កូនឈើជាង ២០០០ដើម ត្រូវបានដាំឡើងវិញក្នុងតំបន់៣ នៃព្រៃលិចទឹកប្រមាណជាង ៤០ហិកតា ក្នុងក្រុងសៀមរាប

សៀមរាប ៖ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ដសៀមរាប បានដាំកូនឈើជាង ២០០០ដើម ដើម្បីស្តាឡើងវិញក្នុងតំបន់៣ នៃព្រៃលិចទឹកប្រមាណជាង ៤០ហិកតា ក្នុងក្រុងសៀមរាប ស្ថិតនៅបឹងពារាំងលើផ្ទៃដីដកហូតប្រមាណ៤០ហិកតា ក្នុងក្រុងសៀមរាប ក្នុងចំណោមព្រៃលិចទឹកសរុបជាង២ពាន់២រយហិកតាក្នុងខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម សូ ខនឬទ្ធិគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃអាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ង៉ាន់ ភីរុណ អភិបាលរងខេត្ត លោក ងួន សែប អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូដ្ឋាននៅក្រសួងបរិស្ថាន ប្រធាមន្ទីរ អង្គភាព ស្ថាប័នបាក់ព័ន្ធជាច្រើននាក់។

ឯកឧត្តម សូ ខនឬទ្ធិគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា បឹងទន្លេសាប ជាបឹងធម្មជាតិមួយដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយជាអាយុជីវិតរបស់ប្រទេសកម្ពុជាផងដែរ។ បឹងទន្លេសាបត្រូវបានចាត់ទុកថា ជាបេះដូងនៃប្រទេសកម្ពុជា ដែលបានផ្ដល់ភោគផល យ៉ាងសំបូរបែបដល់ប្រជាជនកម្ពុជា វាមានវិសាលភាពដូចទៅនឹងកូនសមុទ្រទឹកសាបមួយ ដោយនៅរដូវប្រាំងផ្ទៃបឹងរួមតូចត្រឹម២៧០០គីឡូម៉ែត្រក្រឡា និងនៅរដូវវស្សាផ្ទៃបឹងមានរហូតដល់១៦០០០ គីឡូម៉ែត្រក្រឡា ដូច្នេះបឹងទន្លេសាបានពង្រីកខ្លួននៅរដូវវស្សា ដោយពង្វាតផ្ទៃទឹកចូលទៅតាមតំបន់រនាម ដែលនៅជុំវិញនឹងបង្កលក្ខណៈអនុគ្រោះ ឲ្យត្រីពង កូន និងធំធាត់នៅតាមព្រៃរនាមទាំងនោះ កត្តានេះ ហើយដែលធ្វើឲ្យបឹងទន្លេសាបក្លាយជាប្រភពត្រីទឹកសាបដ៏ធំជាងគេនៅលើពិភពលោក។

លោក ងួន សែប អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូដ្ឋាននៅក្រសួងបរិស្ថាន បានលើកឡើងថា ការដាំកូនឈើស្ដារព្រៃលិចទឹកឡើងវិញនេះ ចែកចេញជាបីដំណាក់កាល ដោយដំណាកទី១លើផ្ទៃដីទំហំ៥ហិកតា ក្នុងក្រុងសៀមរាប មានជា២ពាន់ដើម ដំណាក់ការទី២ និងទី៣ មានផ្ទៃដីទំហំ៣៥ហិកតា ស្មើនឹងកូនឈើព្រៃលិចទឹកចម្រុះជាង១ម៉ឺនដើម។ ព្រៃលិចទឹកក្នុងតំបន់៣ដែលបានដកហូតពីប្រជាពលរដ្ឋនាពេលកន្លងមកនៅទូទាំងខេត្ដមានចំនួនជាង២ពាន់៤រយហិកតា ប៉ុន្ដែត្រូវបានដាំដើមឈើសាកល្បងក្នុងបីដំណាក់កាលនេះ នៅលើផ្ទៃដី៤០ហិកតា។

ដើមឈើដែលត្រូវដាំមាន៦ភេទ រូមមានប្រភេទដើមរាំង ដើមឬស្សីស្រុក ដើមឬស្សីព្រៃ ដើមសណ្ដាន់ ដើមម្ដេញ គ្រាប់ត្នោតជាដើម ចំពោះបច្ចេកទេសនៃការដាំកូនឈើ ត្រូវធ្វើឡើងទំហំ៥មគុណ៥ម ប្រវែងជួរ ៥ម និងចន្លោះពីដើមមួយទៅដើមមួយមានប្រវែង៥ម មានន័យថា ក្នុងមួយហិកតា អាចដាំបាន ៤០០ដើម។ ការដាំសាកល្បងនេះ គឺត្រូវកំណត់ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ នៅលើផ្ទៃដីដកហូត និងផ្ទៃដីប្រជាជនប្រគល់ជូនក្រុមការងារអន្តរ ក្រសួងវិញដែលជនខិលខូចបានរុករាន រំលោភកាន់កាប់ខុសច្បាប់មកវិញ ។

លោក ងួន សែប បានបញ្ជាក់ថា ដោយយោងតាមប្រសាសន៍ណែនាំដ៏ខ្ពងខ្ពង់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ២៨ ខែវិច្ឆិកា ២០២១ ត្រូវដកហូតដីដែលបានកាប់រុករាន រំលោភកាន់កាប់ខុសច្បាប់ នឹងត្រូវដាំឬស្សី និងកូនឈើព្រៃលិចទឹកជាច្រើនប្រភេទឡើងវិញ រួមមានឫស្សី ពឹងពុង ឬស្សីស្រុក ឫស្សីព្រៃ ដើមរាំងទឹក ដើមម្តេញ ដើមល្វា ដើមដង្កៀបក្តាមនិងសណ្ដាន់ នៅលើផ្ទៃដីដកសរុប៤៧,០១៤.៦៩ហិកតាក្នុងខេត្ដជាប់បឹងទន្លេសាប។

ដោយឡែកការដាំសាកល្បងជំហ៊ានទី១នេះ ក្រសួងបរិស្ថានបានកំណត់ដាំស្ដារសាកល្បងចំនួន២០០ហិកតា រួមមាន ខេត្តសៀមរាប៤០ហិកតា ក្នុងចំណោមផ្ទៃដីសរុប២,២៤៨.៦១ហិកតា ខេត្តកំពង់ឆ្នាំងដាំស្ដារសាកល្បង៥០ហិកតា ក្នុងផ្ទៃដីសរុបទំហំ២៧,៨៣៨.១៤ហិកតា ខេត្តបាត់ដំបងដាំសាកល្បង៤០លើផ្ទៃដីសរុបបជាង៤៣៤៧,១៥ហិកតា ខេត្តបន្ទាយមានជ័យដាំសាកល្បង២៥ហិកតា លើផ្ទៃដីសរុបជាង៣៤៧១ហិកតា និងខេត្តកំពង់ធំដាំសាកល្ប៤៥ហិកតា នៅលើផ្ទៃដីដកហូតសរុបជាង៩ម៉ឺនហិកតា ។ ការដាំកូនឈើនេះ ពាក់ព័ន្ធការថែទាំស្រោចទឹកមើលថែនោះ គឺខាងសហគមន៍បឹងពារាំងជាអ្នករ៉ាប់រងថែរក្សាការពារបន្ត ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner