មន្ត្រីនគរបាល៣រូបជួបគ្រោះ ពេលកំពុងនាំគ្នាដេញតាមចាប់ចោរឆក់
ប្រជាពលរដ្ឋខាងលើកំពុងដេញតាមចាប់ចោរឆ.ក់ជាមួយគ្នាលើដងផ្លូវតែមួយ។
ឧប្បត្តិហេតុខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២ នៅតាមផ្លូវឌួងងៀប ហៅផ្លូវសេះស ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ដែលរងគ្រោះខាងលើរួមមាន ១-លោកអនុសេនីយ៍ឯក ផេង ចាន់ថុន នាយរងប៉ុស្តិ៍ រងរបួសជើងដេរចំនួន៨ថ្នេរ ២-លោកអនុសេនីយ៍ឯក សោម ណារ៉ាន់ មន្ត្រីនគរបាលប៉ុស្តិ៍ រងរបួសរយះចង្ការធ្ងន់ធ្ងរ ដេរចំនួន១៤ថ្នេរ និងបាក់ធ្មេញអស់ចំនួន៤គ្រាប់ និង៣-លោកអនុសេនីយ៍ត្រី ប៉ែន ដារ៉ាហុងឡេង មន្ត្រីនគរបាលប៉ុស្តិ៍ របួសជង្គង់នឹងប្រអប់ដៃ។
មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១បានឱ្យដឹងថា នៅវេលាយប់កើតហេតុខាងលើ នគរបាលទាំង២នាក់បានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន តាមបណ្ដោយផ្លូវចោមចៅ ហៅផ្លូវវ៉េងស្រេង ។ លុះពេលទៅដល់ត្រង់ចំណុចផ្លូវច្រកចូលភូមិគោកបញ្ជាន់ ព្រំប្រទល់សង្កាត់ចោមចៅទី២ ក៏បានឮប្រជាពលរដ្ឋស្រែកថា«ចោរៗ » ហើយឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា ប៊ីត ពណ៌ខៀវលាយស មិនចាំស្លាកលេខ ចេញពីទីនោះ។
តាមប្រភពដដែលបានបន្តថា ពេលឃើញហេតុការណ៍បែបនេះ មន្ត្រីនគរបាលទាំង៣នាក់ក៏បានជិះម៉ូតូដេញពីក្រោយ ដើម្បីឃាត់ខ្លួនជនសង្ស័យ ប៉ុន្តែជនសង្ស័យអត់ឈប់ទេ និងបានជិះម៉ូតូគេចខ្លួនយ៉ាងលឿន ចំណែកប្រជាពលរដ្ឋ១ក្រុមទៀតក៏បានជួយដេញតាមចាប់ជនសង្ស័យដែរ រហូតដល់ផ្លូវឧកញ៉ា ឌួង ងៀប ហៅ ផ្លូវសេះស ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ស្រាប់តែប្រជាពលរដ្ឋបានជិះម៉ូតូជ្រុលបុ.កម៉ូតូមន្ត្រីនគរបាលរងគ្រោះ បណ្ដាលឲ្យដួលរងរបួសធ្ងន់និងមធ្យមតែម្ដង ដោយឡែកជនសង្ស័យគេចខ្លួនបាត់ស្រមោល។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុ មន្ត្រីនគរបាលទាំង៣រូបត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ ដែលស្ថិតនៅជិតប៉ុស្តិ៍ចោមចៅទី១នោះ ហើយនៅវេលាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ នេះ លោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះសួរសុខទុក្ខមន្ត្រីនគរបាលរងគ្រោះទាំង៣នាក់ ព្រមទាំងនាំយកថវិការបស់លោកឧត្ដមសេនីយ៍ឯកស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនឹងថវិការរបស់អធិការដ្ឋាននគរបាលខណ្ឌសរុបចំនួន២,៤០០,០០០រៀល(ពីរលានសែសិបម៉ឺនរៀល)ទៅឧបត្ថមដល់នគរបាលរងគ្រោះទាំង៣រូប ។ ចំណែកលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភដល់មន្ត្រីនគរបាលរងគ្រោះចំនួន៣,០០០,០០០រៀល(បីលានរៀល) ហើយសាលាខណ្ឌពោធិ៍សែនជ័យឧបត្ថម្ភ ចំនួន១,៨០០,០០០រៀល(មួយលានប៉ែតសិបម៉ឺនរៀល)ផងដែរ ៕