសនេះ។ ក្នុងនោះឯកឧត្តម បានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចប្រធានព្រឹទ្ធសភា និងបានពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាផងដែរ។ ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន បានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យនៅក្នុងឋានៈជាប្រធានASEAN និង AIPA នៅឆ្នាំនេះ ហើយភាគីវៀតណាមគំាទ្របេសកកម្មដ៏ឧត្តុង្គឧត្តមរបស់កម្ពុជានេះ។ ជាចុងបញ្ចប់តាងនាមថ្នាក់ដឹកនាំប្រទេសវៀតណាម ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលវេលាសមស្របណាមួយ។

ចំណែកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន នៅកម្ពុជាថាជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទំាងពីរដែលមានជាយូរមកហើយ នេះ ឱ្យកាន់តែប្រសើរខ្លាំងក្លាថែមទៀត។

សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន បានអបអរសាទរចំពោះ ខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរនៅឆ្នាំនេះ។ ឯកឧត្តម ប៊ួយ ថាញ់ ស៊ឺន បានសម្តែងការអបអរសាទរនិងក្តីរីករាយជាទីបំផុតចំពោះការរីកចម្រើនរបស់កម្ពុជាឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃនៅលើគ្រប់វិស័យ។ សម្តេចពញាចក្រី ហេង សំរិន បានទទួលយកសំណើរបស់ភាគីវៀតណាម និងបានសន្យាថាសសម្តេចនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលវេលាសមស្របណាមួយ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner