វេទិកាបង់ប្រាក់តាមអេឡិចត្រូនិករបស់ប្រទេសជប៉ុន មានសមត្ថភាពចាប់យកមុខរបស់អ្នកពាក់ម៉ាស់បាន
ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុន Glory កំពុងសាកល្បងប្រព័ន្ធទូទាត់ប្រាក់ដោយមិនប៉ះដៃ ដោយសម្គាល់មុខអតិថិជន ទោះបីជាពួកគេពាក់ម៉ាស់ក្ដី។
អភិបាលក្រុង Niigata លោក Yaichi Nakahara គឺជាអ្នកដំបូងគេដែលសាកល្បងប្រព័ន្ធនេះ នៅពេលកម្មវិធីចាប់ផ្តើមបើកដំណើរការកាលពីពាក់កណ្ដាលខែមករា។ លោកនិយាយថា៖ «វាលឿនជាងអ្វីដែលខ្ញុំគិតទៅទៀត។ ខ្ញុំចង់ឱ្យមនុស្សទទួលបានបទពិសោធន៍ភាពងាយស្រួលនៃបច្ចេកវិទ្យាទំនើបតាមរយៈសេវាកម្មប្រចាំថ្ងៃ»។
ជាមួយនឹងប្រព័ន្ធ BioPay របស់ Glory នៅពេលដែលអ្នកប្រើប្រាស់ចុះឈ្មោះ «មុខ» និងព័ត៌មានកាតឥណទាននៅលើគេហទំព័រ ពួកគេអាចបញ្ចប់ការទិញក្នុងរយៈពេលត្រឹមតែមួយវិនាទី ឬពីរវិនាទី ដោយគ្រាន់តែឈរនៅពីមុខថេប្លេត។ BioPay ត្រូវបានដំឡើងនៅហាង និងភោជនីយដ្ឋានចំនួន ១០ នៅក្រុង Niigata ក្នុងអ្វីដែលក្រុមហ៊ុនមានគោលបំណងប្រែក្លាយទៅជា «របៀបដើរទិញឥវ៉ាន់ដោយមិនប្រើដៃ»។
ក្រុមហ៊ុន Glory និយាយថា នេះគឺជាការសាកល្បងលើកដំបូងនៅក្នុងប្រទេសជប៉ុន។ Glory កំពុងទាញយកអត្ថប្រយោជន៍ពីការឧបត្ថម្ភធនដែលផ្តល់ដោយក្រុង Niigata សម្រាប់កម្មវិធីសាកល្បងបច្ចេកវិទ្យានានាដូចកម្មវិធីនេះ។ ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋានមានបំណងលើកទឹកចិត្តឱ្យអាជីវកម្មឆ្ពោះទៅរកឌីជីថលដើម្បីធ្វើឱ្យប្រតិបត្តិការកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុន។
ក្រុមហ៊ុន Glory ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩១៨ ដែលមានឯកទេសក្នុងការជួសជុលឧបករណ៍ផលិតអំពូលភ្លើង។ ឥឡូវនេះ ម៉ាស៊ីនទូទាត់សាច់ប្រាក់ និងសេវាកម្មទូទាត់ប្រាក់របស់ក្រុមហ៊ុន មាននៅក្នុងធនាគារ និងអជីវករលក់រាយជាង ១០០ ប្រទេស។
ប្រភព៖ Nikkie Asia