ឯកឧត្ដម ហ៊ុន ម៉ាណែត រំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព
ភ្នំពេញ៖ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៍បញ្ជាក់ថា”សន្តិភាព” គឺមានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងទ្វេរឡើងបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការបញ្ជាក់របស់ឯកឧត្ដមឧត្តម ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាសិក្សាមួយខ្នង កម្ពស់ពីរជាន់១២បន្ទប់ អគារទីចាត់ការមួយខ្នង និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៧ខែមករា ឆ្នាំ២០២២។
ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមិទ្ធផលដែលលេចជារូបរាងនាពេលនេះគឺផ្តើមចេញពីកត្តាប្រទេសជាតិយើងមានសន្តិភាពពេញលេញទូទាំងប្រទេស។ ដូច្នេះ “សន្តិភាព” គឺមានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើនខ្លាំងទ្វេឡើងបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមានអគារសិក្សាមួយខ្នង កម្ពស់ពីរជាន់ ស្មើ១២បន្ទប់ រួមនឹងសមិទ្ធផលនានា សរុបជាថវិកា ៤០៨.១៤០ ដុល្លារ។
សមិទ្ធផលខាងលើ គឺជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ព្រមទាំងសប្បុរសជនដែលជាអតីតសិស្សនៃវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង៕
ដោយៈពលជ័យ