តៃវ៉ាន់រាយការណ៍អំពីការជ្រៀតចូលដែនអាកាសរបស់ខ្លួនពីសំណាក់យន្តហោះចម្បាំងចិនក្នុងទ្រង់ទ្រាយធំ
តៃប៉ិ៖ តៃវ៉ាន់នៅថ្ងៃអាទិត្យម្សិលមិញបញ្ជាក់ថា យន្តហោះចម្បាំងចិនក្នុងចំនួនដ៏ច្រើនបំផុតគិតចាប់តាំងពីខែតុលាឆ្នាំមុន បានហោះចូលក្នុងដែនអាកាសរបស់ខ្លួន ហើយជាការឆ្លើយតបនោះ ខ្លួនបានបញ្ចេញយន្តហោះប្រដេញទៅព្រមានអោយយន្តហោះទាំង ៣៩គ្រឿងចេញឆ្ងាយទៅវិញ។
បើតាមក្រសួងការពារជាតិតៃវ៉ាន់ បេសកកម្មចុងក្រោយរបស់កងទ័ពអាកាសចិន រួមមានយន្តហោះប្រយុទ្ធ៣៤គ្រឿង យន្តហោះសង្គ្រាមអេឡិចត្រូនិច៤គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿង។ ពួកវាបានហោះនៅក្នុងតំបន់មួយឆ្ពោះទៅទិសឦសាននៃកោះប្រាតាស ហើយតៃវ៉ាន់បានបញ្ជូនយន្តហោះប្រដេញទៅព្រមានយន្តហោះចិន នៅពេលប្រព័ន្ធកាំជ្រួចក៏ត្រូវបានដាក់ត្រៀមខ្លួន និងតាមដានយន្តហោះចិនទាំងនេះ។
យ៉ាងណាមិញ គិតមកទល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបពីសំណាក់ចិននៅឡើយទេ ដែលកន្លងមកតែងបាននិយាយថា ការហោះដូច្នេះជាការហ្វឹកហាត់ក្នុងបំណងការពារអធិបតេយ្យភាពរបស់ខ្លួន៕ ប្រភព៖ Reuters