ខ្លាឃ្មុំធំ បង្ហាញខ្លួនក្នុងតំបន់ការពារធម្មជាតិកម្ពុជា

រាជធានីភ្នំពេញ៖ កាលពីថ្មីៗមកនេះក្រុមមន្ត្រីជំនាញនៃក្រសួងបរិស្ថានក្រៅពីបានរកឃើញប្រភេទខ្លាឃ្មុំតូចដែលកំពុងបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាហើយ គេក៏បានរកឃើញប្រភេទខ្លាឃ្មុំធំក៏កំពុងរស់នៅប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ថាប្រភេទខ្លាឃ្មុំធំនេះត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ក្រៅពីប្រភេទខ្លាឃ្មុំធំនៅមានសត្វកម្រជាច្រើនទៀតត្រូវគេថតបាន ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបងនិងកោះកុងកម្ពុជាកាលពីថ្មីៗមកនេះ។

ខ្លាឃ្មុំធំ មានឈ្មោះជាភាសាអង់គ្លេសថា Asiatic Black Bear និងមានឈ្មោះជាវិទ្យាសាស្រ្តថា Ursus thibetanus ។ខ្លាឃ្មុំធំ ជាប្រភេទខ្លាឃ្មុំមានមាឌធំជាងគេ ក្នុងចំណោមខ្លាឃ្មុំទាំងអស់ ដងខ្លួនគ្របដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរ (V) នៅខាងក្រោមក។ វាជាសត្វរស់នៅតែឯង និងរស់នៅជាគូរនៅរដូវបន្តពូជតែប៉ុណ្ណោះ ហើយចូលចិត្តរស់នៅតាមតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅក្រាស់ៗ។ ចំណីរបស់ខ្លាឃ្មុំធំមានដូចជា ឃ្មុំ ព្រួត ឫសឈើ សត្វល្អិត រុក្ខជាតិ។

យោងតាមរបាយណ៍សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង នៅភូមិភាគនិរតី ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) ជាដើម។ ខ្លាឃ្មុំធំស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល។

បើតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថានបានឱ្យដឹងដែរថា ក្នុងរយៈពេល ២.៥ ខែពីចុងខែតុលាឆ្នាំ២០២១ ដល់ដើមខែមករា ឆ្នាំ២០២២ នេះ ក្រសួងបរិស្ថានបានរកឃើញវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ រួមមាន៖ ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស និងប្រភេទថនិកសត្វ បក្សីមួយចំនួនទៀតមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner